លោកុប្បត្តិ 21
21
1ព្រះយេហូវ៉ាទ្រង់ក៏ប្រោសដល់សារ៉ា ដូចជាទ្រង់បានមានបន្ទូល គឺទ្រង់ធ្វើសំរេចឲ្យសារ៉ា តាមដែលទ្រង់សន្យា 2សារ៉ាមានទំងន់បង្កើតបានកូនប្រុស១ឲ្យអ័ប្រាហាំ ក្នុងកាលដែលគាត់ចាស់ហើយ ត្រូវតាមពេលកំណត់ដែលទ្រង់បានប្រាប់គាត់ 3អ័ប្រាហាំគាត់ដាក់ឈ្មោះឲ្យកូនដែលសារ៉ាបានបង្កើតនោះថា អ៊ីសាក 4លុះកើតមកបាន៨ថ្ងៃ នោះអ័ប្រាហាំក៏កាត់ស្បែកឲ្យ ដូចជាព្រះទ្រង់បង្គាប់មក 5អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយ ក្នុងកាលដែលអ៊ីសាកកូនគាត់កើតមក។
6សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ 7នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែ អញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។ 8ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។
9សារ៉ាឃើញកូនដែលហាការជាសាសន៍អេស៊ីព្ទបានបង្កើតឲ្យអ័ប្រាហាំវាសើចឡកឲ្យ 10នោះនាងនិយាយនឹងអ័ប្រាហាំថា ចូរបណ្តេញបាវស្រីនេះ នឹងកូនវាចេញទៅ ដ្បិតកូនរបស់បាវស្រីនេះមិនត្រូវស៊ីមរដកជាមួយនឹងអ៊ីសាកកូនខ្ញុំទេ 11តែសេចក្ដីនោះនាំឲ្យអ័ប្រាហាំពិបាកចិត្តណាស់ ដោយព្រោះកូនគាត់ 12រួចព្រះទ្រង់មានបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ 13ឯកូនរបស់បាវស្រី នោះគង់តែអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១ដែរ ព្រោះវាជាពូជឯង 14នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង នឹងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា 15ឯទឹកក្នុងថង់ស្បែកក៏អស់ទៅ រួចនាងចោលកូននៅក្រោមដើមឈើតូច១ 16ហើយថយទៅអង្គុយប្រឈមមុខនឹងវា ចំងាយទី១ជួរធ្នូ ដោយគិតថា កុំឲ្យអញឃើញកូនស្លាប់ឡើយ ដូច្នេះ នាងក៏អង្គុយប្រឈមមុខនឹងកូន ស្រែកយំឡើង 17ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ ហើយទេវតានៃព្រះក៏ហៅហាការពីលើមេឃសួរថា វាថ្វី ហាការអើយ កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ 18ចូរក្រោកឡើងទៅលើកកូនមក ដ្បិតអញនឹងធ្វើឲ្យវាត្រឡប់ជាសាសន៍១យ៉ាងធំ 19រួចព្រះទ្រង់បំភ្លឺភ្នែកហាការឲ្យឃើញអណ្តូងទឹក១ នាងក៏ទៅដងដាក់ពេញថង់ស្បែកយកមកឲ្យកូនផឹក 20ព្រះទ្រង់ក៏គង់ជាមួយនឹងកូនជំទង់នោះ វាកាន់តែធំឡើង ហើយនៅតែក្នុងទីរហោស្ថាន ក៏បានត្រឡប់ជាអ្នកប្រមាញ់ធ្នូ 21វាអាស្រ័យនៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយក៏នាំយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទមកឲ្យធ្វើជាប្រពន្ធ។
22នៅវេលានោះ អ័ប៊ីម៉្មាឡិច នឹងភីកុល ជាមេទ័ពទ្រង់ក៏មកនិយាយនឹងអ័ប្រាហាំថា ព្រះទ្រង់គង់ជាមួយនឹងអ្នកក្នុងគ្រប់ការដែលអ្នកធ្វើ 23ដូច្នេះ សូមឲ្យអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវ ថាអ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅខ្ញុំតរៀងទៅ ដោយសេចក្ដីភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ ហើយស្រុកដែលអ្នកបានសំណាក់នៅនេះដោយសេចក្ដីសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ 24អ័ប្រាហាំទូលឆ្លើយថា ទូលបង្គំសុខចិត្តស្បថ 25តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក 26អ័ប៊ីម៉្មាឡិចក៏ឆ្លើយថា ខ្ញុំមិនដឹងជាអ្នកណាបានធ្វើការនោះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំឥតបានឮអ្វីឡើយ ដរាបដល់ថ្ងៃនេះ 27អ័ប្រាហាំគាត់យកចៀមនឹងគោមកថ្វាយអ័ប៊ីម៉្មាឡិច រួចក៏តាំងសញ្ញានឹងគ្នាទៅវិញទៅមក 28អ័ប្រាហាំគាត់ដាក់កូនចៀម៧ដោយខ្លួន 29នោះអ័ប៊ីម៉្មាឡិចសួរថា កូនចៀម៧ដែលអ្នកដាក់ដោយខ្លួននេះ តើមានន័យដូចម្តេច 30គាត់ទូលឆ្លើយថា ទ្រង់ត្រូវទទួលកូនចៀម៧នេះពីដៃទូលបង្គំ ទុកជាទីបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំបានជីកអណ្តូងនេះ 31ដោយហេតុនោះបានជាគាត់ហៅទីនោះថា «បៀរ-សេបា» ពីព្រោះបានស្បថគ្នានៅទីនោះឯង 32គឺយ៉ាងនោះហើយដែលបានតាំងសញ្ញានឹងគ្នា នៅត្រង់បៀរ-សេបា រួចហើយអ័ប៊ីម៉្មាឡិច នឹងភីកុល ជាមេទ័ពទ្រង់ក៏ក្រោកឡើងវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញទៅ។
33ឯអ័ប្រាហាំគាត់ដាំដើមឈើ១ នៅត្រង់បៀរ-សេបា ហើយនៅទីនោះ គាត់អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច 34រួចគាត់សំចតនៅស្រុកភីលីស្ទីននោះជាយូរថ្ងៃ។
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 21: ពគប
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© BFBS/UBS 1954, 1962. All Rights Reserved.