YouVersion Logo
Search Icon

Luke 1

1
1 មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចង​ក្រង​រឿង​រ៉ាវ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​សម្រេច​នៅ​ក្នុង​ចំណោម​យើង​
2 គឺ​ទៅ​តាម​អស់​អ្នក​ជា​សាក្សី​ផ្ទាល់​ភ្នែក​តាំង​ពី​ដំបូង​ និង​បាន​ត្រលប់​ជា​អ្នកបម្រើ​ព្រះបន្ទូល​ដែល​បាន​ប្រគល់​ឲ្យ​យើង​
3 ដូច្នេះ​លោក​ថេវភីល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​អើយ!​ កាល​ដែល​ខ្ញុំ​សាក​សួរ​សព្វ​គ្រប់​យ៉ាង​ហ្មត់ចត់​តាំង​ពី​ដំបូង​មក​ នោះ​ក៏​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ​សម្រាប់​ខ្ញុំ​ដែរ​ ដែល​សរសេរ​តាម​លំដាប់​លំដោយ​ជូន​ដល់​លោក​
4 ដើម្បី​ឲ្យ​លោក​ដឹង​ថា​ សេចក្ដី​ទាំងឡាយ​ដែល​លោក​បាន​រៀន​មក​នោះ​ ជា​ការ​ពិត​ប្រាកដ។​
5 នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ ជា​ស្ដេច​ស្រុក​យូដា​ មាន​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ ឈ្មោះ​សាការី​ មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​អេលីសាបិត​ ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន​
6 ពួកគេ​ទាំង​ពីរ​នាក់​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដោយ​ដើរ​តាម​បញ្ញត្ដិ​ និង​ច្បាប់​ទាំងឡាយ​របស់​ព្រះអម្ចាស់​ឥត​បន្ទោស​បាន​ឡើយ​
7 ប៉ុន្ដែ​ពួកគេ​គ្មាន​កូន​សោះ​ ព្រោះ​អេលីសាបិត​ជា​ស្ដ្រីអារ​ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ។​
8 ថ្ងៃ​មួយ​ជា​វេន​ក្រុម​របស់​គាត់​ ហើយ​គាត់​ត្រូវ​បំពេញ​តួនាទី​ជា​សង្ឃ​នៅ​ចំពោះ​ព្រះជាម្ចាស់​
9 ព្រោះ​គាត់​ត្រូវ​បាន​គេ​ចាប់​ឆ្នោត​ជ្រើស​រើស​ទៅ​តាម​ទំនៀម​ទម្លាប់​សង្ឃ​ដើម្បី​ចូល​ដុត​គ្រឿង​ក្រអូប​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់។​
10 នៅ​ពេល​កំពុង​ថ្វាយ​គ្រឿង​ក្រអូប​ និង​ប្រជាជន​ច្រើន​កុះករ​បាន​អធិស្ឋាន​ទាំង​អស់​គ្នា​នៅ​ខាង​ក្រៅ​
11 នោះ​មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​ ដោយ​ឈរ​នៅ​ខាងស្ដាំ​កន្លែង​ថ្វាយ​តង្វាយ​គ្រឿង​ក្រអូប។​
12 កាល​លោក​សាការី​ឃើញ​ គាត់​ក៏​តក់​ស្លុត​ ហើយ​មាន​សេចក្ដី​ភ័យខ្លាច​
13 ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​គាត់​ថា៖​ «សាការី​អើយ!​ កុំ​ខ្លាច​អី​ដ្បិត​ព្រះជាម្ចាស់​បាន​ស្ដាប់​ឮ​សេចក្ដី​អធិស្ឋាន​ទូល​សូម​របស់​អ្នក​ហើយ​ រីឯ​អេលីសាបិត​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​អ្នក​ ហើយ​អ្នក​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូហាន។​
14 កូន​នោះ​នឹង​ក្លាយជា​អំណរ​ និង​ជា​សេចក្ដី​រីករាយ​ដល់​អ្នក​ ឯ​មនុស្ស​ជាច្រើន​នឹង​ត្រេកអរ​ចំពោះ​កំណើត​របស់​កូន​នោះ​
15 ដ្បិត​កូន​នោះ​នឹង​ត្រលប់ជា​មនុស្ស​ដ៏​អស្ចារ្យ​នៅ​ចំពោះ​ព្រះអម្ចាស់​ ​កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ និង​គ្រឿង​ស្រវឹង​ឡើយ​ ហើយ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក។​
16 កូន​នោះ​នឹង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ជាច្រើន​ឲ្យ​ត្រលប់​មក​ឯ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ​វិញ​
17 ដ្បិត​កូន​នោះ​នឹង​ទៅ​មុខ​មុន​ព្រះអង្គ​ដោយ​វិញ្ញាណ​ និង​អំណាច​របស់​លោក​អេលីយ៉ា​ ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​មក​ឯ​កូន​ និង​ពួក​មនុស្ស​មិន​ស្ដាប់​បង្គាប់​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​ដើម្បី​រៀបចំ​ប្រជារាស្ដ្រ​មួយ​ជា​ស្រេច​សម្រាប់​ព្រះអម្ចាស់»។​
18 លោក​សាការី​សួរ​ទៅ​ទេវតា​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​សេចក្ដី​នេះ​យ៉ាង​ដូច​ម្ដេច​បាន?​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ចាស់​ ឯ​ប្រពន្ធ​របស់​ខ្ញុំ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ»​
19 ទេវតា​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល​ ជា​អ្នក​ឈរ​នៅ​ក្នុង​ព្រះវត្ដមាន​ព្រះជាម្ចាស់​ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក។​
20 មើល៍​ អ្នក​នឹង​គ​ ហើយ​មិន​អាច​និយាយ​បាន​ទេ​រហូត​ដល់​ថ្ងៃ​ដែល​សេចក្ដី​ទាំង​នេះ​កើត​ឡើង​ ព្រោះ​អ្នក​មិន​ជឿ​ពាក្យ​សំដី​របស់​ខ្ញុំ​ដែល​នឹង​សម្រេច​តាម​ពេល​កំណត់»។​
21 រីឯ​ប្រជាជន​ដែល​កំពុង​ទន្ទឹង​មើល​លោក​សាការី​ ពួកគេ​ឆ្ងល់​ចំពោះ​ការ​ដែល​គាត់​យឺតយូរ​នៅ​ក្នុង​ព្រះវិហារ​
22 ហើយ​កាល​គាត់​ចេញ​មក​ គាត់​មិន​អាច​និយាយ​ទៅ​ពួកគេ​បាន​សោះ​ ដូច្នេះ​ពួកគេ​ដឹង​ច្បាស់​ថា​ គាត់​បាន​ឃើញ​ការ​ជាក់ស្ដែង​មួយ​នៅ​ក្នុង​ព្រះវិហារ​ ហើយ​គាត់​ធ្វើ​បាន​តែ​សញ្ញា​ទៅ​ពួកគេ​ប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​នៅ​តែ​គ​ដដែល។​
23 លុះ​ក្រោយ​ពេល​បាន​បំពេញ​កិច្ចការ​ទាំងប៉ុន្មាន​ថ្ងៃ​របស់​គាត់​ចប់​សព្វ​គ្រប់​ហើយ​ គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​
24 ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អេលីសាបិត​ជា​ប្រពន្ធ​របស់​គាត់​ក៏​មាន​ផ្ទៃពោះ​ និង​បាន​លាក់​ខ្លួន​អស់​ប្រាំ​ខែ​ដោយ​និយាយ​ថា៖​
25 «ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច្នេះ​ក្នុង​គ្រា​ដែល​ព្រះអង្គ​បាន​ទត​ដោយ​សន្ដោស​ដក​យក​សេចក្តី​អាម៉ាស់​របស់​ខ្ញុំ​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស»។​
26 ដល់​ខែ​ទី​ប្រាំ​មួយ​ ព្រះជាម្ចាស់​បាន​ចាត់​ទេវតា​កាពី្រយ៉ែល​ឲ្យ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ​ដែល​មាន​ឈ្មោះ​ថា​ ណាសារ៉ែត​
27 គឺ​ទៅ​ឯ​ស្ដ្រី​ព្រហ្មចារី​ម្នាក់​ ដែល​បាន​ភ្ជាប់​ពាក្យ​នឹង​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ ជា​ពូជពង្ស​ស្ដេច​ដាវីឌ​ ហើយ​ស្ដ្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា‍។​
28 កាល​បាន​ចូល​មក​ជិត​នាង​ហើយ​ ទេវតា​ក៏​និយាយ​ថា៖​ «ចូរ​អរ​សប្បាយ​ឡើង​ ឱ​នាង​ដ៏​ជាទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ ព្រះអង្គ​គង់​ជាមួយ​នាង​ហើយ‍»‍។​
29 នាង​រារែក​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​សំដី​នេះ​ និង​បាន​រិះ​គិត​អំពី​ពាក្យ​ជម្រាប​សួរ​នេះ​ថា​ តើ​មាន​ន័យ​ដូច​ម្ដេច។​
30 ប៉ុន្ដែ​ទេវតា​និយាយ​ទៅ​នាង​ថា៖​ «ម៉ារា​អើយ!​ កុំ​ខ្លាច​អី​ ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​នាង​ណាស់​
31 មើល៍​ នាង​នឹង​មាន​គភ៌​ រួច​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ ហើយ​នាង​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​យេស៊ូ​
32 កូន​នោះ​នឹង​ត្រលប់ជា​អ្នក​ដ៏​អស្ចារ្យ​ ហើយ​គេ​នឹង​ហៅ​កូន​នោះ​ថា​ ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ ឯ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​ប្រទាន​បល្ល័ង្ក​របស់​ស្ដេច​ដាវីឌ​ដែល​ជា​ដូនតា​ឲ្យ​ទៅ​ព្រះអង្គ​
33 រួច​ព្រះអង្គ​នឹង​គ្រប់​គ្រង​លើ​ពូជពង្ស​របស់​លោក​យ៉ាកុប​អស់​កល្ប​ជានិច្ច​ ហើយ​នគរ​របស់​ព្រះអង្គ​គ្មាន​ទីបញ្ចប់​ឡើយ»។​
34 ប៉ុន្ដែ​នាង​ម៉ារា​សួរ​ទៅ​ទេវតា​ថា៖​ «តើ​ការ​នេះ​នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច​ បើ​ខ្ញុំ​មិន​ទាន់​ស្គាល់​ប្រុស​ណា​ផង?»​
35 ទេវតា​ឆ្លើយ​តប​ទៅ​នាង​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង​ ហើយ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្របបាំង​នាង​ដោយ​ស្រមោល។​ ដូច្នេះ​គេ​នឹង​ហៅ​បុត្រ​តូច​ដ៏​បរិសុទ្ធ​ដែល​នឹង​កើត​មក​នោះ​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​
36 ហើយ​មើល៍!​ នាង​អេលីសាបិត​សាច់ញាតិ​របស់​នាង​ក៏​មាន​គភ៌​ជា​កូន​ប្រុស​ម្នាក់​ដែរ​ ក្នុង​វ័យ​ចាស់​ជរា​ និង​ក្នុង​កាល​ដែល​គេ​ហៅ​ថា​ស្ត្រី​អារ​ នាង​មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ​
37 ដ្បិត​គ្មាន​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។​
38 នាង​ម៉ារា​ក៏​និយាយ​ទៅ​ទេវតា​ថា៖​ «មើល៍​ នាងខ្ញុំ​ជា​បាវបម្រើ​របស់​ព្រះអម្ចាស់​ សូម​ឲ្យ​សម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​សំដី​របស់​លោក​ចុះ!»​ រួច​ទេវតា​ក៏​ចាកចេញ​ពី​នាង​ទៅ។​
39 នៅ​គ្រា​នោះ​ នាង​ម៉ារា​ក៏​ក្រោកឡើង​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ដោយ​ប្រញាប់​ប្រញាល់​សំដៅ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​យូដា​
40 រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​សាការី​ ហើយ​បាន​ជម្រាប​សួរ​នាង​អេលីសាបិត។​
41 ពេល​នាង​អេលីសាបិត​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ម៉ារា​ ទារក​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បំរះ​ឡើង​ ឯ​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​
42 រួច​នាង​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អ្នក​មាន​ពរ​ណាស់​ក្នុង​ចំណោម​ពួក​ស្ដ្រី​ ឯ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​គឺ​ជា​ព្រះពរ​ហើយ​
43 តើ​នេះ​កើតឡើង​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ហ្ន៎​ បាន​ជា​មាតា​របស់​ព្រះអម្ចាស់​នៃ​ខ្ញុំ​មក​ឯ​ខ្ញុំ​ដូច្នេះ?​
44 ព្រោះ​មើល៍​ ពេល​សំឡេង​ជម្រាប​សួរ​របស់​អ្នក​បាន​ឮ​ដល់​ត្រចៀក​ខ្ញុំ​ ទារក​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​បាន​បំរះ​ដោយ​អំណរ​
45 ស្ដ្រី​ណា​ដែល​ជឿ​ថា​ សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នឹង​សម្រេច​ពិត​ប្រាកដ​មែន​ នោះ​មាន​ពរ​ហើយ»។​
46 រួច​នាង​ម៉ារា​តប​ថា៖​ «ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះអម្ចាស់​
47 ហើយ​វិញ្ញាណ​ខ្ញុំ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​នឹង​ព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ​
48 ដ្បិត​ព្រះអង្គ​បាន​ទត​សន្ដោស​ដល់​ភាព​ទន់​ទាប​នៃ​បាវបម្រើ​របស់​ព្រះអង្គ។​ មើល៍​ ចាប់ពី​ពេល​នេះ​តទៅ​ មនុស្ស​គ្រប់​ជំនាន់​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ​
49 ព្រោះ​ព្រះ​ដ៏​មាន​អំណាច​បាន​ធ្វើ​ការ​អស្ចារ្យ​ដល់​ខ្ញុំ​ ហើយ​ព្រះនាម​ព្រះអង្គ​ក៏​បរិសុទ្ធ​
50 សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះអង្គ​មាន​ដល់​អស់​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ​រហូត​តរៀង​ទៅ​
51 ព្រះអង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ​ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ ហើយ​កំចាត់​កំចាយ​អំនួត​ចេញ​ពី​ក្នុង​ចិត្ដ​គំនិត​របស់​មនុស្ស​
52 ព្រះអង្គ​ទម្លាក់​ស្ដេច​ពី​បល្ល័ង្ក​របស់​គេ ហើយ​លើក​តម្កើង​អ្នក​ទន់ទាប​
53 ហើយ​បំពេញ​អស់​អ្នក​ស្រេក​ឃ្លាន​ដោយ​សេចក្ដី​ល្អ​ និង​បញ្ចូន​អ្នក​មាន​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ​
54 ដោយ​នឹកចាំ​ពី​សេចក្ដី​មេត្តា​ករុណា​ ព្រះអង្គ​ជួយ​អ៊ីស្រាអែល​ជា​បាវបម្រើ​របស់​ព្រះអង្គ​
55 ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់​យើង​ គឺ​លោក​អ័ប្រាហាំ​ និង​ពូជពង្ស​របស់​គាត់​រហូត​ត​រៀង​មក»។​
56 នាង​ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​នាង​អេលីសាបិត​ប្រហែល​បី​ខែ​ ហើយ​ក៏​ត្រលប់​ទៅ​ផ្ទះ​របស់​នាង​វិញ។​
57 កាល​នាង​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​ នាង​ក៏​សម្រាល​បាន​កូន​ប្រុស​ម្នាក់។​
58 ពេល​អ្នក​ជិតខាង​ និង​សាច់ញាតិ​របស់​នាង​បាន​ឮ​ថា​ ព្រះអម្ចាស់​បាន​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដ៏​សម្បើម​ដល់​នាង​ ពួកគេ​ក៏​អរ​សប្បាយ​ជាមួយ​នាង។​
59 លុះ​ដល់​ថ្ងៃ​ទី​ប្រាំ​បី​ ពួកគេ​បាន​មក​ដើម្បី​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ទារក​នោះ​ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​ សាការី​ តាម​ឈ្មោះ​របស់​ឪពុក​
60 ប៉ុន្ដែ​ម្ដាយ​របស់​ទារក​នោះ​ឆ្លើយ​ថា៖​ «ទេ​ ត្រូវ​ដាក់​ឈ្មោះ​ថា​យ៉ូហាន​វិញ»។​
61 ពួកគេ​និយាយ​ទៅ​នាង​ថា៖​ «គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​សាច់​ញាតិ​អ្នក​មាន​ឈ្មោះ​ហ្នឹង​ទេ»​
62 ហើយ​ពួកគេ​ធ្វើ​សញ្ញា​សួរ​ទៅ​ឪពុក​របស់​ទារក​នោះ​ថា​ តើ​គាត់​ចង់​ដាក់​ឈ្មោះ​អ្វី។​
63 គាត់​ក៏​សុំ​ក្ដារ​ឆ្នួន​មួយ​ ហើយ​សរសេរ​ថា​ ឈ្មោះ​របស់​ទារក​នេះ​គឺ​ យ៉ូហាន។​ គេ​គ្រប់គ្នា​ក៏​នឹក​អស្ចារ្យ។​
64 រំពេច​នោះ​មាត់​ និង​អណ្ដាត​របស់​គាត់​បាន​ហើប​ឡើង​ គាត់​ក៏​ពោល​សរសើរ​តម្កើង​ព្រះជាម្ចាស់​
65 ហើយ​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ជុំវិញ​ មាន​សេចក្ដី​រន្ធត់​ជា​ខ្លាំង​ ពួកគេ​បាន​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំង​អស់​នេះ​នៅ​ក្នុង​តំបន់ភ្នំ​នៃ​ស្រុក​យូដា​ទាំងមូល។​
66 អស់​អ្នក​ដែល​បាន​ឮ​ ក៏​រក្សា​ទុក​ក្នុង​ចិត្ដ​ទាំង​និយាយ​គ្នា​ថា៖​ «ដូច្នេះ​ តើ​ទារក​នេះ​នឹង​ត្រលប់​ជា​អ្វី?​ ដ្បិត​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​វា​យ៉ាង​ប្រាកដ»។​
67 ឯ​លោក​សាការី ជា​ឪពុក​ បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​ថ្លែង​ព្រះបន្ទូល​ថា៖​
68 «សូម​ឲ្យ​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​អ៊ីស្រាអែល​ប្រកប​ដោយ​ព្រះពរ​ ដ្បិត​ព្រះអង្គ​បាន​មក​មើល​ និង​ធ្វើ​ឲ្យ​សេចក្ដី​ប្រោស​លោះ​សម្រាប់​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​បាន​សម្រេច​
69 ព្រមទាំង​បាន​លើក​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​ឡើង​សម្រាប់​យើង​នៅ​ក្នុង​ពូជពង្ស​របស់​ដាវីឌ​ ជា​បាវបម្រើ​របស់​ព្រះអង្គ​
70 ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​តាមរយៈ​មាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ដើម​រៀង​មក​
71 គឺ​ជា​សេចក្ដី​សង្គ្រោះ​ឲ្យ​ផុត​ពី​ខ្មាំង​សត្រូវ​របស់​យើង​ និង​ពី​ដៃ​របស់​មនុស្ស​ទាំង​អស់​ដែល​ស្អប់​យើង​
72 ដើម្បី​ប្រោស​ប្រទាន​សេចក្ដី​មេត្ដា​ករុណា​ដល់​ដូនតា​របស់​យើង​ និង​ដើម្បី​នឹកចាំ​ពី​កិច្ច​ព្រមព្រៀង​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​
73 ជា​សម្បថ​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​ គឺ​ប្រោស​ប្រទាន​ឲ្យ​យើង​
74 ផុត​ពី​ដៃ​ខ្មាំង​សត្រូវ​ទាំងឡាយ​របស់​យើង​ ដើម្បី​ឲ្យ​យើង​បម្រើ​ព្រះអង្គ​ដោយ​ឥត​ភ័យ​ខ្លាច​
75 ដោយ​សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​សុចរិត​ក្នុង​ព្រះវត្ដមាន​របស់​ព្រះអង្គ​អស់​មួយ​ជីវិត​របស់​យើង។​
76 ឱ​ទារក​តូច​អើយ!​ អ្នក​នឹង​ត្រូវ​គេ​ហៅ​ដែរ​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដ្បិត​អ្នក​នឹង​ទៅ​មុខ​មុន​ព្រះអម្ចាស់​ ដើម្បី​រៀបចំ​ដំណើរ​របស់​ព្រះអង្គ​
77 និង​ផ្ដល់​ការ​យល់ដឹង​ដល់​ប្រជាជន​របស់​ព្រះអង្គ​អំពី​សេចក្ដី​សង្គ្រោះ​ដោយ​ការ​លើក​លែង​ទោស​បាប​របស់​ពួកគេ​
78 ទៅ​តាម​ព្រះហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់​នៃ​យើង​ដែល​ជា​ការ​បំភ្លឺ​ពី​ស្ថានសួគ៌​មក​ប្រោស​យើង​
79 ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ និង​អស់​អ្នក​ដែល​អង្គុយ​ក្រោម​ស្រមោល​នៃ​សេចក្ដី​ស្លាប់​ ហើយ​ដើម្បី​នាំ​ជើង​យើង​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ដ»។​
80 ទារក​នោះ​បាន​ចម្រើន​វ័យ​ឡើង​ ព្រមទាំង​មាន​ភាព​មាំមួន​ខាង​វិញ្ញាណ​ ហើយ​គាត់​បាន​រស់នៅ​ក្នុង​ទីរហោឋាន​រហូត​ដល់​ថ្ងៃ​ដែល​គាត់​បាន​បង្ហាញ​ខ្លួន​ដល់​ជនជាតិ​អ៊ីស្រាអែល។​

Currently Selected:

Luke 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy