YouVersion Logo
Search Icon

ទុតិយកថា 1

1
សុន្ទរ‌កថា​ទី​មួយ​របស់​លោក​ម៉ូសេ
ការ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ
1នេះ​ជា​សុន្ទរ‌កថា​ដែល​លោក​ម៉ូសេ​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង‌មូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​វាល​រហោ‌ស្ថាន​តំបន់​អារ៉ាបា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិ‌រ៉ូត និង​ឌីសា‌ហាប។ 2ចាប់​ពី​ភ្នំ​ហោរែប​រហូត​ដល់​កាដេស-‌បារនា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។ 3នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ថ្លែង​ប្រាប់​ពួក​គេ 4 គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ជន‌ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រី។
5កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​បង្រៀន​ក្រឹត្យ‌វិន័យ*​ដូច​ត​ទៅ៖
6«ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ភ្នំ​ហោរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ 7ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ព្រម​ទាំង​តំបន់​អារ៉ា‌បា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។ 8មើល​ចុះ! យើង​ប្រគល់​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជា​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។
9នៅ​គ្រា​នោះ ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា “ខ្លួន​ខ្ញុំ​តែ​ម្នាក់​ពុំ​អាច​ទទួល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​ទេ។ 10ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។ 11សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ព្រះអង្គ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ 12ប៉ុន្តែ ខ្លួន​ខ្ញុំ​ម្នាក់​ឯង​ពុំ​អាច​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ក្ដី‌ក្ដាំ និង​ជម្លោះ​របស់​អ្នក​រាល់​គ្នា​បាន​ទេ។ 13ហេតុ​នេះ ចូរ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​តែង‌តាំង​លោក​ទាំង​នោះ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា”។ 14ពេល​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា “សំណើ​របស់​លោក​សម​ហេតុ​សម​ផល​ណាស់”។ 15ខ្ញុំ​ក៏​បាន​ជ្រើស​រើស​មេ​ដឹក​នាំ​ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ​រយ​នាក់ មេ​ដឹក​នាំ​លើ​ហា‌សិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​ឲ្យ​មាន​ពួក​តំរួត​មើល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។ 16នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បងប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿងរ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្ដី​ឲ្យ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។ 17ក្នុង​ការ​កាត់​ក្ដី​កុំ​រើស​មុខ​នរណា​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្នក​តូច​ក៏​ដូច​អ្នក​ធំ​ដែរ កុំ​ខ្លាច​នរណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​ស្ថិត​នៅ​លើ​ព្រះ‌ជាម្ចាស់។ ប្រសិន​បើ​រឿងរ៉ាវ​នោះ​ពិបាក​កាត់​ក្ដី​ពេក ចូរ​បញ្ជូន​មក​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​ពិនិត្យ​មើល”។ 18នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អំពី​ច្បាប់​ទម្លាប់​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម»។
ការ​បះ‌បោរ​នៅ​កាដេស
19«បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោ‌ស្ថាន​ដ៏​ធំ​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដេស-‌បារនា 20ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “អ្នក​រាល់​គ្នា​មក​ដល់​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង។ 21មើល៍​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ហើយ ចូរ​ឡើង​ទៅ​កាន់​កាប់​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​អ្នក បាន​សន្យា​ចំពោះ​អ្នក កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឡើយ!”។ 22ពេល​នោះ អ្នក​រាល់​គ្នា​បាន​ចូល​មក​ជិត​ខ្ញុំ ហើយ​ប្រាប់​ថា: “សូម​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន​ពួក​យើង ដើម្បី​ពិនិត្យ​មើល​ស្រុក រួច​រាយ‌ការណ៍​ប្រាប់​យើង​ខ្ញុំ​អំពី​ស្ថាន​ភាព​ផ្លូវ និង​ក្រុង​នានា​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ”។ 23ខ្ញុំ​យល់​ឃើញ​ថា​គំនិត​នោះ​ល្អ ខ្ញុំ​ក៏​ចាត់​មនុស្ស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​តំណាង​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​ទៅ។ 24ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​តម្រង់​ទៅ​តំបន់​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែស‌កុល រួច​ពិនិត្យ​មើល​ស្រុក។ 25ពួក​គេ​បាន​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​បង្ហាញ​ពួក​យើង និង​រាយ‌ការណ៍​ប្រាប់​ពួក​យើង​ថា: “ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់”។ 26 ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា 27អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ក្នុង​តង់ត៍​របស់​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះអង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អាម៉ូរី និង​កម្ទេច​ពួក​យើង។ 28តើ​ឲ្យ​យើង​ខ្ញុំ​ឡើង​ទៅ​ណា? ពួក​យើង​គ្មាន​ទឹក​ចិត្ត​នឹង​ឡើង​ទៅ​ស្រុក​នោះ​ទេ ដ្បិត​បងប្អូន​របស់​យើង​ខ្ញុំ​រាយ‌ការណ៍​ប្រាប់​ពួក​យើង ថា​ប្រជា‌ជន​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​មាន​មាឌ​ធំ​ជាង​ពួក​យើង។ រីឯ​ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ និង​មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​អណាក់ នៅ​ស្រុក​នោះ​ដែរ”។ 29ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “កុំ​ភ័យ​តក់‌ស្លុត ហើយ​កុំ​ខ្លាច​ពួក​គេ​ឡើយ។ 30ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​នៅ​មុខ​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​ប្រយុទ្ធ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ នៅ​ស្រុក​អេស៊ីប​ដែរ។ 31 ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។ 32 ប៉ុន្តែ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ពុំ​បាន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ 33ថ្វី‌ដ្បិត​តែ​ព្រះអង្គ​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក* នៅ​ពេល​ថ្ងៃ”។
34 ពេល​ឮ​ពាក្យ​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: 35“ក្នុង​ចំណោម​មនុស្ស​ដ៏​អាក្រក់​នៅ​ជំនាន់​នេះ គ្មាន​នរណា​ម្នាក់​អាច​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ឡើយ 36លើក‌លែង​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ​ឲ្យ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាម​ព្រះ‌អម្ចាស់ ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។ 37ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ក៏​ទ្រង់​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។ 38សហការី​របស់​អ្នក គឺ​យ៉ូស្វេ ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ​គាត់​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ 39រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា ពួក​គេ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង កូន​របស់​អ្នក​រាល់​គ្នា​ដែល​សព្វ​ថ្ងៃ​ពុំ​ទាន់​ស្គាល់​ការ​អាក្រក់ ឬ​ល្អ​នៅ​ឡើយ គឺ​ពួក​គេ​ហើយ​ដែល​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។ 40ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ចេញ​ដំណើរ​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន តម្រង់​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ”។
41ពេល​នោះ អ្នក​រាល់​គ្នា​ឆ្លើយ​មក​ខ្ញុំ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហេតុ​នេះ​យើង​ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បង្គាប់​យើង​ខ្ញុំ”។ ពេល​នោះ អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ងាយ​ស្រួល​ក្នុង​ការ​វាយ​យក​តំបន់​ភ្នំ។ 42ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រាប់​ពួក​គេ​កុំ​ឲ្យ​ឡើង​ទៅ​វាយ​យក​ស្រុក​នោះ​ឡើយ ដ្បិត​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ខ្មាំង​សត្រូវ​មុខ​ជា​វាយ​អ្នក​រាល់​គ្នា​ឲ្យ​បរា‌ជ័យ​មិន​ខាន”។ 43ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត‌អាង។ 44ពេល​នោះ ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កម្ទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហោ‌ម៉ា។ 45ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​អ្នក​រាល់​គ្នា​ទេ។ 46អ្នក​រាល់​គ្នា​ក៏​រស់​នៅ​ត្រង់​កាដេស​នោះ​អស់​រយៈ​ពេល​ជា​យូរ​ថ្ងៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy