និក្ខមនំ 26
26
ព្រះពន្លា
1ចូរធ្វើព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះត្រូវប៉ាក់លំអដោយរូបចេរូប៊ីន*។ 2ផ្ទាំងក្រណាត់ទាំងអស់ត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ 3ត្រូវដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀតក៏ត្រូវដេរជាប់គ្នាដែរ។ 4ត្រូវយកអំបោះពណ៌ស្វាយវេញធ្វើខ្សែដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ 5ត្រូវមានខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកង ដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរនេះ ត្រូវនៅទន្ទឹមគ្នា។ 6ចូរធ្វើតម្ពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
7បន្ទាប់មក ត្រូវត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងអំពីរោមពពែ សម្រាប់គ្របពីលើព្រះពន្លា។ 8ផ្ទាំងក្រណាត់ទាំងដប់មួយត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។ 9មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខពន្លា។ 10ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ 11ត្រូវធ្វើតម្ពក់លង្ហិនចំនួនហាសិប សម្រាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីឲ្យបានទៅជាក្រណាត់តែមួយផ្ទាំង។ 12ក្រណាត់ដែលគ្របពីលើព្រះពន្លានេះ ត្រូវមានទំហំវែងជាងព្រះពន្លា ពាក់កណ្ដាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយព្រះពន្លា។ 13រីឯក្រណាត់ដែលលើសមួយហត្ថទាំងសងខាងនៅតាមបណ្ដោយផ្ទាំងធំ ត្រូវទម្លាក់ទៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លានេះ។ 14ត្រូវយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
15ចូរយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរ ទ្រក្រណាត់ព្រះពន្លានោះ 16ស៊ុមនីមួយៗត្រូវមានកម្ពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ 17នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។ 18ត្រូវធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងព្រះពន្លា។ 19ត្រូវធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ 20នៅប៉ែកខាងជើងព្រះពន្លា ត្រូវធ្វើស៊ុមចំនួនម្ភៃ 21និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសម្រាប់ស៊ុមមួយ។ 22នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច ត្រូវធ្វើស៊ុមចំនួនប្រាំមួយ។ 23ត្រូវធ្វើស៊ុមពីរទៀត សម្រាប់ជ្រុងខាងក្រោយព្រះពន្លា។ 24ស៊ុមនៅជ្រុងទាំងពីរនេះមានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ 25ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសម្រាប់ស៊ុមនីមួយៗ។ 26ត្រូវយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា 27ឈើទទឹងប្រាំ សម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀតសម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។ 28ឈើទទឹងដែលនៅកណ្ដាល ត្រូវតែដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ 29ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។
30ចូរដំឡើងព្រះពន្លាតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
31ចូរធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអដោយរូបចេរូប៊ីន។ 32ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ 33#ហប. ៦.១៩, ៩.៣-៥ត្រូវយកតម្ពក់ទាំងនោះមកថ្ពក់វាំងនន រួចយកហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា ទៅដាក់នៅខាងក្រោយវាំងនន។ វាំងនននេះខណ្ឌទីសក្ការៈ និងទីសក្ការៈបំផុត ឲ្យនៅដាច់ពីគ្នា។ 34បន្ទាប់មក ត្រូវយកគម្របមកគ្របលើហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងទីសក្ការៈបំផុត។ 35ត្រូវដាក់តុនៅខាងមុខវាំងនន ប៉ែកខាងជើង ហើយដាក់ជើងចង្កៀងនៅចំពីមុខតុ គឺនៅប៉ែកខាងត្បូង។
36រីឯទ្វារចូលព្រះពន្លា ត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។ 37ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយតម្ពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំសម្រាប់ទ្រសសរទាំងនោះ។
Nke Ahọpụtara Ugbu A:
និក្ខមនំ 26: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.