និក្ខមនំ 37
37
ហិបនៃសម្ពន្ធមេត្រី
1លោកបេតសាលាលធ្វើហិបមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ 2លោកយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ធ្វើពីមាសដែរ។ 3លោកធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ 4គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ 5គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ 6គាត់ធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ 7លោកយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគម្របហិបទាំងសងខាង 8លោកដាក់ភ្ជាប់រូបចេរូប៊ីនទាំងពីរនោះទៅនឹងគម្របហិប គឺចេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ 9រូបចេរូប៊ីនទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។
តុដាក់នំប៉័ងថ្វាយព្រះជាម្ចាស់
10លោកធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ 11លោកយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ 12នៅតាមជ្រុងទាំងបួន លោកធ្វើក្របដែលមានកម្ពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។ 13លោកបានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ 14កងមាសទាំងបួនស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ 15លោកយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ 16លោកយកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។
ជើងចង្កៀង
17លោកយកមាសសុទ្ធតែមួយដុំមកដំ ធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះមានឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ 18មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ 19ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ 20រីឯតួដែលនៅកណ្ដាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ 21មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ 22ស្រទាប់ផ្កាក្រពុំ និងមែក មានឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ 23លោកបានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកម្ទេចប្រឆេះ។ 24លោកប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
អាសនៈសម្រាប់ដុតគ្រឿងក្រអូប
25លោកធ្វើអាសនៈសម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកម្ពស់ពីរហត្ថ។ ស្នែងរបស់អាសនៈស្ថិតនៅជាប់នឹងមុមទាំងបួន។ 26លោកស្រោបអាសនៈទាំងមូលដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ 27លោកធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ 28លោកធ្វើឈើស្នែងពីរអំពីឈើនាងនួន ហើយស្រោបមាសផង។ 29#នក. ៣០.២២-៣៨លោកក៏បានធ្វើប្រេង ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ និងប្រេងក្រអូប ជាប្រេងបរិសុទ្ធ ដែលផ្សំឡើងតាមវិធីចម្រាញ់ប្រេងរបស់អ្នកធ្វើទឹកអប់។
Nke Ahọpụtara Ugbu A:
និក្ខមនំ 37: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.