កិច្ចការ 20
20
លោកប៉ូលធ្វើដំណើរទៅស្រុកម៉ាសេដូន និងស្រុកក្រិក
1លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។ 2លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក 3ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ 4អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុស ជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។ 5បងប្អូនទាំងនេះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងត្រូអាស 6ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ* យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
លោកប៉ូលប្រោសអ៊ើទីកុសឲ្យរស់ឡើងវិញនៅក្រុងត្រូអាស
7នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ#២០.៧ «គឺថ្ងៃអាទិត្យ» ជាថ្ងៃដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ក្រោយមកហៅថា «ថ្ងៃរបស់ព្រះអម្ចាស់»។ យើងអាចបកប្រែម្យ៉ាងទៀតថា «នៅល្ងាចថ្ងៃសៅរ៍…» ព្រោះតាមអត្ថបទ យើងឃើញថាគេប្រជុំគ្នានៅពេលយប់ គឺនៅយប់ថ្ងៃសៅរ៍ ដ្បិតជនជាតិយូដារាប់ថ្ងៃនីមួយៗចាប់តាំងពីពេលថ្ងៃលិចពីម្សិលមក។ យើងបានជួបជុំគ្នា ដើម្បីធ្វើពិធីកាច់នំប៉័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។ 8ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
9ពេលលោកប៉ូលកំពុងតែមានប្រសាសន៍យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។ 10លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើង ទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។ 11កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំប៉័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។ 12គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្តឥតឧបមា។
លោកប៉ូលនៅក្រុងមីលេត
13រីឯយើងវិញ យើងបានចុះសំពៅទៅមុន ធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។ 14កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។ 15យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបី យើងក៏បានទៅដល់ក្រុងមីលេត។ 16លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប#២០.១៦ សូមអានសេចក្ដីពន្យល់នៅកិច្ចការ ២.១។ ប្រសិនបើអាចធ្វើទៅបាន។
លោកប៉ូលមានប្រសាសន៍ទៅកាន់ក្រុមព្រឹទ្ធាចារ្យ ដែលមកពីក្រុងអេភេសូ
17លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។ 18លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖
«បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ 19គឺខ្ញុំបានបម្រើព្រះអម្ចាស់ ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ 20ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ 21ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិក កែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។
22ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថានឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ 23គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ 24#២ធម. ៤.៧ប៉ុន្តែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាពអំពីដំណឹងល្អ*នៃព្រះគុណរបស់ព្រះជាម្ចាស់។
25ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នា ទាំងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះ ខ្ញុំដឹងថាបងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ 26ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពឲ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ 27ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ 28ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ 29ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ 30ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមគេទៀតផង។ 31ហេតុនេះ សូមបងប្អូនប្រុងស្មារតីឲ្យមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូបទាំងទឹកភ្នែក ក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។
32ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ* ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។ 33ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរណាឡើយ។ 34បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ 35ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថា: “បើឲ្យ នោះនឹងបានសុភមង្គលច្រើនជាងទទួល”»។ 36លោកមានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះអធិស្ឋានជាមួយពួកគេទាំងអស់គ្នា។ 37ពួកព្រឹទ្ធាចារ្យទាំងនោះនាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបលោកទៀតផង 38ជាពិសេស គេព្រួយចិត្តមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោករហូតដល់សំពៅ។
Nke Ahọpụtara Ugbu A:
កិច្ចការ 20: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.