Logo YouVersion
Îcone de recherche

លោកុប្បត្តិ 43

43
លោក​បេន‌យ៉ាមីន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​បងៗ
1ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។ 2កាល​បរិភោគ​ស្រូវ​ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។ 3លោក​យូដា​តប​ថា៖ «លោក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ នោះ​កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”។ 4ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ ទើប​កូន​សុខ​ចិត្ត​ចុះ​ទៅ​រក​ទិញ​ស្បៀង​អាហារ​មក។ 5ប៉ុន្តែ បើ​លោក​ឪពុក​មិន​ឲ្យ​វា​ទៅ​ទេ​នោះ កូន​ក៏​មិន​ទៅ​ដែរ ដ្បិត​លោក​នោះ​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”»។ 6លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​កូនៗ​ធ្វើ​បាប​ពុក ដោយ​ជម្រាប​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?»។ 7ពួក​គេ​តប​វិញ​ថា៖ «លោក​បាន​ជំរិត​សួរ​ចម្លើយ​ពួក​កូន ឲ្យ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិ‌សន្ដាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​លោក។ ពួក​កូន​មិន​នឹក​ស្មាន​ថា លោក​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។ 8លោក​យូដា​ជម្រាប​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់ គឺ​ឲ្យ​យើង​បាន​រួច​ជីវិត ទាំង​លោក​ឪពុក ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។ 9កូន​នឹង​ធានា​មើល​ថែ‌រក្សា​វា កូន​សូម​រ៉ាប់‌រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​ឲ្យ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។ 10មួយ​វិញ​ទៀត ប្រសិន​បើ​យើង​មិន​ពន្យារ​ពេល​ទេ​នោះ ម៉្លេះ​សម​យើង​ត្រឡប់​មក​វិញ​ពីរ​ដង​រួច​ទៅ​ហើយ»។ 11លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ចូរ​កូន​នាំ​គ្នា​ទៅ​ចុះ! ចូរ​យក​ភោគ‌ផល​ពី​ស្រុក​យើង​ទៅ​ជូន​លោក​នោះ​ផង គឺ​យក​ជ័រ​ពិដោរ​បន្តិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ក្រអូប​ខ្លះ ជ័រ​ល្វីង‌ទេស​ខ្លះ ព្រម​ទាំង​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ស្វាយ‌ចន្ទី​ទៅ​ជា​មួយ​ផង។ 12ចូរ​យក​ប្រាក់​ទៅ​ជា​មួយ​ពីរ​ដង​ច្រើន​ជាង​មុន គឺ​យក​ប្រាក់​ដែល​ពួក​កូន​បាន​ឃើញ​នៅ​ក្នុង​បាវ​ស្រូវ​នោះ​ទៅ​ផង ប្រហែល​មក​ពី​គេ​ដាក់​ច្រឡំ។ 13ចូរ​យក​ប្អូន ហើយ​នាំ​គ្នា​វិល​ទៅ​ជួប​លោក​នោះ​ទៅ។ 14សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ឲ្យ​លោក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​បេន‌យ៉ាមីន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ‌គ្រា​ទៅ​ចុះ!»។
លោក​យ៉ូសែប​ជួប​បងប្អូន​ជា​លើក​ទី​ពីរ
15កូនៗ​របស់​លោក​យ៉ាកុប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ជា​ទ្វេ ព្រម​ទាំង​យក​បេន‌យ៉ាមីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​លោក​យ៉ូសែប។ 16កាល​លោក​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ​បងៗ លោក​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​ជា​មួយ​ខ្ញុំ»។ 17បុរស​នោះ​ធ្វើ​តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ។ 18កាល​បងប្អូន​របស់​លោក​យ៉ូសែប​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់‌ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។ 19ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​ពោល​ទៅ​គាត់​ថា៖ 20«សូម​ទោស​លោក​ម្ចាស់ យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្ដង​រួច​មក​ហើយ។ 21ប៉ុន្តែ ពេល​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​ស្រាយ​បាវ ក៏​ឃើញ​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​នោះ គ្រប់​ចំនួន។ យើង​ខ្ញុំ​បាន​យក​ប្រាក់​នេះ​មក​ជូន​វិញ 22ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។ 23បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប‌ជុំ​នឹង​ពួក​គេ​វិញ​ដែរ។ 24បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប គាត់​យក​ទឹក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​យក​ស្មៅ​មក​ឲ្យ​លា​ស៊ី​ផង​ដែរ។ 25ក្នុង​ពេល​រង់‌ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់​នោះ ពួក​គេ​បាន​រៀបចំ​ជំនូន​សម្រាប់​លោក​យ៉ូសែប ដ្បិត​ពួក​គេ​ឮ​ដំណឹង​ថា ពួក​គេ​នឹង​ពិសា​បាយ​នៅ​ទី​នេះ។
26ពេល​លោក​យ៉ូសែប​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​លោក ហើយ​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំ​លោក។ 27លោក​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា​មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?» 28ពួក​គេ​តប​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​លោក។ 29លោក​យ៉ូសែប​សម្លឹង​មើល​ទៅ​ឃើញ​បេន‌យ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ត្រូវ​ជា​ប្អូន​ប្រុស ដែល​អ្នក​រាល់​គ្នា​បាន​តំណាល​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ?» រួច​លោក​បន្ថែម​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រណី​សន្តោស​ដល់​អ្នក!»។ 30ពេល​លោក​យ៉ូសែប​ឃើញ​ប្អូន លោក​អួល​ដើម​ក លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។ 31ក្រោយ​លុប‌លាង​មុខ​រួច​ហើយ លោក​ក៏​ចេញ​មក​វិញ ទាំង​ខំ​ប្រឹង​ទប់​ចិត្ត​ឲ្យ​ស្ងប់ ហើយ​ប្រាប់​គេ​ឲ្យ​លើក​ម្ហូប​អាហារ​មក។ 32គេ​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក បងប្អូន​លោក​ដោយ​ឡែក និង​ជន‌ជាតិ​អេស៊ីប​ដែល​បរិភោគ​ជា​មួយ​លោក ដោយ​ឡែក ដ្បិត​ជន‌ជាតិ​អេស៊ីប​គ្មាន​សិទ្ធិ​បរិភោគ​ជា​មួយ​នឹង​ជន‌ជាតិ​ហេប្រឺ​ទេ ពី‌ព្រោះ​ជន‌ជាតិ​អេស៊ីប​ប្រកាន់​ណាស់។ 33បងប្អូន​របស់​លោក​យ៉ូសែប​អង្គុយ​បរិភោគ នៅ​ទល់​មុខ​លោក តាម​លំដាប់‌លំដោយ​អាយុ​របស់​គេ គឺ​ចាប់​តាំង​ពី​អ្នក​ចាស់​ជាង​គេ​រហូត​ដល់​អ្នក​ក្មេង​ជាង​គេ ម្នាក់ៗ​ចេះ​តែ​សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។ 34លោក​យ៉ូសែប​ឲ្យ​អ្នក​បម្រើ​យក​ម្ហូប​អាហារ​ពី​តុ​របស់​លោក​ទៅ​ជូន​បងប្អូន បេន‌យ៉ាមីន​ទទួល​ប្រាំ​ដង​ច្រើន​ជាង​បងៗ​ទាំង​អស់​សរុប​គ្នា។ ពួក​គេ​ក៏​ផឹក​ស្រា​យ៉ាង​ច្រើន​ជា​មួយ​លោក​យ៉ូសែប​ដែរ។

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi

YouVersion utilise des cookies pour personnaliser votre expérience. En utilisant notre site Web, vous acceptez l'utilisation des cookies comme décrit dans notre Politique de confidentialité