Logo YouVersion
Îcone de recherche

Matthew 20

20
1 ដ្បិត​នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ម្ចាស់​ចម្ការ​ម្នាក់​ ដែល​ចេញ​ទៅ​ពី​ព្រលឹម​ ដើម្បី​ជួល​កម្មករ​ឲ្យ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់​
2 កាល​បាន​ព្រម​ព្រៀង​ជាមួយ​ពួក​កម្មករ​ថា​ឲ្យ​ឈ្នួល​មួយ​ថ្ងៃ​មួយ​ឌេណារី​ គាត់​ក៏​ឲ្យ​ពួកគេ​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់។​
3 នៅ​ពេល​គាត់​ចេញ​ទៅ​នៅ​ប្រហែល​ម៉ោង​ប្រាំ​បួន​ព្រឹក​ គាត់​ឃើញ​អ្នក​ផ្សេង​ទៀត​ឈរ​ទំនេរ​នៅ​តាម​ផ្សារ​
4 គាត់​ក៏​និយាយ​ទៅ​អ្នក​ទាំង​នោះ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ​ ខ្ញុំ​នឹង​ឲុ្យ​ឈ្នួល​ត្រឹមត្រូវ។​
5 ពួកគេ​ក៏​ទៅ។​ គាត់​ក៏​ចេញ​ទៅ​ម្ដង​ទៀត​ នៅ​ប្រហែល​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ និង​ម៉ោង​បី​រសៀល​ គាត់​ក៏​ធ្វើ​ដូច​ពី​មុន។​
6 នៅ​ប្រហែល​ម៉ោង​ប្រាំ​ល្ងាច​ ពេល​គាត់​ចេញ​ទៅ​ ក៏​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​ឈរ​ គាត់​ក៏​សួរ​ពួកគេ​ថា​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​ទំនេរ​មួយ​ថ្ងៃ​វាល់​ល្ងាច​នៅ​ទី​នេះ​ដូច្នេះ?​
7 ពួកគេ​ប្រាប់​គាត់​ថា​ ព្រោះ​គ្មាន​អ្នកណា​ជួល​យើង។​ គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ។​
8 លុះ​ដល់​ពេល​ល្ងាច​ ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​ក៏​ប្រាប់​មេការ​ថា​ ចូរ​ហៅ​កម្មករ​មក​ រួច​ឲ្យ​ឈ្នួល​ដល់​ពួកគេ​ចាប់​ពី​អ្នក​មក​ក្រោយ​បង្អស់​រហូត​ដល់​អ្នក​មក​មុន​បង្អស់។​
9 ពួក​អ្នក​ដែល​មក​នៅ​ម៉ោង​ប្រហែល​ប្រាំ​ល្ងាច​ ម្នាក់ៗ​ទទួល​បាន​មួយ​ឌេណារី‍។​
10 ពួក​អ្នក​ដែល​មក​មុន​គេ​គិត​ថា​ ខ្លួន​នឹង​ទទួល​បាន​លើស​នោះ​ ប៉ុន្ដែ​ម្នាក់ៗ​ក៏​ទទួល​បាន​មួយ​ឌេណារី​ដែរ។​
11 ពួកគេ​ទទួល​យក​ ទាំង​រអ៊ូ​រទាំ​ដាក់​ម្ចាស់​ចម្ការ​
12 ថា​ ពួក​អ្នក​មក​ក្រោយ​បង្អស់​ទាំង​នេះ​ធ្វើការ​បាន​តែ​មួយ​ម៉ោង​ទេ​ ប៉ុន្ដែ​លោក​ឲ្យ​ឈ្នួល​ដល់​ពួកគេ​ស្មើ​នឹង​យើង​ ដែល​ទ្រាំ​ធ្វើការ​ធ្ងន់​ហាល​ថ្ងៃ​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ‍។​
13 ម្ចាស់​ចម្ការ​ក៏​ឆ្លើយ​នឹង​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ថា​ សម្លាញ់​អើយ‍!​ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ចំពោះ​អ្នក​ទេ​ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ថា​ ទទួល​យក​ឈ្នួល​មួយ​ឌេណារី​ទេ​ឬ?​
14 ចូរ​យក​ឈ្នួល​របស់​អ្នក​ ហើយ​ចេញ​ទៅ!​ ខ្ញុំ​ចង់​ឲ្យ​ឈ្នួល​ដល់​អ្នក​មក​ក្រោយ​បង្អស់​នេះ​ស្មើ​នឹង​អ្នក​ដែរ។​
15 តើ​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្ញុំ​ ដើម្បី​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ឬ?​ ឬ​ក៏​ភ្នែក​របស់​អ្នក​ច្រណែន​ ព្រោះ​តែ​ខ្ញុំ​ល្អ?​
16 ដូច្នេះ​ អ្នក​នៅ​ក្រោយ​បង្អស់​នឹង​ត្រលប់​ជា​នៅ​មុខ​គេ​ ឯ​អ្នក​នៅ​មុខ​គេ​នឹង​ត្រលប់​ជា​នៅ​ក្រោយ​បង្អស់​វិញ»។​
17 កាល​ព្រះយេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ព្រះអង្គ​បាន​នាំ​សិស្ស​ទាំង​ដប់​ពីរ​ទៅ​ដាច់​ឡែក​ពី​គេ​ ហើយ​នៅ​តាម​ផ្លូវ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​
18 «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូវិន័យ​ រួច​ពួកគេ​នឹង​កាត់ទោស​ប្រហារ​ជីវិត​លោក​
19 ពួកគេ​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​គេ​ចំអក​ វាយ​នឹង​ខ្សែតី​ ហើយ​ឆ្កាង​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី‍»‍។​
20 បន្ទាប់​មក​ ប្រពន្ធ​លោក​សេបេដេ​ និង​កូនៗ​របស់​គាត់​បាន​ចូល​មក​ថ្វាយ​បង្គំ​ព្រះអង្គ​ ដើម្បី​ទូល​សុំ​អ្វី​ម្យ៉ាង​ពី​ព្រះអង្គ​
21 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​បាន​អ្វី?»​ គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​សូម​ឲ្យ​លោក​សន្យា​ថា​ កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​ នឹង​បាន​អង្គុយ​ក្បែរ​លោក​នៅ​ក្នុង​នគរ​របស់​លោក​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង»។​
22 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​មិន​ដឹង​ថា​ អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក​នេះ​បាន​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ផឹក​បាន»។​
23 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត‍​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​របស់​ខ្ញុំ​បាន​មែន​ ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។​
24 ពេល​សាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ ក៏​ទាស់ចិត្ដ​នឹង​បងប្អូន​ពីរ​នាក់​នោះ​
25 ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ហៅ​ពួកគេ​មក​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ថា​ ពួក​អ្នក​គ្រប់គ្រង​របស់​សាសន៍​ដទៃ​ត្រួតត្រា​លើ​ពួកគេ​ ហើយ​ពួក​អ្នក​ធំ​ក៏​ប្រើ​សិទ្ធិ​អំណាច​លើ​ពួកគេ​ដែរ​
26 ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មិន​មែន​ដូច្នោះ​ឡើយ​ អ្នកណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នកបម្រើ​អ្នក​រាល់គ្នា​វិញ​
27 រួច​អ្នកណា​ដែល​ចង់​ធ្វើ​ជា​ទី​មួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះក៏​ត្រូវ​ធ្វើ​ជា​បាវបម្រើ​របស់​អ្នក​រាល់គ្នា​ដែរ​
28 ឯ​កូន​មនុស្ស​ក៏​ដូច្នេះ​ដែរ​ គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ទេ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។​
29 កាល​ពួកគេ​ចេញ​ពី​ក្រុង​យេរីខូរ​ នោះ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​
30 ហើយ​មើល៍​ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​កំពុង​អង្គុយ​ក្បែរ​ផ្លូវ​ ពេល​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​កាត់​ ក៏​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​យើង​ផង!»​
31 ប៉ុន្ដែ​បណ្ដាជន​បាន​បន្ទោស​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​ ប៉ុន្ដែ​ពួកគេ​ស្រែក​ថែម​ទៀត​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​យើង​ផង!»​
32 ព្រះយេស៊ូ​ក៏​ឈប់​ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖​ «តើ​ពួក​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»​
33 ពួកគេ​ក៏​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ‍!​ សូម​បើក​ភ្នែក​របស់​យើង​ឲ្យ​បាន​ភ្លឺ​ផង»​
34 ដោយ​ព្រះយេស៊ូ​មាន​ក្ដី​អាណិត​អាសូរ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ។​ រំពេច​នោះ​ ពួកគេ​ក៏​មើល​ឃើញ​វិញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​

Sélection en cours:

Matthew 20: KCB

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi

YouVersion utilise des cookies pour personnaliser votre expérience. En utilisant notre site Web, vous acceptez l'utilisation des cookies comme décrit dans notre Politique de confidentialité