លោកុប្បត្តិ 16
16
1រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ 2ដូច្នេះសារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម 3រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទ បាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ 4គាត់ក៏ចូលទៅឯហាការ ហើយនាងមានទំងន់ លុះដឹងខ្លួនថាមានទំងន់ដូច្នោះ នោះក៏តាំងមើលងាយដល់ចៅហ្វាយខ្លួនវិញ 5សារ៉ាយនាងនិយាយទៅអាប់រ៉ាមថា សូមឲ្យសេចក្ដីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ ដ្បិតខ្ញុំបានឲ្យបាវស្រីរបស់ខ្ញុំទៅអ្នកឱប ឥឡូវនេះ ដែលវាដឹងថាមានទំងន់ហើយ នោះបែរជាមើលងាយដល់ខ្ញុំវិញ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងរបស់យើងចុះ 6នោះអាប់រ៉ាមគាត់ឆ្លើយនឹងសារ៉ាយថា មើល បាវស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាយ៉ាងណាស្រួលចុះ នោះសារ៉ាយក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ។
7ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ 8ទ្រង់មានបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក 9នោះទេវតានៃព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ 10ទេវតានៃព្រះយេហូវ៉ាក៏មានបន្ទូលទៅនាងថា អញនឹងចំរើនពូជឯង ឲ្យមានសន្ធឹកឥតគណនា 11ទេវតានៃព្រះយេហូវ៉ាមានបន្ទូលនឹងនាងទៀតថា មើល ឯងមានទំងន់ ឯងនឹងបង្កើតបានកូនប្រុស១ដែលត្រូវឲ្យឈ្មោះថា អ៊ីសម៉ាអែល ពីព្រោះព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្ដីទុក្ខលំបាករបស់ឯង 12វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា 13នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ 14ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេសនឹងបារែឌ។
15ហាការក៏បង្កើតកូនប្រុស១ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមឲ្យកូនដែលហាការបង្កើតនោះឈ្មោះ អ៊ីសម៉ាអែល 16គ្រាដែលហាការបានបង្កើតអ៊ីសម៉ាអែល នោះអាប់រ៉ាមគាត់អាយុបាន៨៦ឆ្នាំហើយ។
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 16: ពគប
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© BFBS/UBS 1954, 1962. All Rights Reserved.