លេវីវិន័យ 21
21
ច្បាប់សម្រាប់បូជាចារ្យ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ពួកបូជាចារ្យដែលជាកូនចៅរបស់អើរ៉ុនដូចតទៅ: បូជាចារ្យមិនត្រូវធ្វើឲ្យខ្លួនសៅហ្មង ដោយសារប៉ះពាល់សាកសពនរណាម្នាក់ ក្នុងចំណោមប្រជាជនរបស់ខ្លួនឡើយ 2លើកលែងតែគ្រួសារជិតដិតបំផុត ដូចជាម្ដាយឪពុក កូនប្រុសកូនស្រី និងបងប្អូនប្រុស។ 3គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រី ដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។ 4បូជាចារ្យមានមុខងារជាមេដឹកនាំក្នុងចំណោមប្រជាជនរបស់ខ្លួន ដូច្នេះ គាត់មិនត្រូវបន្ទាបបន្ថោកខ្លួនឯង ដោយបណ្ដោយឲ្យខ្លួនទៅជាសៅហ្មងឡើយ។ 5#លវ. ១៩.២៧-២៨; ទក. ១៤.១បូជាចារ្យមិនត្រូវកោរសក់ មិនត្រូវកោរជាយពុកចង្កា ឬធ្វើពិធីឆូតសាច់របស់ខ្លួនឡើយ។ 6ពួកគេត្រូវតែវិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនបន្ថោកព្រះនាមព្រះរបស់ខ្លួនទេ ដ្បិតពួកគេមានមុខងារថ្វាយយញ្ញបូជា និងអាហារដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែវិសុទ្ធ។ 7បូជាចារ្យមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូចមកធ្វើជាភរិយាឡើយ ហើយក៏មិនត្រូវយកស្ត្រីប្ដីលែងដែរ ព្រោះបូជាចារ្យត្រូវរក្សាខ្លួនឲ្យវិសុទ្ធ ថ្វាយព្រះរបស់ខ្លួន។ 8ចូរចាត់ទុកបូជាចារ្យជាមនុស្សវិសុទ្ធ ព្រោះគេយកអាហារទៅថ្វាយព្រះរបស់អ្នក។ គេជាមនុស្សវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។ 9ប្រសិនបើកូនស្រីរបស់បូជាចារ្យបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នាងនោះបន្ថោកឪពុករបស់ខ្លួន ដូច្នេះ ត្រូវយកនាងទៅដុតទាំងរស់។
10មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈ មិនត្រូវដកឈ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។ 11មហាបូជាចារ្យមិនត្រូវចូលទៅជិតសាកសព គឺសូម្បីតែសាកសពឪពុកម្ដាយរបស់គាត់ផ្ទាល់ក៏គាត់មិនត្រូវប៉ះពាល់ដែរ ព្រោះបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។ 12គាត់មិនត្រូវចេញពីទីសក្ការៈ ហើយបង្អាប់បង្អោនទីសក្ការៈព្រះរបស់ខ្លួនទេ ដ្បិតគាត់បានទទួលពិធីតែងតាំងដោយប្រេងនៃព្រះរបស់គាត់។ យើងជាព្រះអម្ចាស់។ 13គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី 14គឺមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀបការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។ 15ធ្វើដូច្នេះ គាត់មិនបង្ខូចពូជពង្សរបស់គាត់ នៅក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងប្រោសគាត់ឲ្យវិសុទ្ធ»។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 17«ចូរប្រាប់អើរ៉ុនដូចតទៅ: ក្នុងចំណោមពូជពង្សរបស់គាត់ នៅគ្រប់ជំនាន់ មិនត្រូវឲ្យនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកតង្វាយចូលទៅថ្វាយព្រះរបស់ខ្លួនឡើយ។ 18មនុស្សមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា 19មនុស្សកំបុតដៃ ឬកំបុតជើង 20មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែង ខូចពង។ 21ក្នុងចំណោមពូជពង្សរបស់បូជាចារ្យអើរ៉ុន អ្នកមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅថ្វាយព្រះរបស់ខ្លួនទេ។ 22គេអាចបរិភោគម្ហូបអាហាររបស់ព្រះជាម្ចាស់ ដែលជាអាហារដ៏វិសុទ្ធ និងអាហារដ៏វិសុទ្ធបំផុតនោះបាន 23តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជាព្រះអម្ចាស់ដែលបានធ្វើឲ្យទីនោះទៅជាវិសុទ្ធ»។ 24លោកម៉ូសេនាំយកព្រះបន្ទូលនេះទៅជម្រាបលោកអើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូល។
Nke Ahọpụtara Ugbu A:
លេវីវិន័យ 21: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.