YouVersion Logo
Search Icon

រ៉ូម 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​ ​របស់​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះអង្គ។ 2ដំណឹង‌ល្អ​នេះ ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះ‌គម្ពីរ តាម​រយៈ​ពួក​ព្យាការី*​របស់​ព្រះអង្គ 3ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ បើ​គិត​តាម​មនុស្ស ព្រះ‌បុត្រា​ប្រសូត​មក​ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ 4តែ​បើ​គិត​តាម​ព្រះ‌វិញ្ញាណ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ ព្រះ‌ជា‌ម្ចាស់​បាន​តែង‌តាំង​ព្រះអង្គ ជា​ព្រះ‌បុត្រា​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដោយ​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ 5តាម​រយៈ​ព្រះ‌បុត្រា គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ។ 6បងប្អូន​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។
7សូម​ជម្រាប​មក​បងប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ។
សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។
លោក​ប៉ូល​មាន​បំណង​ទៅ​សួរ​សុខ​ទុក្ខ​គ្រិស្ត‌បរិស័ទ​នៅ​ក្រុង​រ៉ូម
8ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត* ព្រោះ​តែ​បងប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន​ក្នុង​សកល​លោក​ទាំង​មូល។ 9ព្រះ‌ជា‌ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច 10គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បងប្អូន បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ។ 11ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បងប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះ‌អំណោយ​ទាន​ណា​មួយ​របស់​ព្រះ‌វិញ្ញាណ​ជូន​បងប្អូន ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឡើង 12គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បងប្អូន​ទាំង​ខ្ញុំ។
13 បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បងប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បងប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។ 14ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។ 15ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ 16 ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ 17 ដំណឹង‌ល្អ​នេះ​សម្តែង​ឲ្យ​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ​ ដូច​មាន​ចែង​ទុក​មក​ថា: «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»​ ។
ទោស​របស់​មនុស្ស​លោក
18ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ ​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក 19ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះ‌ជា‌ម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ 20លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ 21 ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ​ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។ 22គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។ 23 គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។ 24ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ត​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។ 25ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត មក​ជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។ 26ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ 27រីឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​បាន​លះ‌បង់​ការ​រួម​បវេណី​ជា​មួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​ស្រើប‌ស្រាល​តែ​នឹង​ប្រុសៗ​គ្នា​ឯង។ គេ​ប្រព្រឹត្ត​អំពើ​ដែល​គួរ​ឲ្យ​អៀន​ខ្មាស រវាង​ប្រុស​និង​ប្រុស។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម​ក្នុង​រូប​កាយ​គេ​ផ្ទាល់ សម​នឹង​ការ​វង្វេង​របស់​គេ។
28ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់ ព្រះអង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត។ 29ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ចកល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ត​បរិហារ​កេរ្តិ៍​គ្នា 30និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់ មាន​ចិត្ត​កំរោល​ឃោរ‌ឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ 31ពួក​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ​មាន​ចិត្ត​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ត មិន​ចេះ​អាណិត​អាសូរ។ 32ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ផង​ដែរ។

Currently Selected:

រ៉ូម 1: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy