Logo YouVersion
Îcone de recherche

លោកុប្បត្តិ 40

40
លោក​យ៉ូសែប​កាត់​សប្តិ​ឲ្យ​អ្នក​ទោស​ពីរ​នាក់
1ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​រូប​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះចៅ​អេស៊ីប​ជា​ម្ចាស់​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា និង​ម្នាក់​ទៀត​មាន​នាទី​ថ្វាយ​នំប៉័ង។ 2ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្ញាល់​នឹង​មហា‌តលិក​ទាំង​ពីរ គឺ​មហា‌តលិក​ថ្វាយ​ស្រា និង​មហា‌តលិក​ថ្វាយ​នំប៉័ង​នោះ​ជា​ខ្លាំង។ 3ស្ដេច​ក៏​បញ្ជា​ឲ្យ​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ‌ឃាំង នៅ​ក្នុង​ផ្ទះ​របស់​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច គឺ​ក្នុង​ពន្ធ‌នាគារ​ដែល​គេ​ឃុំ‌ឃាំង​លោក​យ៉ូសែប។ 4មេ​បញ្ជា​ការ​ប្រគល់​លោក​ទាំង​ពីរ​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ។
ក្រោយ​ពី​បាន​ជាប់​ឃុំ‌ឃាំង​មួយ​រយៈ​មក 5មាន​យប់​មួយ លោក​ទាំង​ពីរ គឺ​មហា‌តលិក​ថ្វាយ​ស្រា និង​មហា‌តលិក​ថ្វាយ​នំប៉័ង​ដែល​ជាប់​ឃុំ‌ឃាំង​នោះ បាន​យល់​សប្តិ​រៀងៗ​ខ្លួន តែ​មាន​អត្ថន័យ​ប្លែកៗ​ពី​គ្នា។ 6ព្រលឹម​ឡើង លោក​យ៉ូសែប​បាន​មក​ជួប​លោក​ទាំង​ពីរ ឃើញ​គេ​ស្រងូត‌ស្រងាត់ 7លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ស្ដេច​ផារ៉ោន ដែល​នៅ​ជាប់​ឃុំ‌ឃាំង​ជា​មួយ​លោក ក្នុង​ពន្ធ‌នាគារ​ម្ចាស់​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។ 8គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។
9មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​ស្ដេច បាន​រៀប​រាប់​ប្រាប់​លោក​យ៉ូសែប​អំពី​សុបិន​របស់​គាត់ ដូច​ត​ទៅ៖ «ខ្ញុំ​យល់​សប្តិ​ឃើញ​ដើម​ទំពាំង‌បាយជូរ​មួយ​ដើម​នៅ​ពី​មុខ​ខ្ញុំ។ 10ដើម​ទំពាំង‌បាយជូរ​នោះ​មាន​មែក​បី មាន​ពន្លក​លេច​ចេញ​មក ផ្កា​វា​ក៏​លាស់​ចេញ​មក​ដែរ ហើយ​មាន​ផ្លែ​ទុំ​ផង។ 11ពេល​នោះ ខ្ញុំ​កាន់​ពែង​របស់​ព្រះចៅ​ផារ៉ោន​នៅ​ដៃ ខ្ញុំ​ក៏​បេះ​ផ្លែ​ទំពាំង‌បាយជូរ​មក​ច្របាច់​ដាក់​ក្នុង​ពែង រួច​ថ្វាយ​ពែង​នោះ​ទៅ​ព្រះចៅ​ផារ៉ោន»។ 12លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ​នេះ: មែក​ទាំង​បី គឺ​បី​ថ្ងៃ។ 13បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​លើក​កិត្តិយស​លោក​ឡើង ហើយ​តែង‌តាំង​លោក ឲ្យ​បំពេញ​មុខងារ​របស់​លោក​ឡើង​វិញ គឺ​លោក​នឹង​ថ្វាយ​ពែង​ស្រា​ទៅ​ស្ដេច ដូច​លោក​ធ្លាប់​ធ្វើ​កាល​ពី​មុន។ 14ក៏​ប៉ុន្តែ ពេល​លោក​បាន​សុខ​ស្រួល​វិញ​ហើយ សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​លោក សូម​មេត្តា​ទូល​ព្រះចៅ​ផារ៉ោន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធ‌នាគារ​នេះ​ផង 15ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​គួរ​ឲ្យ​គេ​យក​មក​ឃុំ‌ឃាំង​ដូច្នេះ​ឡើយ»។
16មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ឃើញ​លោក​យ៉ូសែប​កាត់​សប្តិ​ឲ្យ​មហា‌តលិក​ម្នាក់​ទៀត​ល្អ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «រីឯ​ខ្ញុំ​វិញ ក្នុង​សប្តិ​នោះ ខ្ញុំ​ឃើញ​នំ​បី​កញ្ច្រែង​នៅ​លើ​ក្បាល​របស់​ខ្ញុំ។ 17នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ ដែល​ព្រះចៅ​ផារ៉ោន​ធ្លាប់​សោយ។ ក៏​ប៉ុន្តែ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។ 18លោក​យ៉ូសែប​តប​វិញ​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។ 19នៅ​បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គេ​យក​លោក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​លោក»។
20បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ព្រះចៅ​ផារ៉ោន ស្ដេច​បាន​ជប់‌លៀង​ក្រុម​មន្ត្រី​របស់​ស្ដេច។ ពេល​នោះ ស្ដេច​បាន​ឲ្យ​គេ​ដោះ​លែង​មហា‌តលិក​ទាំង​ពីរ​នៅ​មុខ​មន្ត្រី​ទាំង​អស់។ 21ព្រះ‌រាជា​បាន​តែង‌តាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើង​វិញ។ 22ប៉ុន្តែ ស្ដេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលិក​ថ្វាយ​នំប៉័ង​ទៅ​ព្យួរ-ក ស្រប​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បក​ស្រាយ​ប្រាប់។
23រីឯ​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​មិន​បាន​នឹក​នា​ដល់​លោក​យ៉ូសែប​ទេ គាត់​ភ្លេច​សូន្យ‌ឈឹង។

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi

YouVersion utilise des cookies pour personnaliser votre expérience. En utilisant notre site Web, vous acceptez l'utilisation des cookies comme décrit dans notre Politique de confidentialité