Logo YouVersion
Îcone de recherche

លោកុប្បត្តិ 38

38
លោក​យូដា និង​នាង​តាម៉ារ
1គ្រា​នោះ លោក​យូដា​បាន​ចាក​ចេញ​ពី​បងប្អូន​របស់​លោក ទៅ​នៅ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​ហ៊ីរ៉ា នៅ​ភូមិ​អាឌូ‌ឡាម។ 2នៅ​ទី​នោះ គាត់​បាន​ឃើញ​កូន​ស្រី​របស់​លោក​ស៊ូអា ជា​ជន‌ជាតិ​កាណាន គាត់​ក៏​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង។ 3នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អ៊ើរ”។ 4នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អូណាន់”។ 5នាង​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “សេឡា”។ ពេល​នាង​សម្រាល​កូន​នោះ លោក​យូដា​រស់​នៅ​ភូមិ​កេស៊ីប។
6លោក​យូដា​បាន​ដណ្ដឹង​នារី​ម្នាក់ ឈ្មោះ​តាម៉ារ មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​អ៊ើរ ជា​កូន​ច្បង​របស់​គាត់។ 7អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។ 8ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​អូណាន់​ថា៖ «ចូរ​ទៅ​រួម​រស់​ជា​មួយ​បង​ថ្លៃ​របស់​កូន យក​នាង​ធ្វើ​ជា​ភរិយា ហើយ​បន្ត​ពូជ‌ពង្ស​ឲ្យ​បង​ប្រុស​របស់​កូន​ទៅ»។ 9ដោយ​អូណាន់​ដឹង​ថា ពូជ‌ពង្ស​ដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជ‌ពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​សម្រក់​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​ឲ្យ​បង​ប្រុស។ 10អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នេះ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ដែរ។ 11ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​នាង​តាម៉ារ​ជា​កូន​ប្រសា​ថា៖ «ចូរ​កូន​នៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ»។ គាត់​គិត​ថា «សូម​កុំ​ឲ្យ​កូន​មួយ​នេះ​ស្លាប់​ដូច​បងៗ​វា​ឡើយ»។ នាង​តាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​នាង។
12យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​លោក​យូដា គឺ​កូន​ស្រី​របស់​លោក​ស៊ូអា បាន​ទទួល​មរណ‌ភាព។ កាល​លោក​យូដា​បាន​ធូរ​ស្បើយ​ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា​ជា​មួយ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូ‌ឡាម មិត្ត​របស់​គាត់ ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។ 13មាន​គេ​មក​ប្រាប់​នាង​តាម៉ារ​ថា៖ «ឪពុក​ក្មេក​របស់​នាង​ឡើង​ទៅ​កាត់​រោម​ចៀម​នៅ​ធីមណា»។ 14ឮ​ដូច្នេះ នាង​តាម៉ារ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​ឲ្យ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ធីមណា។ នាង​ធ្វើ​ដូច្នេះ​មក​ពី​នាង​ឃើញ​ថា សេឡា​ធំ​ពេញ​វ័យ​ហើយ តែ​លោក​យូដា​ពុំ​បាន​យក​នាង​ទៅ​ឲ្យ​ធ្វើ​ជា​ភរិយា​ឡើយ។
15កាល​លោក​យូដា​ឃើញ​នាង គាត់​ស្មាន​ថា​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​មាន​ស្បៃ​បាំង​មុខ។ 16គាត់​ចូល​ទៅ​ជិត​នាង ពោល​ថា៖ «មក៍ រួមរ័ក​ជា​មួយ​ខ្ញុំ!»។ គាត់​ពុំ​បាន​ដឹង​ថា​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​តប​ថា៖ «បើ​ខ្ញុំ​ទៅ​ជា​មួយ​លោក តើ​លោក​ឲ្យ​អ្វី​ខ្ញុំ?»។ 17គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​ឲ្យ​នាង»។ នាង​តប​ទៅ​វិញ​ថា៖ «ចាស ខ្ញុំ​យល់​ព្រម តែ​លោក​ត្រូវ​បញ្ចាំ​អ្វី​មួយ​ទុក​ឲ្យ​ខ្ញុំ ទម្រាំ​ខ្ញុំ​បាន​ទទួល​កូន​ពពែ​នោះ»។ 18គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ នាង​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​លោក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​លោក​កាន់​នោះ​មក​ឲ្យ​ខ្ញុំ»។ លោក​យូដា​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។ 19នាង​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ នាង​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។
20លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាំ ដើម្បី​លោះ​យក​របស់​របរ​ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​លោក​យូដា​រក​នាង​ពុំ​ឃើញ​សោះ។ 21គាត់​សួរ​អ្នក​ស្រុក​នៅ​កន្លែង​នោះ​ថា៖ «ស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «នៅ​ទី​នេះ មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ!»។ 22គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​ស្រី​នោះ​ពុំ​ឃើញ​ទេ ហើយ​អ្នក​ស្រុក​នោះ​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ទី​នេះ​មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ”»។ 23លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ! យើង​មិន​បាច់​សួរ​ដេញ​ដោល នាំ​តែ​អ្នក​ស្រុក​មើល‌ងាយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង​តាម​សន្យា តែ​បើ​សម្លាញ់​ឯង​រក​នាង​មិន​ឃើញ ក៏​ហី​ទៅ​ចុះ!»។
24បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។ 25ពេល​គេ​កំពុង​តែ​នាំ​នាង​ចេញ​ទៅ​ក្រៅ នាង​តាម៉ារ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​យូដា​ថា៖ «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​ម្ចាស់​វត្ថុ​ទាំង​នេះ សូម​ពុក​មើល​មើល៍ តើ​ត្រា​នេះ និង​ខ្សែ​វា ព្រម​ទាំង​ដំបង​នេះ​ជា​របស់​នរណា?»។ 26លោក​យូដា​ស្គាល់​វត្ថុ​ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង​មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​សេឡា ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក លោក​យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។
27លុះ​ជិត​ដល់​ពេល​សម្រាល​កូន គេ​ដឹង​ថា​នាង​មាន​កូន​ភ្លោះ​ក្នុង​ផ្ទៃ​នាង។ 28ពេល​សម្រាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ទាំង​ពោល​ថា៖ «កូន​មួយ​នេះ​កើត​មុន»។ 29ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ ហើយ​បង​របស់​វា​ក៏​កើត​ចេញ​មក។ ពេល​នោះ ឆ្មប​ពោល​ថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ពេរេស”។ 30បន្ទាប់​មក​ទៀត កូន​ប្អូន​កើត​ចេញ​មក ទាំង​មាន​អំបោះ​ក្រហម​នៅ​ជាប់​នឹង​ដៃ​ផង។ គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា “សេ‌រ៉ាស”។

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi

YouVersion utilise des cookies pour personnaliser votre expérience. En utilisant notre site Web, vous acceptez l'utilisation des cookies comme décrit dans notre Politique de confidentialité