និក្ខមនំ 21
21
វិន័យសម្រាប់អ្នកបម្រើជាតិហេប្រឺ
1នេះជាវិន័យផ្សេងៗដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលឲ្យអនុវត្តតាម: 2#លវ. ២៥.៣៩-៤៦ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។ 3បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។ 4ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុសកូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។ 5ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ 6នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
7ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។ 8ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះ ជាការបោកប្រាស់។ 9ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់សម្រាប់កូនស្រី។ 10ប្រសិនបើចៅហ្វាយយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអ្វីៗពីប្រពន្ធមុនឡើយ ទោះជាម្ហូបអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធក្ដី។ 11ប្រសិនបើគាត់ប្រព្រឹត្តចំពោះនាង មិនត្រឹមត្រូវតាមលក្ខខណ្ឌទាំងបីនេះទេ នាងអាចទទួលសេរីភាព ហើយចាកចេញទៅដោយមិនបាច់បង់ថ្លៃអ្វីឡើយ។
កំហុសដែលត្រូវទទួលទោសដល់ស្លាប់
12 #
លវ. ២៤.១៧
អ្នកណាវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។ 13#ជគ. ៣៥.១០-៣៤; ទក. ១៩.១-១៣; យស. ២០.១-៩ប្រសិនអ្នកនោះធ្វើឲ្យគេស្លាប់ដោយអចេតនា យើងនឹងបង្កើតកន្លែងមួយ សម្រាប់ឲ្យគេរត់ទៅជ្រកកោន។ 14ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្ដី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ#២១.១៤ នៅជំនាន់ដើម អ្នកដែលបានប្រព្រឹត្តខុស តែងតែរត់ទៅជ្រកនៅក្បែរអាសនៈ និងទីសក្ការៈ (សូមអាន ១ពង្ស. ១.៥០-៥៣, ២.២៨-៣៤)។។
15អ្នកណាវាយមាតាបិតា អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
16 #
ទក. ២៤.៧
អ្នកណាចាប់មនុស្សយកទៅលក់ ឬទុកនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
17 #
លវ. ២០.៩; មថ. ១៥.៤; មក. ៧.១០ អ្នកណាជេរប្រទេចផ្ដាសាមាតាបិតា អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
ច្បាប់ស្ដីអំពីការធ្វើឲ្យគេរបួស
18នៅពេលឈ្លោះគ្នា ប្រសិនបើម្នាក់យកដុំថ្មគប់ ឬដាល់គូវិវាទរបស់ខ្លួន រហូតដល់របួសធ្ងន់ តែមិនស្លាប់ទេ 19ហើយប្រសិនបើអ្នករបួសនោះងើបដើរចេញទៅក្រៅបាន ដោយប្រើឈើច្រត់ អ្នកវាយគេមិនត្រូវទទួលទោសទេ។ ប៉ុន្តែ គាត់ត្រូវសងជំងឺចិត្ត ព្រោះអ្នករបួសមិនអាចធ្វើការបាន គឺត្រូវសងថ្លៃមើលជំងឺរបស់គេ រហូតដល់ជាសះស្បើយផងដែរ។
20ប្រសិនបើអ្នកណាយកដំបងវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន រហូតដល់ស្លាប់នៅនឹងកន្លែង នោះគាត់ត្រូវតែទទួលទោស។ 21ប្រសិនបើខ្ញុំបម្រើនោះរស់បានមួយថ្ងៃ ឬពីរថ្ងៃ ចៅហ្វាយមិនត្រូវទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាសម្បត្តិរបស់គាត់។
22ពេលឈ្លោះគ្នា ប្រសិនបើមានការជ្រុលជ្រួសទៅលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាងទេ អ្នកបង្កគ្រោះថ្នាក់នោះត្រូវសងជំងឺចិត្ត តាមការទាមទាររបស់ប្ដីនាង ក្រោយពេលអាជ្ញាកណ្ដាលរកខុសត្រូវឲ្យ។ 23ប៉ុន្តែ បើស្ត្រីនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អ្នកបង្កគ្រោះថ្នាក់ត្រូវតែទទួលទោស: ជីវិតសងដោយជីវិត 24#លវ. ២៤.១៩-២០; ទក. ១៩.២១; មថ. ៥.៣៨ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង 25ស្នាមរលាកសងដោយស្នាមរលាក ស្នាមរបួសសងដោយស្នាមរបួស ស្នាមជាំសងដោយស្នាមជាំ។
26ប្រសិនបើអ្នកណាវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន ធ្វើឲ្យគេខ្វាក់ភ្នែកម្ខាង អ្នកនោះត្រូវតែផ្ដល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែភ្នែកខ្វាក់។ 27ប្រសិនបើគាត់ធ្វើឲ្យខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន បាក់ធ្មេញមួយ គាត់ត្រូវតែផ្ដល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែធ្មេញបាក់នោះ។
28ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ តែមិនត្រូវបរិភោគសាច់វាឡើយ។ រីឯម្ចាស់គោគ្មានទោសអ្វីទេ។ 29ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ 30ប្រសិនបើគេទាមទារឲ្យម្ចាស់គោបង់ប្រាក់លោះជីវិតខ្លួន នោះគាត់ត្រូវតែបង់ប្រាក់ទាំងប៉ុន្មានដែលគេបង្គាប់។ 31ក្នុងករណីដែលគោជល់កូនប្រុស ឬកូនស្រីក្ដី ក៏ត្រូវយកច្បាប់នេះមកអនុវត្តដែរ។ 32ប្រសិនបើគោជល់ខ្ញុំបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវតែសងប្រាក់សាមសិបដួង* ទៅឲ្យចៅហ្វាយជនរងគ្រោះ រីឯគោវិញ ត្រូវយកដុំថ្មគប់សម្លាប់ចោល។
33ប្រសិនបើអ្នកណាទុកអណ្ដូងឲ្យនៅចំហ ឬជីកអណ្ដូង តែមិនបានគ្រប រួចមានគោ ឬលាធ្លាក់ទៅក្នុងអណ្ដូងនោះ 34ម្ចាស់អណ្ដូងត្រូវសងតម្លៃសត្វ ជាប្រាក់ទៅឲ្យម្ចាស់សត្វ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។ 35ប្រសិនបើគោរបស់នរណាម្នាក់ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។ 36ប៉ុន្តែ ប្រសិនបើម្ចាស់ដឹងថា គោរបស់ខ្លួនធ្លាប់ជល់គេ តែគាត់មិនយកចិត្តទុកដាក់មើលវាទេ ម្ចាស់គោត្រូវតែសងគោមួយទៀតជំនួសគោដែលងាប់នោះ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។
Nke Ahọpụtara Ugbu A:
និក្ខមនំ 21: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.