YouVersion Logo
Search Icon

John 15

15
1 ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត​ ហើយ​ព្រះវរបិតា​របស់​ខ្ញុំ​ ជា​អ្នក​ថែ​ទាំ​
2 មែក​ទាំងឡាយ​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ប៉ុន្ដែ​មិន​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​កាត់ចោល​ រីឯ​មែក​ទាំងឡាយ​ណា​ដែល​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​លួស​វា​ ដើម្បី​ឲ្យ​បង្កើត​ផល​កាន់​តែ​ច្រើន​ឡើង។​
3 ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ស្អាត​រួច​ហើយ​ ដោយសារ​តែ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​
4 ដូច្នេះ​ចូរ​នៅ​ជាប់​នឹង​ខ្ញុំ​ចុះ​ នោះ​ខ្ញុំ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ដែរ​ ដ្បិត​គ្មាន​មែក​ណា​អាច​បង្កើត​ផល​ដោយ​ខ្លួន​ឯង​បាន​ទេ​ លុះត្រា​តែ​នៅ​ជាប់​នឹង​ដើម​ រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នេះ​ដែរ​ លុះត្រា​តែ​នៅ​ជាប់​នឹង​ខ្ញុំ
5 ព្រោះ​ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ ឯ​អ្នក​រាល់គ្នា​ជា​មែក​ អ្នកណា​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ​ អ្នក​នោះ​នឹង​បង្កើត​ផល​បាន​ច្រើន​ ព្រោះ​បើ​ដាច់​ចេញ​ពី​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។​
6 ដូច្នេះ​បើ​អ្នកណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ​ អ្នក​នោះ​ប្រៀប​ដូចជា​មែក​ដែល​ត្រូវ​កាត់​បោះចោល​ ហើយ​ក្រៀមស្វិត​ រួច​គេ​ក៏​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​ឆេះ​អស់ទៅ​
7 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ពាក្យ​របស់​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់គ្នា​ នោះ​ចូរ​សូម​អ្វីៗ​តាម​ប្រាថ្នា​ចុះ​ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់គ្នា​
8 ដ្បិត​ព្រះវរបិតា​របស់​ខ្ញុំ​បាន​តម្កើង​ឡើង​ ដោយសារ​តែ​សេចក្ដី​នេះឯង​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផល​បាន​ច្រើន​ យ៉ាង​នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។​
9 ព្រះវរបិតា​បាន​ស្រឡាញ់​ខ្ញុំ​យ៉ាងណា​ ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​រាល់គ្នា​យ៉ាងនោះ​ដែរ​ ដូច្នេះ​ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ​
10 បើ​អ្នក​រាល់គ្នា​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​កាន់​តាមបញ្ញត្តិ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដែរ។​
11 ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​មាន​ដល់​អ្នក​រាល់គ្នា​ ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់គ្នា​បាន​ពេញ​បរិបូរ។​
12 នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ​ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ ដូច​ជា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​
13 ដ្បិត​មនុស្ស​ម្នាក់​លះបង់​ជីវិត​ដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន​ នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​ធំ​ជាង​សេចក្ដី​ស្រឡាញ់​នេះ​ទៀត​ឡើយ។​
14 ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ។​
15 ខ្ញុំ​មិន​ហៅ​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​ទៀតទេ​ ព្រោះ​បាវបម្រើ​មិន​ដឹង​ថា​ ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​ហៅ​អ្នក​រាល់គ្នា​ថា​ មិត្ដ​សម្លាញ់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំបាន​ឮ​ពី​ព្រះវរបិតា​របស់​ខ្ញុំ​
16 ដ្បិត​មិនមែន​អ្នក​រាល់គ្នា​ជ្រើសរើស​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ព្រមទាំង​តាំង​អ្នក​រាល់គ្នា​ឲ្យចេញ​ទៅ​បង្កើត​ផល​ ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់គ្នា​បាន​នៅ​ស្ថិតស្ថេរ​ ដូច្នេះ​ហើយ​ អ្វី​ក៏ដោយ​ដែល​អ្នក​រាល់គ្នា​សុំ​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មិនខាន។​
17 ដូច្នេះ​នេះ​ជា​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក។​
18 បើ​លោកិយ​ស្អប់​អ្នក​រាល់គ្នា​ នោះ​ចូរ​ដឹង​ថា​ មុន​អ្នក​រាល់គ្នា​ គេ​បាន​ស្អប់​ខ្ញុំ​រួចហើយ​
19 បើ​អ្នក​រាល់គ្នា​ជា​របស់​លោកិយ​ នោះ​លោកិយ​នឹង​ស្រឡាញ់​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រោះតែ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ចេញពី​លោកិយ​ នោះ​អ្នក​រាល់គ្នា​មិនមែន​ជា​របស់​លោកិយ​ទៀតទេ​ ហេតុនេះ​ហើយ​បាន​ជា​លោកិយ​ស្អប់​អ្នក​រាល់គ្នា​
20 ប៉ុន្ដែ​ចូរ​នឹកចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​មិន​ដែល​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ បើ​គេ​បាន​បៀតបៀន​ខ្ញុំ​ទៅ​ហើយ​ នោះ​គេ​មុខជា​បៀតបៀន​អ្នក​រាល់គ្នា​ដែរ​ បើ​គេ​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ នោះ​គេ​មុខជា​កាន់​តាម​ពាក្យ​របស់អ្នក​រាល់គ្នា​ដែរ​
21 ប៉ុន្ដែ​ដោយព្រោះ​ឈ្មោះ​របស់​ខ្ញុំ​ គេ​មុខ​ជា​ធ្វើ​ការ​ទាំងនេះ​ដាក់​អ្នក​រាល់គ្នា​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។​
22 បើ​ខ្ញុំ​មិន​បាន​មក​ ហើយ​ប្រាប់​ពួកគេ​ នោះ​ពួកគេ​គ្មាន​បាប​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសារ​ឲ្យ​រួចពី​បាប​របស់​ពួកគេ​ឡើយ​
23 អ្នកណា​ស្អប់​ខ្ញុំ​ អ្នក​នោះ​ក៏​ស្អប់​ព្រះវរបិតា​របស់​ខ្ញុំ​ដែរ​
24 បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ដែល​គ្មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​ក្នុង​ចំណោម​ពួកគេ​ទេ​ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​បាន​ឃើញ​ហើយ​ ហើយ​ពួកគេ​ស្អប់​ទាំងខ្ញុំ​ និង​ព្រះវរបិតា​របស់​ខ្ញុំ​ទៀត។​
25 នេះ​ដើម្បី​ឲ្យ​សម្រេច​តាម​សេចក្តី​ដែល​បាន​ចែងទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ពួកគេ​ថា​ គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​ហេតុផល​
26 ប៉ុន្ដែ​នៅ​ពេល​អ្នក​ជំនួយ​មក​ដល់​ ជា​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះវរបិតា​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​ដែល​ចេញ​ពី​ព្រះវរបិតា​មក​ ព្រះអង្គ​នឹង​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​
27 ហើយ​អ្នក​រាល់គ្នា​ក៏​ធ្វើ​បន្ទាល់​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​បាន​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក។​

Currently Selected:

John 15: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy