លោកុប្បត្តិ 21
21
កំណើតរបស់អ៊ីសាក
1 ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ 2#ហប. ១១.១១លោកស្រីសារ៉ាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកអប្រាហាំ ក្នុងពេលលោកមានវ័យចាស់ជរា ត្រូវតាមពេលកំណត់ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោក។ 3លោកដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលលោកស្រីសារ៉ាបានបង្កើតជូនលោកថា “អ៊ីសាក”។ 4#លប. ១៧.១២; កក. ៧.៨ពេលអ៊ីសាកជាកូនកើតបានប្រាំបីថ្ងៃ លោកអប្រាហាំធ្វើពិធីកាត់ស្បែកឲ្យ ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់។ 5ពេលអ៊ីសាកជាកូនកើតមកនោះ លោកអប្រាហាំមានអាយុមួយរយឆ្នាំហើយ។ 6ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។ 7គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅលោកអប្រាហាំថា “ថ្ងៃមួយ អ្នកសារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនលោក ក្នុងគ្រាដែលលោកមានវ័យចាស់ណាស់ទៅហើយ»។
នាងហាការ និងអ៊ីស្មាអែល នៅវាលរហោស្ថាន
8លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ លោកអប្រាហាំរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅថ្ងៃផ្ដាច់ដោះនោះ។ 9លោកស្រីសារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលនាងហាការស្ត្រីសាសន៍អេស៊ីប បង្កើតជូនលោកអប្រាហាំ កំពុងតែសើចលេង 10#កាឡ. ៤.២៩-៣០គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្ដេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះទទួលមត៌ករួមជាមួយអ៊ីសាក កូនរបស់ខ្ញុំឡើយ»។ 11ពាក្យនេះធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។ 12#រ៉ូម. ៩.៧; ហប. ១១.១៨ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាមពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។ 13រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។
14ស្អែកឡើងលោកអប្រាហាំក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹក ប្រគល់ឲ្យនាងហាការ ដោយលើកដាក់លើ-កនាង។ លោកក៏ប្រគល់កូនទៅឲ្យនាង រួចប្រាប់នាងឲ្យចេញទៅ។ នាងហាការចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។ 15ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ 16រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។ 17ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ 18ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។ 19ព្រះជាម្ចាស់បានប្រោសឲ្យនាងឃើញអណ្ដូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
20ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។ 21អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្ដាយក៏ដណ្ដឹងកូនស្រីជាតិអេស៊ីបម្នាក់មកឲ្យធ្វើជាភរិយា។
លោកអប្រាហាំចងសម្ពន្ធមេត្រីជាមួយព្រះបាទអប៊ីម៉ាឡិច
22 #
លប. ២៦.២៦
នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិចយាងមកជួបលោកអប្រាហាំ ដោយមានលោកភីកុល ជាមេទ័ពរបស់ព្រះអង្គមកជាមួយដែរ។ ស្ដេចមានរាជឱង្ការទៅលោកដូចតទៅ៖ «ព្រះជាម្ចាស់គង់ជាមួយលោកក្នុងគ្រប់កិច្ចការដែលលោកធ្វើ។ 23ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។ 24លោកអប្រាហាំទូលស្ដេចថា៖ «ទូលបង្គំសូមស្បថដូច្នេះ!»។ 25ប៉ុន្តែ លោកអប្រាហាំប្ដឹងព្រះបាទអប៊ីម៉ាឡិចស្ដីអំពីអណ្ដូងទឹក ដែលប្រជារាស្ត្ររបស់ព្រះបាទអប៊ីម៉ាឡិចបានដណ្ដើមយកពីលោក។ 26ព្រះបាទអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះលោកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
27លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីម៉ាឡិច រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។ 28លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។ 29ព្រះបាទអប៊ីម៉ាឡិចសួរលោកថា៖ «លោកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។ 30លោកតបថា៖ «សូមទ្រង់មេត្តាទទួលយកចៀមទាំងប្រាំពីរនេះពីដៃទូលបង្គំផ្ទាល់ ដើម្បីបញ្ជាក់ថា ទូលបង្គំពិតជាបានជីកអណ្ដូងទឹកនោះមែន»។ 31ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “បៀរសេបា”#២១.៣១ «បៀរសេបា» មានន័យថា អណ្ដូងប្រាំពីរ ឬអណ្ដូងនៃសម្បថ។ ដ្បិតនៅកន្លែងនោះហើយដែលលោកទាំងពីរបានស្បថនឹងគ្នាទៅវិញទៅមក។ 32ដូច្នេះ លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចក៏ចេញដំណើរជាមួយលោកភីកុល មេទ័ពរបស់ស្ដេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ 33លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយលោកគោរពបម្រើព្រះដ៏គង់នៅអស់កល្បជានិច្ច ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។ 34លោកអប្រាហាំស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលយ៉ាងយូរ។
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 21: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.