1 Peter 2
2
1 ដូច្នេះ ចូរអ្នករាល់គ្នាបោះបង់គ្រប់ទាំងការអាក្រក់ ឧបាយកល អំពើពុតត្បុត និងសេចក្ដីច្រណែន ព្រមទាំងការនិយាយដើមគ្នាគ្រប់បែបយ៉ាងនោះចោលទៅ!
2 ចូរសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណ ដូចជាទារកដែលទើបនឹងកើត ធ្វើដូច្នោះដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដរាបដល់ទទួលបានសេចក្ដីសង្គ្រោះ
3 ដ្បិតអ្នករាល់គ្នាបានភ្លក់ហើយថា ព្រះអម្ចាស់ល្អ។
4 ចូលមកឯព្រះអង្គ គឺជាថ្មដ៏រស់ដែលត្រូវមនុស្សបោះបង់ចោល ប៉ុន្ដែព្រះជាម្ចាស់បានជ្រើសរើស ព្រោះមានតម្លៃ។
5 អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើងឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ
6 ដ្បិតមានសេចក្ដីចែងទុកនៅក្នុងបទគម្ពីរថា៖ «មើល៍ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មនៅតាមជ្រុងដ៏មានតម្លៃដែលបានជ្រើសរើស ហើយអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។
7 ដូច្នេះ ថ្មនេះមានតម្លៃសម្រាប់អ្នករាល់គ្នាដែលជាអ្នកជឿ ប៉ុន្ដែសម្រាប់អ្នកមិនជឿវិញ ថ្មនេះជាថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង
8 ជាថ្មដែលនាំឲ្យជំពប់ដួល ហើយជាផ្ទាំងថ្មដែលធ្វើឲ្យរវាតចិត្ដ ហើយគេជំពប់ដួល ពីព្រោះគេមិនស្ដាប់បង្គាប់តាមព្រះបន្ទូល ដោយព្រោះពួកគេត្រូវបានកំណត់ទុកសម្រាប់ការនោះឯង។
9 រីឯអ្នករាល់គ្នាជាពូជដែលបានជ្រើសរើស ជាសង្ឃហ្លួង ជាជនជាតិបរិសុទ្ធ ជាប្រជារាស្ដ្រដែលជាកម្មសិទ្ធិផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលព្រះអង្គបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
10 កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយពីដើមអ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្ដាករុណាទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានទទួលហើយ។
11 បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាដែលជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នថា ចូរចៀសចេញពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមដែលទាស់នឹងព្រលឹង
12 ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
13 ដោយព្រោះព្រះអម្ចាស់ ចូរចុះចូលនឹងអំណាចទាំងអស់របស់មនុស្ស មិនថាចំពោះស្ដេចដែលមានអំណាចឧត្ដម
14 ឬលោកអភិបាលដែលស្ដេចបានចាត់ឲ្យដាក់ទោសពួកអ្នកប្រព្រឹត្ដអាក្រក់ និងសរសើរពួកអ្នកប្រព្រឹត្ដល្អនោះទេ
15 ដ្បិតការបិទមាត់មនុស្សល្ងង់ខ្លៅដោយការប្រព្រឹត្ដិល្អជាបំណងរបស់ព្រះជាម្ចាស់។
16 ចូរប្រព្រឹត្ដឲ្យសមជាមនុស្សមានសេរីភាព ប៉ុន្ដែមិនត្រូវប្រើសេរីភាពនោះបិទបាំងសេចក្ដីអាក្រក់ឡើយ ផ្ទុយទៅវិញត្រូវប្រព្រឹត្ដឲ្យសមជាបាវបម្រើរបស់ព្រះជាម្ចាស់។
17 ចូរគោរពមនុស្សទាំងអស់ ចូរស្រឡាញ់គ្នាជាបងប្អូន ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគោរពស្ដេចផង។
18 ឱបាវបម្រើរាល់គ្នាអើយ! ចូរចុះចូលនឹងចៅហ្វាយរបស់អ្នករាល់គ្នាដោយកោតខ្លាចគ្រប់បែបយ៉ាង មិនមែនត្រឹមតែចៅហ្វាយដែលល្អ ហើយស្លូតប៉ុណ្ណោះទេ គឺទាំងចៅហ្វាយដែលកាចផង។
19 ដ្បិតបើអ្នកណាម្នាក់រងទុក្ខដោយអយុត្តិធម៌ ហើយស៊ូទ្រាំដោយព្រោះស្គាល់បំណងរបស់ព្រះជាម្ចាស់ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គហើយ។
20 បើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយ ដោយព្រោះបានធ្វើបាប នោះតើមានកិត្ដិយសអ្វី? ប៉ុន្ដែបើអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ដោយព្រោះបានប្រព្រឹត្ដល្អ នោះទើបបានជាទីសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់។
21 ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រិស្ដក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ
22 ព្រះអង្គមិនដែលប្រព្រឹត្ដបាប ហើយក៏មិនដែលឃើញមានសេចក្ដីបោកប្រាស់ចេញពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
23 ពេលគេប្រមាថព្រះអង្គ ព្រះអង្គមិនតបតទេ ពេលព្រះអង្គរងទុក្ខលំបាក ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ ផ្ទុយទៅវិញព្រះអង្គបានថ្វាយអង្គទ្រង់ដល់ព្រះជាម្ចាស់ដែលជំនុំជម្រះដោយសុច្ចរិត។
24 ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯបាប ហើយរស់ខាងឯសេចក្ដីសុចរិតវិញ អ្នករាល់គ្នាក៏បានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គ
25 ដ្បិតកាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វង ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានត្រលប់មកឯអ្នកគង្វាល និងអ្នកមើលថែព្រលឹងរបស់អ្នករាល់គ្នាវិញហើយ។
Currently Selected:
1 Peter 2: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.