En parallèle
16
កំណើត​អ៊ីស្មា‌អែល
1លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម ពុំ​បាន​បង្កើត​កូន​ជូន​លោក​ទេ។ គាត់​មាន​ស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​នាង​ហាការ។ 2លោក​ស្រី​សារ៉ាយ​ជម្រាប​លោក​អាប់រ៉ាម​ថា៖ «ដោយ​ព្រះ‌អម្ចាស់​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន ដូច្នេះ សូម​លោក​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង »។ លោក​អាប់រ៉ាម​ក៏​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ស្រី​សារ៉ាយ។ 3ពេល​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​យក​នាង​ហាការ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​លោក​អាប់រ៉ាម​ជា​ស្វាមី​ធ្វើ​ជា​ប្រពន្ធ លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។ 4លោក​បាន​យក​នាង​ហាការ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ពេល​នាង​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ដូច្នេះ នាង​ក៏​មាន​ចិត្ត​មាក់‌ងាយ​ម្ចាស់​ស្រី​របស់​ខ្លួន។ 5លោក​ស្រី​សារ៉ាយ​ពោល​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «ព្រោះ​តែ​លោក​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​លោក។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​រវាង​លោក និង​ខ្ញុំ​ចុះ!»។ 6លោក​អាប់រ៉ាម​តប​ទៅ​លោក​ស្រី​សារ៉ាយ​វិញ​ថា៖ «អូន​មាន​អំណាច​លើ​ស្រី​បម្រើ​របស់​អូន​ស្រាប់ ដូច្នេះ បើ​អូន​ចង់​ធ្វើ​អ្វី​នាង ចូរ​ធ្វើ​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។
លោក​ស្រី​សារ៉ាយ​ក៏​ធ្វើ​បាប​នាង​ហាការ រហូត​ដល់​នាង​រត់​ចេញ​ឆ្ងាយ​ពី​គាត់​បាត់​ទៅ។
7ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។ 8ទេវតា​នោះ​ពោល​ថា៖ «នាង​ហាការ​ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ជា​ម្ចាស់​របស់​នាង​ខ្ញុំ»។ 9ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ម្ចាស់​របស់​នាង​វិញ ហើយ​ស្ដាប់​បង្គាប់​គាត់​ទៅ»។ 10ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង​កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។ 11ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។
នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយ
នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល
ដ្បិត​ព្រះ‌អម្ចាស់​បាន​ឮ​សម្រែក​របស់​នាង
នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។
12កូន​នេះ​ប្រៀប​បាន​ទៅ​នឹង​លា​ព្រៃ
វា​នឹង​វាយ​មនុស្ស​ទាំង​អស់
ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​វាយ​វា​វិញ​ដែរ។
វា​នឹង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី
បង‌ប្អូន​របស់​វា»។
13នាង​ហាការ​បាន​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា “ព្រះ‌អង្គ​ជា​អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «ព្រះ‌ជាម្ចាស់​ទត​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ»។ 14ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​នោះ​ថា “អណ្ដូង​ឡាហាយ-‌រយ”។ អណ្ដូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដេស និង​ភូមិ​បារ៉ែដ។
15 នាង​ហាការ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អាប់រ៉ាម ហើយ​លោក​អាប់រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​នាង​ហាការ​បាន​បង្កើត​ជូន​លោក​នោះ​ថា “អ៊ីស្មា‌អែល”។ 16នៅ​ពេល​ដែល​នាង​ហាការ​បង្កើត​អ៊ីស្មា‌អែល​ជូន​លោក​នោះ លោក​អាប់រ៉ាម​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។