Logo YouVersion
Îcone de recherche

Matthew 11

11
1 កាល​ព្រះយេស៊ូ​បង្គាប់​សិស្ស​ទាំង​ដប់​ពីរ​ចប់​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទីនោះ​ទៅ​បង្រៀន​ និង​ប្រកាស​នៅ​ក្នុង​ក្រុង​នានា​របស់​ពួកគេ។​
2 ឯ​លោក​យ៉ូហាន​ដែល​នៅ​ក្នុង​គុក​ កាល​បាន​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​ ក៏​ចាត់​សិស្ស​របស់​គាត់​ឲ្យ​មក​ទូល​សួរ​ព្រះអង្គ​ថា៖​
3 «តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ ឬ​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​
4 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​ស្ដាប់​ឮ​ និង​មើល​ឃើញ​ចុះ​
5 គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ។​
6 អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​មាន​ពរ​ហើយ»។​
7 ពេល​អ្នក​ទាំង​នេះ​ចាក​ចេញ​ ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា‍៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​
8 តើ​អ្នក​រាល់គ្នា​បាន​ចេញ​ទៅ​មើល​អ្វី?​ មើល​បុរស​ម្នាក់​ ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ប្រណិត​ឬ?​ នែ៎!​ អ្នក​ស្លៀក​ពាក់​ស្អាត​ប្រណិត​ គឺ​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ។​
9 ដូច្នេះ​ តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី?​ អ្នក​នាំ​ព្រះបន្ទូល​ឬ?​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកនោះ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​
10 ដ្បិត​អ្នក​នេះ​ហើយ​ ដែល​មាន​សេចក្ដី​ចែងទុក​អំពី​គាត់​ថា​ មើល៍!​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដែល​ជា​អ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជា​មុន​
11 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​វិសេស​ជាង​គាត់​ទៅ​ទៀត។​
12 ប៉ុន្ដែ​ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ទល់​ពេល​នេះ​ មាន​គេ​ខំ​ប្រឹង​ចាប់​យក​នគរ​ស្ថានសួគ៌​ ហើយ​អ្នក​ខំ​ប្រឹង​ខ្នះខ្នែង​ ចាប់​យក​នគរ​នោះ​បាន​
13 ដ្បិត​អ្នក​នាំ​ព្រះបន្ទូល​ និង​គម្ពីរ​វិន័យ​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​ រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​
14 ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដីនេះ​ គឺ​លោក​ហើយ​ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក។​
15 អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​
16 តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី?​ មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ ស្រែក​ទៅ​ក្មេង​ឯ​ទៀត​
17 ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួក​ឯង​ ប៉ុន្ដែ​ពួក​ឯង​មិន​រាំ​ ហើយ​យើង​ស្មូត្រ​ ប៉ុន្ដែ​ពួក​ឯង​មិន​ទួញ​សោក​សោះ​
18 ដ្បិត​លោក​យ៉ូហាន​បាន​មក​ទាំង​មិន​បរិភោគ​មិន​ផឹក​ ប៉ុន្ដែ​គេ​និយាយ​ថា​ លោក​មាន​អារក្ស​ចូល​
19 ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ ប៉ុន្ដែ​គេ​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ដ​របស់​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប។​ ប៉ុន្ដែ​គេ​ដឹង​ថា​ប្រាជ្ញា​ត្រឹម​ត្រូវ​ គឺ​ដោយសារ​ផលផ្លែ​របស់​វា»។​
20 បន្ទាប់​មក​ ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បន្ទោស​ដល់​ក្រុង​នានា​ ដែល​ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ​ជា​ច្រើន​ ដោយ​ព្រោះ​ពួកគេ​មិន​បាន​ប្រែចិត្ត។​
21 «វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែចិត្ដ​តាំង​ពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន‍។​
22 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ មុខ​ជា​ងាយ​ទ្រាំ​ជាង​អ្នក​រាល់គ្នា​
23 ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​ផ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាន​នរក​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​ កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ​ ក្រុង​នោះ​នឹង​គង់វង្ស​រហូត​ដល់​ថ្ងៃ​នេះ​ជា​មិន​ខាន​
24 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​ជំនុំជម្រះ​ ក្រុង​សូដុម​ងាយ​ទ្រាំ​ជាង​អ្នក​ផង‍»‍។​
25 បន្ទាប់​ពី​មាន​បន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ឱ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​បើក​សំដែង​ដល់​ទារក​វិញ​
26 មែន​ហើយ​ ព្រះវរបិតា​អើយ‍!​ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ការ​បែប​នេះ​ណាស់។​
27 ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​
28 អស់​អ្នក​ដែល​នឿយ​ព្រួយ​ ហើយ​ផ្ទុក​ធ្ងន់​អើយ‍!​ ចូរ​មក​ឯ​ខ្ញុំ​ចុះ​ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​សម្រាក​
29 ចូរ​ទទួល​នឹម​ខ្ញុំ​ដាក់​លើ​អ្នក​រាល់គ្នា​ ហើយ​រៀន​ពី​ខ្ញុំ​ចុះ​ ដ្បិត​ខ្ញុំ​ស្លូត​ ហើយ​មាន​ចិត្ដ​សុភាព​ នោះ​អ្នក​រាល់គ្នា​នឹង​រក​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង​
30 ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ​ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​ដែរ»។​

Sélection en cours:

Matthew 11: KCB

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi

YouVersion utilise des cookies pour personnaliser votre expérience. En utilisant notre site Web, vous acceptez l'utilisation des cookies comme décrit dans notre Politique de confidentialité