YouVersion Logo
Search Icon

យ៉ូហាន 5

5
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ពិការ​ម្នាក់​ឲ្យ​ជា
1ក្រោយ​មក​ទៀត មាន​ពិធី​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ 2នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។ 3មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​ថែវ​ទាំង​នោះ [រង់‌ចាំ​ទឹក​កម្រើក 4ដ្បិត​យូរៗ​ម្ដង មាន​ទេវតា*​មួយ​រូប​ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កម្រើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កម្រើក​បាន​មុន​គេ អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។ 5នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ 6ព្រះ‌យេស៊ូ​ទត​ឃើញ​គាត់​ដេក​ដូច្នេះ ព្រះអង្គ​ជ្រាប​ថា គាត់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»។ 7អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ទឹក​កម្រើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។ 8ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។ 9ពេល​នោះ ស្រាប់​តែ​បុរស​នោះ​បាន​ជា​ភ្លាម គាត់​ក៏​យក​គ្រែ​ស្នែង​របស់​គាត់​ដើរ​ទៅ រីឯ​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ*។ 10 ជន‌ជាតិ​យូដា​ស្ដី​ឲ្យ​បុរស​ដែល​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។ 11គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា “ចូរ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ!”»។ 12គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។ 13ប៉ុន្តែ បុរស​ដែល​ជា​មិន​ដឹង​ថា​នរណា​បាន​ប្រោស​គាត់​ឲ្យ​ជា​ឡើយ ដ្បិត​ព្រះ‌យេស៊ូ​បាន​យាង​ចេញ​ពី​បណ្ដា‌ជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។
14ក្រោយ​មក ព្រះ‌យេស៊ូ​ជួប​គាត់​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក​លើស​មុន​ទៅ​ទៀត»។ 15បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូ​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា។ 16ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នាំ​គ្នា​បៀត‌បៀន​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។ 17ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ព្រះអង្គ​ដែរ»។ 18កាល​ឮ​ព្រះ‌បន្ទូល​នេះ ជន‌ជាតិ​យូដា​រឹត​តែ​ចង់​ធ្វើ​គុត​ព្រះអង្គ​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​ព្រះអង្គ​មិន​បាន​គោរព​តាម​វិន័យ*សម្រាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះអង្គ​ផ្ទាល់​ថែម​ទៀត ព្រះអង្គ​លើក​ខ្លួន​ឡើង​ស្មើ​នឹង​ព្រះ‌ជាម្ចាស់។
អំណាច​របស់​ព្រះ‌យេស៊ូ
19ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី​ដោយ​ព្រះអង្គ​ផ្ទាល់​ឡើយ គឺ​ព្រះ‌បុត្រា​ធ្វើ​តែ​កិច្ចការ​ណា​ដែល​ព្រះអង្គ​បាន​ឃើញ​ព្រះ‌បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​ព្រះ‌បិតា​ធ្វើ ព្រះ‌បុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។ 20ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌បុត្រា និង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ ព្រះ‌បិតា​នឹង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ងឿង‌ឆ្ងល់។ 21ដូច​ព្រះ‌បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ព្រះ‌បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ 22ព្រះ‌បិតា​មិន​ដាក់​ទោស​នរណា​ឡើយ គឺ​ព្រះអង្គ​បាន​ប្រគល់​អំណាច​ដាក់​ទោស​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​វិញ 23ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​ព្រះ‌បុត្រា ដូច​គេ​គោរព​ព្រះ‌បិតា។ អ្នក​ណា​មិន​គោរព​ព្រះ‌បុត្រា​ទេ អ្នក​នោះ​ក៏​មិន​គោរព​ព្រះ‌បិតា ដែល​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​នោះ​ដែរ។ 24ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ហើយ​ជឿ​លើ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។ 25ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់ គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​ព្រះ‌សូរសៀង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​អស់​អ្នក​ដែល​ឮ​ព្រះ‌សូរសៀង​នោះ​នឹង​មាន​ជីវិត​រស់​នៅ 26ដ្បិត​ព្រះ‌បិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ 27ហើយ​ព្រះ‌បិតា​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​ព្រះ‌បុត្រា​ជា​បុត្រ​មនុស្ស*។ 28សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌បុត្រា 29 ហើយ​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ទោស»។
សក្ខីភាព​អំពី​អំណាច​របស់​ព្រះ‌យេស៊ូ
30«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។ 31ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់ សក្ខីភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។ 32ប៉ុន្តែ មាន​ម្នាក់​ទៀត​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​សក្ខីភាព​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ ស្រប​តាម​សេចក្ដី​ពិត។ 33 អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​លោក​យ៉ូហាន លោក​ក៏​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត។ 34ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខីភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។ 35លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ​មួយ​ស្របក់​ដែរ។ 36រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខីភាព​មួយ​ប្រសើរ​ជាង​សក្ខីភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។ ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អម្បាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខីភាព​បញ្ជាក់​ថា ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។ 37 ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ តែ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ ហើយ​ក៏​មិន​ដែល​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ផង។ 38អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​ជឿ​អ្នក​ដែល​ព្រះ‌បិតា​បាន​ចាត់​ឲ្យ​មក។ 39អ្នក​រាល់​គ្នា​ខំ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា​នឹង​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ដោយ‌សារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ 40ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។ 41ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ទេ។ 42ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ត​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​គ្មាន​ចិត្ត​ស្រឡាញ់​ព្រះ‌ជាម្ចាស់​សោះ។ 43ខ្ញុំ​មក ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន! 44តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់​តែ​មួយ​គត់​សោះ​នោះ? 45កុំ​នឹក​ស្មាន​ថា​ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ឡើយ គឺ​លោក​ម៉ូសេ​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។ 46ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​លោក​ម៉ូសេ អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ស្ដី​អំពី​ខ្ញុំ 47ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​លោក​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន!»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy