En parallèle
18
1 នៅ​គ្រា​នោះ​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ទូល​ថា៖​ «ដូច្នេះ​ តើ​អ្នក​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ជា​នរណា?»​
2 ព្រះអង្គ​ក៏​ហៅ​ក្មេង​ម្នាក់​ ហើយ​ដាក់​ក្មេង​នោះ​នៅ​ចំ​កណ្ដាល​ពួកគេ​
3 រួច​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ដរាប​ណា​អ្នក​រាល់គ្នា​មិន​ប្រែ​ចិត្ដ​ និង​ត្រលប់​ដូច​ជា​កូនក្មេង​ទេ​នោះ​ អ្នក​រាល់គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​បាន​ជា​ដាច់​ខាត​
4 ដូច្នេះឋ អ្នកណា​បន្ទាប​ខ្លួន​ដូច​ក្មេង​នេះឋ អ្នក​នោះ​ជា​អ្នក​ធំ​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​
5 ហើយ​បើ​អ្នកណា​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ហើយ​
6 ប៉ុន្ដែ​បើ​អ្នកណា​បណ្ដាល​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​ដោយ​សត្វ​លា​ មក​ចង​នឹង​ក​របស់​អ្នក​នោះ​ ហើយ​ពន្លិច​ទៅ​ក្នុង​បាត​សមុទ្រ​ នោះ​ប្រសើរ​ជាង​
7 វេទនា​ដល់​មនុស្ស​លោក​ ដោយ​ព្រោះ​តែ​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ជំពប់​ដួល​ ដ្បិត​សេចក្ដី​នោះ​ត្រូវ​តែ​កើត​មាន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ណា​ដែល​នាំ​ឲ្យ​កើត​មាន​សេចក្ដី​នោះ​
8 ប្រសិន​បើ​ដៃ​ ឬ​ជើង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល​ ចូរ​កាត់​វា​ចេញ​ ហើយ​បោះ​ចោល​ទៅ​ ដ្បិត​បើ​អ្នក​ចូលទៅ​ក្នុង​ជីវិត​អស់កល្ប​ដោយ​កំបុត​ដៃ​ម្ខាង​ ឬ​កំបុត​ជើង​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ​ ឬ​ជើង​ពីរ​ ប៉ុន្ដែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច​
9 ប្រសិន​បើ​ភ្នែក​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល​ ចូរ​ខ្វេះ​វា​ចេញ​ពី​អ្នក​ ហើយ​បោះ​ចោល​ទៅ​ ដ្បិត​បើ​អ្នក​ចូល​ក្នុង​ជីវិត​អស់កល្ប​ដោយ​មាន​តែ​ភ្នែក​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​សង​ខាង​ ប៉ុន្ដែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។​
10 ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​
11 ដ្បិត​កូន​មនុស្ស​បាន​មក​ ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង​
12 តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច?​ បើ​បុរស​ម្នាក់​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​វង្វេង​នោះ​ទេ​ឬ?​
13 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ​ គាត់​ត្រេកអរ​ចំពោះ​ចៀម​នោះ​ជាង​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​នោះ​ទៅ​ទៀត‍។​
14 ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ដូច្នោះ​ដែរ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ត្រូវ​វិនាស​ឡើយ។​
15 បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្ត​បាប​ចំពោះ​អ្នក​ ចូរ​ទៅ​ប្រាប់​គាត់​អំពី​កំហុស​នោះ​ក្នុង​ពេល​ដែល​មាន​តែ​អ្នក​ និង​គាត់​ប៉ុណ្ណោះ។​ បើ​គាត់​ស្ដាប់​អ្នក​ អ្នក​នឹង​ចំណេញ​បាន​បងប្អូន​របស់​អ្នក​មក​វិញ​
16 ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​ស្ដាប់​ ចូរ​អ្នក​នាំ​ម្នាក់​ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​ ដើម្បី​ឲ្យ​មាន​សាក្សី​ពីរ​ បី​នាក់​បញ្ជាក់​ផ្ទាល់​មាត់​ពី​ពាក្យ​សំដី​ទាំងឡាយ​នោះ។​
17 បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទៀត​ ចូរ​ប្រាប់​ដល់​ក្រុមជំនុំ​ ហើយ​បើ​គាត់​នៅតែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​ ចូរ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ​ ឬ​អ្នក​ទារ​ពន្ធដារ​ចុះ។​
18 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចង​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថានសួគ៌​ដែរ​ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ស្រាយ​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ​
19 ម្យ៉ាង​ទៀត​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាប្រាកដ​ថា​ បើ​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ព្រម​ព្រៀង​គ្នា​អំពី​អ្វី​ក៏​ដោយ​ ដែល​ពួកគេ​នឹង​ទូល​សុំ​នៅ​លើ​ផែនដី​នេះ​ នោះ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ឲ្យ​ពួកគេ​បាន​សម្រេច​ជា​មិន​ខាន​
20 ដ្បិត​ទី​ណា​មាន​ពីរ​ ឬ​បី​នាក់​ជួបជុំ​គ្នា​នៅ​ក្នុង​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួកគេ​ដែរ»។​
21 បន្ទាប់​មក​ លោក​ពេត្រុស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​បងប្អូន​របស់​ខ្ញុំ​ប្រព្រឹត្ត​បាប​ចំពោះ​ខ្ញុំ​ តើ​ឲ្យ​ខ្ញុំ​លើកលែង​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង?​ រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»​
22 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​មិន​ប្រាប់​អ្នក​ថា​ ត្រឹម​តែ​ប្រាំ​ពីរដង​ទេ​ ប៉ុន្ដែ​គឺ​រហូត​ដល់​ប្រាំ​ពីរ​ចិតសិប​ដង​វិញ។​
23 ហេតុនេះ​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ ដែល​ចង់​ទូទាត់​បញ្ជី​ជាមួយ​ពួក​បាវបម្រើ​
24 កាល​ស្ដេច​ចាប់​ផ្ដើម​ទូទាត់​ នោះ​គេ​នាំ​កូនបំណុល​ម្នាក់​ដែល​ជំពាក់​មួយ​ម៉ឺន​ឋាឡាន់​មក​
25 ប៉ុន្ដែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង​ ស្ដេច​ក៏​បញ្ជា​ឲ្យ​លក់​គាត់​ និង​ប្រពន្ធ​កូន​របស់​គាត់​ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន​ ដើម្បី​សង​បំណុល​
26 បាវបម្រើ​នោះ​ក៏​ក្រាប​ថ្វាយបង្គំ​ស្ដេច​ ទូល​ថា​ សូម​មេត្ដា​អត់ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​វិញ។​
27 ដោយ​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​បាវបម្រើ​នោះ​ ស្ដេច​ក៏​លែង​គាត់​ ព្រម​ទាំង​លុប​បំណុល​ទាំងឡាយ​ចោល​ទាំងអស់។​
28 ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​
29 បាវបម្រើ​ជា​គូ​កន​នោះ​បាន​ក្រាប​ចុះ​ អង្វរ​គាត់​ថា​ សូម​មេត្ដា​អត់​ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្នក​វិញ​
30 ប៉ុន្ដែ​គាត់​មិន​ព្រម​ទេ​ បែរ​ជា​យក​អ្នក​នោះ​ទៅ​ដាក់​គុក​ រហូត​ដល់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់‍។​
31 នៅ​ពេល​បាវបម្រើ​ជា​គូកន​ផ្សេង​ទៀត​ បាន​ឃើញ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ ក៏​មិន​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ ហើយ​មក​រៀបរាប់​ប្រាប់​ស្ដេច​អំពី​ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង។​
32 ស្ដេច​ក៏​ហៅ​អ្នក​នោះ​មក​ រួច​មាន​បន្ទូល​ទៅ​គាត់​ថា​ នែ៎​ បាវបម្រើ​អាក្រក់​អើយ!​ ខ្ញុំ​បាន​លុប​បំណុល​ទាំងឡាយ​របស់​អ្នក​ចោល​ទាំង​អស់​ ដោយ​ព្រោះ​អ្នក​បាន​អង្វរ​ខ្ញុំ។​
33 តើ​អ្នក​ក៏​មិន​គួរ​មេត្ដា​ដល់​បាវបម្រើ​ជា​គូកន​របស់​អ្នក​ ដូច​ជា​យើង​បាន​មេត្ដា​ដល់​អ្នក​ដែរ​ទេ​ឬ?​
34 ស្ដេច​ខឹង​បាវបម្រើ​នោះ​ណាស់​ ក៏​ប្រគល់​គាត់​ឲ្យ​ទៅ​អ្នក​ធ្វើ​ទារុណ​កម្ម​ រហូត​ដល់​គាត់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់។​
35 បើ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​លើកលែង​ទោស​ដល់​បងប្អូន​របស់​ខ្លួន​ដោយ​អស់​ពី​ចិត្ដ​ទេ​ ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ដូច្នោះ​ដែរ»។​