YouVersion Logo
Search Icon

1 Peter 5

5
1 ក្នុង​នាម​ជា​ចាស់ទុំ​ដូច​គ្នា​ ហើយ​ជា​សាក្សី​អំពី​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​ និង​ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី​រុងរឿង​ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​ ខ្ញុំ​សូម​ដាស់​តឿន​ពួក​ចាស់ទុំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ថា​
2 ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះជាម្ចាស់​ដែល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​នាម​ជា​អ្នក​មើល​ខុសត្រូវ​ មិន​មែន​ដោយ​បង្ខំ​ ប៉ុន្ដែ​ដោយចិត្ដ​ចង់​ដែល​ស្របតាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​មិន​មែន​ដោយ​ចង់​បាន​កម្រៃ​ទេ​ ប៉ុន្ដែ​ដោយ​ស្ម័គ្រចិត្ដ​
3 មិន​មែន​ត្រួតត្រា​លើ​ពួកអ្នក​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មើលថែ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូងចៀម​
4 ដ្បិត​នៅ​ពេល​មេ​អ្នកគង្វាល​បង្ហាញ​ខ្លួន​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរី​រុងរឿង​ ដែល​មិន​សាបសូន្យ​ឡើយ។​
5 រីឯ​បុរស​ក្មេង​វិញ​ ក៏​ដូច្នេះ​ដែរ​ ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ ហើយ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។​
6 ដូច្នេះ​ ចូរ​បន្ទាបខ្លួន​នៅ​ក្រោម​ព្រះហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​អ្នក​រាល់គ្នា​នៅ​ពេល​កំណត់​មក​ដល់។​
7 ចូរ​ប្រគល់​គ្រប់​ទាំង​ការ​ខ្វល់ខ្វាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់គ្នា។​
8 ចូរ​កុំ​ភ្លេច​ខ្លួន​ ហើយ​ប្រុង​ស្មារតី​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នក​រាល់គ្នា​ដូច​ជា​សត្វតោ​ដែល​គ្រហឹម​ ទាំង​រក​អ្នកណា​ម្នាក់​ដើម្បី​ត្របាក់​ស៊ី​ទៀត​ផង។​
9 ចូរ​ប្រឆាំង​នឹង​វា​ដោយ​ជំនឿ​មាំមួន​ ទាំង​ដឹង​ថា​ បង​ប្អូន​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ពិភពលោក​នេះ​ក៏​ជួប​ការ​រងទុក្ខ​លំបាក​ដូច​គ្នា​ដែរ។​
10 បន្ទាប់​ពី​អ្នក​រាល់គ្នា​បាន​រងទុក្ខ​មួយ​រយៈ​ពេល​កន្លង​មក‍​ ព្រះជាម្ចាស់​ដ៏​មាន​ព្រះគុណ​គ្រប់​បែប​យ៉ាង​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុ​ងសិរី​រុងរឿង​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ព្រះអង្គ​នឹង​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​គ្រប់លក្ខណ៍​ ឲ្យ​មាំមួន​ ឲ្យ​មាន​កម្លាំង​ និង​ឲ្យ​អ្នក​រាល់គ្នា​រឹងមាំ​ឡើង។​
11 សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ​ចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​
12 ខ្ញុំ​បាន​សរសេរ​ខ្លីៗ​ផ្ញើ​មក​អ្នក​រាល់គ្នា​តាមរយៈ​លោក​ស៊ីលវ៉ាន​ ដែល​ខ្ញុំ​ចាត់ទុក​ជា​បងប្អូន​ដ៏​ស្មោះត្រង់​ម្នាក់​ គឺ​ដើម្បី​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ និង​ធ្វើ​បន្ទាល់​ថា​ នេះ​ជា​ព្រះគុណ​ពិត​ប្រាកដ​របស់​ព្រះជាម្ចាស់​ ដូច្នេះ​ចូរ​ឈរ​មាំមួន​នៅ​ក្នុង​ព្រះគុណ​នេះ​ចុះ។​
13 ក្រុមជំនុំ​នៅ​ស្រុក​បាប៊ីឡូន​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ជាមួយ​អ្នក​រាល់គ្នា​ ព្រមទាំង​ម៉ាកុស​ជា​កូន​ប្រុស​របស់​ខ្ញុំ​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​
14 ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ ដោយ​ការ​ថើប​កើត​ពី​ចិត្ដ​ស្រឡាញ់​ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដែល​នៅ​ក្នុង​ព្រះគ្រិស្ដ​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ។​

Currently Selected:

1 Peter 5: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy