Logo YouVersion
Îcone de recherche

Matthew 13

13
1 នៅ​ថ្ងៃ​នោះ​ ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​ផ្ទះ​ ទៅ​អង្គុយ​នៅ​ក្បែរ​មាត់​បឹង។​
2 មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ប្រមូល​គ្នា​មក​ចោម​រោម​ព្រះអង្គ​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​អង្គុយ​នៅ​លើ​ទូក​ ឯ​បណ្ដាជន​ទាំង​អស់​បាន​ឈរ​នៅ​តាម​មាត់​បឹង។​
3 ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មើល៍​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​
4 ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់​
5 ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពុំ​សូវ​មាន​ដី​ គ្រាប់​ពូជ​នោះ​ដុះ​ឡើង​យ៉ាង​ឆាប់​ ពីព្រោះ​ដី​មិន​ជ្រៅ​
6 ប៉ុន្ដែ​ពេល​ថ្ងៃ​រះ​ឡើង​ ពន្លក​ក៏​ក្រៀម​ស្វិត​ដោយ​ព្រោះ​គ្មាន​ឫស។​
7 គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​លើ​ដី​មាន​បន្លា​ បន្លា​ក៏​ដុះ​ឡើង​រួបរឹត​គ្រាប់​ពូជ​នោះ។​
8 ប៉ុន្ដែ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ហើយ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​សាម​សិប។​
9 អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ!»​
10 ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​លោក​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ដូច្នេះ?»​
11 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖​ «ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ទេ​
12 ដ្បិត​អ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​
13 ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ ដ្បិត​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ស្ដាប់​ ប៉ុន្ដែ​មិន​ឮ​ និង​មិន​យល់​ផង‍។​
14 សេចក្ដី​ដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​មក​ បាន​សម្រេច​តាមរយៈ​ពួកគេ​ហើយ​ គឺ​អ្នក​រាល់គ្នា​ស្ដាប់​ឮ​ ប៉ុន្ដែ​មិន​យល់​ ហើយ​មើល​ឃើញ​ ប៉ុន្ដែ​មិន​ដឹង​សោះ។​
15 ដ្បិត​ចិត្ដ​របស់​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​គេ​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​ពុំ​នោះ​សោត​ គេ​មុខ​ជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​
16 ភ្នែក​របស់​អ្នក​រាល់គ្នា​មាន​ពរ​ណាស់​ ដ្បិត​បាន​មើល​ឃើញ​ ហើយ​ត្រចៀក​ក៏​ដូច្នេះ​ដែរ​ ដ្បិត​បាន​ស្ដាប់​ឮ។​
17 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ ប៉ុន្ដែ​មិន​បាន​ឃើញ​ទេ​ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​រាល់គ្នា​ឮ​ដែរ​ ប៉ុន្ដែ​មិន​បាន​ឮ​ឡើយ។​
18 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​រឿង​ប្រៀប​ប្រដូច​អំពី​កសិករ​ព្រោះ​គ្រាប់​ពូជ​ចុះ។​
19 អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​អំពី​នគរ​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​យល់​ អារក្ស​ក៏​មក​ឆក់​យក​សេចក្ដី​ដែល​បាន​ព្រោះ​ក្នុង​ចិត្ដ​អ្នក​នោះ​ទៅ​ នេះ​ជា​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ​
20 អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​កន្លែង​មាន​ថ្ម​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ហើយ​ទទួល​យក​ភ្លាម​ទាំង​អំណរ​
21 ប៉ុន្ដែ​គេ​មិន​បាន​ចាក់​ឫស​ទេ​ គឺ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ‍។​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​
22 ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​បន្លា​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ក្នុង​ជីវិត​ និង​ការ​បោក​បញ្ឆោត​នៃ​ទ្រព្យ​សម្បត្ដិ​បាន​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផលផ្លែ​
23 ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ល្អ​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ហើយ​ ក៏​យល់​ អ្នក​នោះ​បង្កើត​ផល​ គឺ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ ខ្លះ​ហុក​សិប​ ខ្លះ​ទៀត​សាម​សិប‍»‍។​
24 ព្រះអង្គ​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ព្រោះ​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​គាត់​
25 ក្រោយមក​ ពេល​មនុស្ស​ដេក​លក់​អស់​ សត្រូវ​គាត់​បាន​មក​ព្រោះ​ស្រងែ​ក្នុង​ចំណោម​ស្រូវ​នោះ​ ហើយ​ក៏​ចេញ​ទៅ​
26 កាល​ស្រូវ​ពន្លក​ ហើយ​ចេញ​ផ្លែ​ នោះ​ស្រងែ​ក៏​លេច​ចេញ​មក​ដែរ​
27 ពួក​បាវបម្រើ​ក៏​ចូល​មក​ប្រាប់​ម្ចាស់​ស្រែ​ថា​ លោកម្ចាស់​ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេ​ឬ?​ ចុះ​ស្រងែ​ទាំង​នេះ​មាន​មក​ពី​ណា?​
28 គាត់​ប្រាប់​គេ​ថា​ មនុស្ស​ដែល​ធ្វើ​ការ​នេះ​ គឺ​ជា​សត្រូវ។​ ពួក​បាវបម្រើ​ក៏​សួរ​គាត់​ទៀត​ថា​ ដូច្នេះ​ តើ​លោក​ចង់​ឲ្យ​យើង​ទៅ​ដក​ស្រងែ​ទាំង​នោះ​ដែរ​ឬ​ទេ?​
29 គាត់​និយាយ​ថា​ កុំ​អី!​ ក្រែង​លោ​ពេល​អ្នក​រាល់គ្នា​ដក​ស្រងែ​ ស្រូវ​ក៏​ដោយ​មក​ជាមួយ​ដែរ។​
30 ចូរ​ទុក​ឲ្យ​វា​ដុះ​ឡើង​ជាមួយ​គ្នា​រហូត​ដល់​ខែ​ចម្រូត​ចុះ​ នៅ​ពេល​ច្រូត​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជា​មុន​ចង​ជា​បាច់​ ដើម្បី​ដុត​ចោល​ ឯ​ស្រូវ​វិញ​ ត្រូវ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ»។​
31 ព្រះអង្គ​លើក​យក​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​គ្រាប់​មូតា​ ដែល​មនុស្ស​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​គាត់​
32 គ្រាប់​ពូជ​នោះ​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​ ប៉ុន្ដែ​ពេល​ដុះ​ឡើង​ វា​ធំ​ជាង​រុក្ខជាតិ​ផ្សេងៗ​ ហើយ​វា​ប្រែជា​ដើម​ឈើ​មួយ​ដើម​ ដូច្នេះ​សត្វ​ស្លាប​ហើរ​លើ​អាកាស​មក​អាស្រ័យ​នៅ​តាម​មែក​របស់​វា‍»។​
33 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ថា៖​ «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​មេនំប៉័ង​ ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់​ រហូត​ដល់​មេនំប៉័ង​នោះ​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។​
34 ព្រះយេស៊ូ​មាន​បន្ទូល​ប្រាប់​បណ្ដាជន​ពី​សេចក្ដី​ទាំង​អស់​នេះ​ជា​រឿង​ប្រៀប​ប្រដូច​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​នឹង​បណ្ដាជន​ឡើយ​
35 ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «យើង​នឹង​បើក​មាត់​យើង​និយាយ​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​យើង​នឹង​និយាយ​អំពី​សេចក្ដី​ដែល​បាន​លាក់​កំបាំង​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក‍»។​
36 បន្ទាប់​មក​ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ហើយ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «សូម​បក​ស្រាយ​ប្រាប់​យើង​ខ្ញុំ​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ស្រែ​មាន​ស្រងែ​ផង»។​
37 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ព្រោះ​ពូជ​ល្អ​គឺ​ជា​កូន​មនុស្ស​
38 ឯ​ស្រែ​គឺ​ជា​ពិភព​លោក​ ហើយ​ពូជ​ល្អ​ទាំង​នេះ​ជា​កូន​នៃ​នគរ​ព្រះជាម្ចាស់​ ឯ​ស្រងែ​វិញ​ជា​កូន​នៃ​អារក្ស​សាតាំង‍។​
39 សត្រូវ​ដែល​ព្រោះ​ស្រងែ​គឺ​ជា​អារក្ស​សាតាំង​ ហើយ​ខែ​ចម្រូត​គឺ​ជា​គ្រា​ចុង​ក្រោយ​ ឯ​អ្នក​ច្រូត​គឺ​ជា​ទេវតា។​
40 ដូច្នេះ​ ដែល​គេ​ប្រមូល​ស្រងែ​ដុត​បន្សុស​នឹង​ភ្លើង​យ៉ាង​ណា​ នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​ ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ​
41 គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ទៅ​ប្រមូល​អស់​ទាំង​អ្វីៗ​ដែល​បណ្ដាល​ឲ្យ​ប្រព្រឹត្ដ​បាប​ និង​ពួក​អ្នក​បំពាន​វិន័យ​ចេញ​ពី​នគរ​របស់​លោក​
42 ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​
43 ពេលនោះ​ មនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះ​ត្រចង់​ដូច​ដួង​អាទិត្យ​នៅ​ក្នុង​នគរ​ព្រះវរបិតា​របស់​គេ។​ អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​
44 នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​កប់​ទុក​នៅ​ក្នុង​ស្រែ​ដែល​បុរស​ម្នាក់​បាន​រក​ឃើញ​ ហើយ​កប់​ទុក​វិញ​ រួច​គាត់​បាន​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ដោយ​អំណរ​ ហើយ​ទិញ​យក​ស្រែ​នោះ។​
45 ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ឈ្មួញ​ម្នាក់​កំពុង​ស្វែង​រក​គជ់​ដ៏​ល្អ​ប្រណិត​
46 ហើយ​ពេល​រក​ឃើញ​គជ់​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ ហើយ​ទិញ​យក​គជ់​នោះ។​
47 ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​សំណាញ់​ដែល​បាន​បង់​ទៅ​ក្នុង​បឹង​ ហើយ​ប្រមូល​បាន​ត្រី​គ្រប់​ប្រភេទ​
48 ពេល​សំណាញ់​ពេញ​ គេ​ក៏​ទាញ​ឡើង​លើ​ច្រាំង​ ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ ឯ​ត្រី​អន់ៗ​ គេ​បោះ​ចោល។​
49 នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​នឹង​កើត​មាន​ដូច្នោះ​ដែរ​ ពួក​ទេវតា​នឹង​ចេញ​មក​ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​សុចរិត​
50 រួច​ទេវតា​នឹង​បោះ​មនុស្ស​អាក្រក់​ទាំង​នោះ​ទៅ​ក្នុង​ឡ​ភ្លើង​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​
51 តើ​អ្នក​រាល់គ្នា​យល់​សេចក្ដី​ទាំង​អស់​នេះ​ហើយ​ឬ​នៅ?»​ ពួកគេ​បាន​ទូល​ព្រះអង្គ​ថា៖​ «បាទ​ យល់​ហើយ‍»​
52 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ដូច្នេះ​ គ្រូវិន័យ​គ្រប់​គ្នា​ដែល​ត្រលប់​ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌​ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន‍»‍។​
53 កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច​ទាំង​នេះចប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ។​
54 កាល​យាង​ដល់​ស្រុក​របស់​ព្រះអង្គ ព្រះអង្គ​ក៏​បាន​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ធ្វើ​ឲ្យ​អ្នក​ស្រុក​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​មាន​ប្រាជ្ញា​ និង​ការ​អស្ចារ្យ​បែប​នេះ​មក​ពី​ណា?​
55 តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ?​ តើ​ម្ដាយ​គាត់​មិន​មែន​ឈ្មោះ​ម៉ារា​ ហើយ​ប្អូនៗ​គាត់​ឈ្មោះ​ យ៉ាកុប​ យ៉ូសេ​ ស៊ីម៉ូន​ និង​យូដាស​ទេ​ឬ?​
56 តើ​ប្អូន​ស្រី​របស់​គាត់​មិន​បាន​នៅ​ជាមួយ​យើង​ទាំង​អស់​គ្នា​ទេឬ?​ ដូច្នេះ​ តើ​អ្នក​នេះ​បាន​សេចក្ដី​ទាំង​អស់​នេះ​មក​ពី​ណា?»​
57 គេ​ក៏​ទាស់ចិត្ដ​នឹង​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​សេចក្ដី​គោរព​នៅ​គ្រប់​ទី​កន្លែង​ លើកលែង​តែ​នៅ​ក្នុង​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ»។​
58 ដោយ​ព្រោះ​តែ​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ព្រះអង្គ​មិន​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​នៅ​ទី​នោះ​ទេ។​

Sélection en cours:

Matthew 13: KCB

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi

YouVersion utilise des cookies pour personnaliser votre expérience. En utilisant notre site Web, vous acceptez l'utilisation des cookies comme décrit dans notre Politique de confidentialité