និក្ខមនំ 8
8
1ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖#៨.១ ព្រះគម្ពីរជាភាសាខ្មែរបច្ចុប្បន្នបានប្រើលេខ ខ តាមព្រះគម្ពីរឡាតាំង ដែលចំពូក ៨.១ ចាប់ផ្ដើមពីត្រង់នេះទៅ។ ដូច្នេះ នៅចំពូក ៨ មានលេខបួនខច្រើនជាង នៅក្នុងព្រះគម្ពីរជាភាសាហេប្រឺ ដែលព្រះគម្ពីរភាសាខ្មែរសម្រាយយកធ្វើជាគោល។ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ 2ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបឲ្យមកបំផ្លាញទឹកដីរបស់អ្នក។ 3កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងក្រឡាបន្ទំរបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជារាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។ 4វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ដ្ររបស់អ្នកទៀតផង”»។
5 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់អើរ៉ុនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និងត្រពាំង ដើម្បីឲ្យកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប”»។ 6លោកអើរ៉ុនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។ 7ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។ 8ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរអង្វរព្រះអម្ចាស់ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ដ្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់!»។ 9លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណាមេត្តាកំណត់ពេលវេលា ដែលទូលបង្គំត្រូវអង្វរព្រះអម្ចាស់សម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ 10ព្រះចៅផារ៉ោនពោលថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនឹងធ្វើតាមព្រះរាជឱង្ការ ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា គ្មានព្រះឯណាដូចព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឡើយ។ 11កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
12បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចាកចេញពីព្រះចៅផារ៉ោន ហើយលោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ សូមព្រះអង្គដកកង្កែបដែលព្រះអង្គនាំមកធ្វើទុក្ខស្ដេចផារ៉ោន។ 13ព្រះអម្ចាស់ក៏ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺកង្កែបបានងាប់នៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។ 14គេប្រមូលខ្មោចកង្កែបគរជាគំនរ ហើយមានក្លិនស្អុយពាសពេញស្រុក។
15ពេលឃើញកង្កែបងាប់អស់ហើយនោះ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
គ្រោះកាចទីបី: មូស
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស#៨.១៦ ក្នុងភាសាហេប្រឺ ជាឈ្មោះសត្វដែលយើងស្គាល់ពុំច្បាស់។ គម្ពីរខ្លះបកប្រែថា «ដង្កូវ» ឬ«ចៃ»។ នៅពាសពេញស្រុកអេស៊ីប»។ 17លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអើរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វ នៅស្រុកអេស៊ីបទាំងមូល។ 18ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ 19#លក. ១១.២០ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
គ្រោះកាចទីបួន: រុយ
20 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅទន្លេ ហើយទូលស្ដេចដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ 21ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ 22ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។ 23យើងមិនបណ្តោយឲ្យប្រជារាស្ដ្ររបស់យើង រងគ្រោះដោយសាររុយជាមួយប្រជារាស្ដ្ររបស់អ្នកទេ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។
24 ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្ដេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។
25ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរធ្វើយញ្ញបូជាថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ 26ប៉ុន្តែ លោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។#៨.២៦ ជនជាតិអេស៊ីបចាត់ទុកសត្វមួយចំនួនដូចព្រះ ហេតុនេះ ពួកគេមិនពេញចិត្តនឹងឃើញជនជាតិអ៊ីស្រាអែលយកសត្វទៅសម្លាប់ធ្វើយញ្ញបូជាឡើយ។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។ 27យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ តាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។ 28ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា នៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរទូលអង្វរព្រះអង្គឲ្យយើងផង»។ 29លោកម៉ូសេតបថា៖ «ពេលចាកចេញពីព្រះករុណាទៅ ទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណា ពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ឡើយ»។ 30លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ 31ព្រះអម្ចាស់ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺព្រះអង្គបំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្ដេច ឥតមានទុកឲ្យនៅសល់មួយឡើយ។
32ប៉ុន្តែ ម្ដងនេះទៀត ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅទេ។
Nke Ahọpụtara Ugbu A:
និក្ខមនំ 8: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.