YouVersion Logo
Search Icon

វិវរណៈ 1

1
សេចក្ដី​ផ្ដើម
1នេះ​ជា​ហេតុ‌ការណ៍​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​បាន​សម្តែង​ឲ្យ​ឃើញ គឺ​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ព្រឹត្តិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ​ដឹង។ ព្រះ‌យេស៊ូ​បាន​ចាត់​ទេវតា*​របស់​ព្រះអង្គ​ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះអង្គ 2លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​ជា​សក្ខីភាព​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត។
3អ្នក​ណា​អាន​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​លោក​ថ្លែង​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​មក​នេះ​ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។
ពាក្យ​ជម្រាប​សួរ
4 ខ្ញុំ យ៉ូហាន សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​ទាំង​ប្រាំ‌ពីរ នៅ​ស្រុក​អាស៊ី។ សូម​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​អតីតកាល ហើយ​កំពុង​តែ​យាង​មក ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ សូម​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ 5 និង​ព្រះ‌យេស៊ូ​គ្រិស្ត ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន​ដែរ! ព្រះ‌យេស៊ូ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះអង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។ 6 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ*​បម្រើ​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះអង្គ។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ 7 មើល៍! ព្រះអង្គ​យាង​មក​នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ ព្រោះ​តែ​ព្រះអង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។ 8 ព្រះ‌ជា‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក គឺ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេ‌កា»​ ។
លោក​យ៉ូហាន​និមិត្ត​ឃើញ​ព្រះ‌យេស៊ូ
9ខ្ញុំ យ៉ូហាន ជា​បងប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​ព្រះ‌រាជ្យ* និង​ព្យាយាម​រួម​ជា​មួយ​បងប្អូន ក្នុង​អង្គ​ព្រះ‌យេស៊ូ​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។ 10នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ 11សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំនុំ​ទាំង​ប្រាំ‌ពីរ នៅ​ក្រុង​អេភេសូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។
12ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង​ដែល​ពោល​មក​កាន់​ខ្ញុំ ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ‌ពីរ។ 13 នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ​មាន​ម្នាក់​រាង​ដូច​បុត្រ​មនុស្ស* ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ 14 សក់​ លោក​ស‌ក្បុស​ដូច​កប្បាស និង​ដូច​សំឡី​ ភ្នែក​លោក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង 15 ជើង​លោក​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​លោក​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។ 16លោក​កាន់​ផ្កាយ​ប្រាំ‌ពីរ​នៅ​ដៃ​ស្ដាំ មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ​ចេញ​ពី​មាត់​របស់​លោក ហើយ​មុខ​លោក​ប្រៀប​បី​ដូច​ជា​ថ្ងៃ​ពេញ​កម្ដៅ។
17 ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថា: «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត 18យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​ ។ 19ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។ 20ចំពោះ​អត្ថ‌ន័យ​លាក់​កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំ‌ពីរ ដែល​អ្នក​ឃើញ​យើង​កាន់​នៅ​ដៃ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ‌ពីរ​នេះ មាន​ដូច​ត​ទៅ: ផ្កាយ​ទាំង​ប្រាំ‌ពីរ គឺ​ជា​ទេវតា​របស់​ក្រុម‌ជំនុំ*​ទាំង​ប្រាំ‌ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំ‌ពីរ គឺ​ជា​ក្រុម‌ជំនុំ​ទាំង​ប្រាំ‌ពីរ​នោះ​ឯង»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy