YouVersion Logo
Search Icon

Luke 24

24
1 នៅ​ព្រឹក​ព្រលឹម​នាថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ ពួកគេ​ក៏​នាំ​យក​គ្រឿង​ក្រអូប​ដែល​ពួកគេ​បាន​រៀបចំ​មក​ឯ​ផ្នូរ​
2 ពួកគេ​បាន​ឃើញ​ថ្ម​ត្រូវ​បាន​ប្រមៀល​ចេញ​ពី​ផ្នូរ​
3 ពេល​ពួកគេ​ចូល​ទៅ​ មិន​បាន​ឃើញ​សព​ព្រះអម្ចាស់​យេស៊ូ​ទេ​
4 ហើយ​កាល​ពួកគេ​កំពុង​នឹក​ឆ្ងល់​ពី​ហេតុការណ៍​នេះ​ មើល៍​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចែងចាំង​បាន​ឈរ​ក្បែរ​ពួកគេ។​
5 ពួកគេ​ក៏​ប្រែ​ជា​ភ័យខ្លាច​ ហើយ​ក្រាប​មុខ​ដល់​ដី​ ឯ​បុរស​ពីរ​នាក់​នោះ​ប្រាប់​មក​ពួកគេ​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​រក​មនុស្ស​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?​
6 ដ្បិត​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទីនេះ​ទេ!​ ចូរ​ចាំ​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច​ កាល​នៅ​ស្រុក​កាលីឡេ​
7 គឺ​មាន​បន្ទូល​ថា​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​ រួច​ត្រូវ​គេ​ឆ្កាង​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​នឹង​រស់​ឡើង​វិញ»។​
8 ពួកគេ​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​
9 ហើយ​ពេល​ត្រលប់​ពី​ផ្នូរ​មក​វិញ​ ពួកគេ​បាន​ប្រាប់​ហេតុការណ៍​ទាំង​អស់​នេះ​ដល់​សាវក​ទាំង​ដប់​មួយ​ ព្រមទាំង​អ្នក​ផ្សេងៗ​ទៀត។​
10 ពួក​ស្ដ្រី​ដែល​បាន​ប្រាប់​ហេតុការណ៍​ទាំង​នោះ​ដល់​ពួក​សាវក​ មាន​នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​ នាង​យ៉ូអាណាន់​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ ព្រមទាំង​ស្ដ្រី​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​ពួកគេ។​
11 ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​ជឿ​ពួក​នាង​ទេ​ ដ្បិត​ពាក្យ​សំដី​របស់​ពួក​នាង​ដូចជា​ផ្ដេសផ្ដាស​សម្រាប់​ពួកគេ។​
12 លោក​ពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ​ និង​បាន​អោន​មើល​ ក៏​ឃើញ​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ​ រួច​គាត់​ក៏​ចាក​ចេញ​មក​វិញ​ដោយ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង។​
13 ហើយ​មើល៍​ នៅ​ថ្ងៃ​ដដែល​នោះ​ មាន​ពីរ​នាក់​ក្នុង​ចំណោមពួក​សិស្ស​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​ភូមិ​អេម៉ោស​ ដែល​មាន​ចម្ងាយ​ប្រហែល​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម​
14 ហើយ​ពួកគេ​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​
15 ហើយ​ពេល​ពួកគេ​កំពុង​ជជែក​គ្នា​ ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ដែរ​
16 តែ​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​ខ្ទប់​មិន​ឲ្យ​ស្គាល់​ព្រះអង្គ​ទេ។​
17 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួក​អ្នក​កំពុង​ដើរ​បណ្ដើរ​ និយាយ​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី?»​ ពួកគេ​ក៏​ឈរ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​
18 ម្នាក់​ឈ្មោះ​ក្លេប៉ាស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «តើ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ឬ​ ដែល​នៅ​ក្រុង​យេរូសាឡិម​ ហើយ​មិន​ដឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ប៉ុន្មាន​ថ្ងៃ​នេះ?»​
19 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រឿង​អ្វី​ទៅ?»​ ពួកគេ​ទូល​តប​ថា៖​ «គឺ​អំពី​លោក​យេស៊ូ​ ជា​អ្នក​ក្រុង​ណាសារ៉ែត​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ដ៏​មាន​អំណាច​ទាំង​នៅ​ក្នុង​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ប្រជាជន​ទាំងអស់​
20 ប៉ុន្ដែ​យ៉ាង​ដូចម្ដេច​បាន​ជា​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អាជ្ញាធរ​របស់​យើង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ គឺ​ពួកគេ​បាន​ឆ្កាង​លោក​
21 ហើយ​យើង​សង្ឃឹម​ថា​ លោក​ជា​ព្រះ​មួយ​អង្គ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ ប៉ុន្ដែ​លើសពី​នេះ​ទៅ​ទៀត​ នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ តាំងពី​ហេតុការណ៍​ទាំង​នេះ​បាន​កើតឡើង។​
22 មាន​ពួក​ស្ដ្រីខ្លះ​នៅ​ក្នុង​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ដែរ​ គឺ​កាល​ពួកគេ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម​
23 មិន​បាន​ឃើញ​សព​លោក​ទេ​ ពួកគេ​បាន​មក​ប្រាប់​ទៀត​ថា​ បាន​ឃើញ​ពួក​ទេវតា​លេច​មក​ប្រាប់​ថា​ លោក​នៅរស់​ទេ។​
24 មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​យើង​បាន​ចេញ​ដំណើរ​ទៅ​ឯ​ផ្នូរ​ ហើយ​ក៏​ឃើញ​ដូចជា​ស្ដ្រី​ទាំង​នោះ​និយាយ​មែន​ គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ»។​
25 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​មនុស្ស​ល្ងីល្ងើ​ និង​មាន​ចិត្ត​មិន​ងាយ​ជឿ​អស់​ទាំង​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​អើយ!​
26 តើ​ព្រះគ្រិស្ដ​មិន​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​នោះ​ទេ​ឬ​ ដើម្បី​ចូល​ទៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះអង្គ?»​
27 រួច​ព្រះអង្គ​ក៏​ពន្យល់​ប្រាប់​ពួកគេ​គ្រប់​សេចក្ដី​ដែល​បាន​ចែង​អំពី​ព្រះអង្គ​នៅ​ក្នុង​បទគម្ពីរ​ទាំង​អស់​ ចាប់​ផ្ដើម​ពី​គម្ពីរ​ម៉ូសេ​រហូត​ដល់​គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល។​
28 កាល​ពួកគេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ភូមិ​នោះ​ហើយ​ ព្រះអង្គ​ក៏​ធ្វើ​ជា​យាង​បង្ហួស​ទៅ​
29 ប៉ុន្ដែ​ពួកគេ​បាន​ទទូច​សុំ​ព្រះអង្គ​យ៉ាង​ខ្លាំង​ថា៖​ «សូម​ស្នាក់​នៅ​ជាមួយ​យើង​សិន​ ព្រោះ​ល្ងាច​ណាស់​ហើយ»​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ។​
30 កាល​ព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​ រួច​កាច់​ឲ្យ​ទៅ​ពួកគេ​
31 ពេល​នោះ​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​បើក​ឡើង​ ហើយ​ពួកគេ​ក៏​ស្គាល់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ក៏​បាត់​ពី​មុខ​ពួកគេ​ទៅ។​
32 ពួកគេ​បាន​និយាយ​គ្នា​ថា៖​ «តើ​ចិត្ដ​របស់​យើង​មិន​បាន​ឆេះឆួល​ទេ​ឬ​ កាល​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​កាន់​យើង​នៅ​តាម​ផ្លូវ​ គឺ​នៅ​ពេល​ព្រះអង្គ​បក​ស្រាយ​បទគម្ពីរ​ប្រាប់​យើង?»​
33 ពេល​នោះ​ពួកគេ​ក្រោក​ឡើង​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ហើយ​ពួកគេ​បាន​ឃើញ​សាវក​ទាំង​ដប់​មួយ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ពួកគេ​កំពុង​ជួបជុំ​គ្នា​
34 និយាយ​ថា៖​ «ព្រះអម្ចាស់​បាន​រស់​ឡើង​វិញ​ពិត​មែន​ គឺ​ព្រះអង្គ​បាន​លេច​មក​ឲ្យ​លោក​ស៊ីម៉ូន​ឃើញ»។​
35 ពួកគេ​ក៏​ពន្យល់​ប្រាប់​ពី​ហេតុការណ៍​នៅ​តាម​ផ្លូវ​ និង​ពី​របៀប​ដែល​ពួកគេ​ស្គាល់​ព្រះអង្គ​នៅ​ពេល​កាច់​នំប៉័ង។​
36 ពេល​ពួកគេ​កំពុង​ប្រាប់អំពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «សូម​អ្នក​រាល់គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ»​
37 ពួកគេ​ក៏​ខ្លាច​ញ័ររន្ធត់​ ព្រោះ​ពួកគេ​គិត​ថា​ជួប​ខ្មោច។​
38 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ច្របូក​ច្របល់​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ត​សង្ស័យ​ដូច្នេះ?​
39 ចូរ​មើល​ដៃ​ និង​ជើង​របស់​ខ្ញុំ​ចុះ​ ថា​ជា​ខ្ញុំ​ ហើយ​ចូរ​មើល​ និង​ពាល់​ខ្ញុំ​ចុះ​ ព្រោះ​ខ្មោច​គ្មាន​សាច់​គ្មាន​ឆ្អឹង​ដូចជា​អ្នក​រាល់គ្នា​ឃើញ​ខ្ញុំ​នេះ​ទេ»។​
40 កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ក៏​បង្ហាញ​ព្រះហស្ត​ និង​បាទា​ឲ្យ​ពួកគេ​ឃើញ។​
41 ប៉ុន្ដែ​ដោយ​សេចក្ដី​អំណរ​ និង​ការ​ងឿង​ឆ្ងល់​ ពួកគេ​នៅ​តែ​មិន​ទាន់​ជឿ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​អាហារ​នៅ​ទីនេះ​ដែរ​ឬ​ទេ?»​
42 ពួកគេ​ក៏​ឲ្យ​ត្រី​អាំង​មួយ​ដុំ​ដល់​ព្រះអង្គ​
43 ហើយ​ព្រះអង្គ​ក៏​យក​មក​បរិភោគ​នៅ​ចំពោះ​មុខ​ពួកគេ​
44 រួច​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ទាំង​នេះ​ជា​ពាក្យ​សំដី​របស់​ខ្ញុំ​ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ កាល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ គឺ​បាន​ប្រាប់​ថា​ សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ទំនុក​តម្កើង​ត្រូវតែ​សម្រេច»។​
45 បន្ទាប់មក​ព្រះអង្គ​ក៏​បើក​គំនិត​របស់​ពួកគេ​ឲ្យ​យល់​បទគម្ពីរ​ទាំង​នោះ​
46 ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ថា​ ព្រះគ្រិស្ដ​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​
47 ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែ​ចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប​ដល់​ជនជាតិ​ទាំង​អស់​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ​
48 ហើយ​អ្នក​រាល់គ្នា​ជា​សាក្សី​នៃ​ហេតុការណ៍​ទាំង​នេះ​
49 មើល៍​ ខ្ញុំ​បាន​ប្រគល់​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ហើយ​ ប៉ុន្ដែ​ចូរ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​រហូត​ដល់​អ្នក​រាល់គ្នា​បាន​គ្រប​ដណ្ដប់​ដោយ​អំណាច​ពី​ស្ថានលើ»។​
50 ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ក្រៅ​រហូត​ដល់​ក្រុង​បេថានី​ ហើយ​ព្រះអង្គ​ក៏​លើក​ព្រះហស្ដ​ប្រទាន​ពរ​ដល់​ពួកគេ។​
51 កាល​ព្រះអង្គ​កំពុង​ប្រទាន​ពរ​ឲ្យ​ពួកគេ​ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ពួកគេ​ទៅ​ គឺ​ត្រូវ​បាន​លើក​យក​ទៅ​ឯ​ស្ថានសួគ៌​វិញ​។​
52 ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ​ ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​អំណរ​ជា​ខ្លាំង​
53 និង​បាន​នៅ​ក្នុង​ព្រះវិហារ​ថ្វាយ​ព្រះពរ​ព្រះជាម្ចាស់​ជានិច្ច។​

Currently Selected:

Luke 24: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy