YouVersion Logo
Search Icon

នាងអេសធើរ 1

1
ពិធី​ជប់‌លៀង​នៅ​ក្នុង​វាំង​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស
1 នេះ​ជា​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នៅ​ជំនាន់​ព្រះចៅ​អហា‌ស៊ូរុស ។ ព្រះចៅ​អហា‌ស៊ូរុស​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​ចំនួន​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី ។ 2នៅ​ជំនាន់​នោះ ព្រះចៅ​អហា‌ស៊ូរុស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។ 3នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។ 4ស្ដេច​ចង់​បង្ហាញ​រាជ្យ‌ទ្រព្យ​ដ៏​ស្ដុក‌ស្ដម្ភ និង​ភាព​ថ្លៃ‌ថ្នូរ​វិសេស​នៃ​រាជ‌សម្បត្តិ​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ស្ដេច តាម​រយៈ​ពិធី​ជប់‌លៀង ក្នុង​អំឡុង​ពេល​មួយ​រយ​ប៉ែត‌សិប​ថ្ងៃ។ 5នៅ​ចុង​បញ្ចប់​នៃ​ពិធី​ជប់‌លៀង​នេះ ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​ទៀត ក្នុង​ទីធ្លា​ឧទ្យាន​នៃ​ព្រះ‌បរម‌រាជ‌វាំង​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ប្រជា‌ជន​ទាំង​មូល​នៅ​រាជ​ធានី​ស៊ូសាន ទាំង​អ្នក​ធំ ទាំង​អ្នក​តូច អាច​ចូល​រួម​បាន។ 6គេ​ចង​ក្រណាត់​ទេស‌ឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សម្រាប់​អង្គុយ​បរិភោគ​ធ្វើ​ពី​មាស និង​ប្រាក់ ដាក់​នៅ​លើ​កម្រាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។ 7គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្ដេច​ឲ្យ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ​យ៉ាង​បរិបូណ៌។ 8ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​ឲ្យ​រាជ​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។ 9រីឯ​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​វិញ ក៏​រៀបចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​អហា‌ស៊ូរុស​ដែរ។
ព្រះចៅ​អហា‌ស៊ូរុស​ដក​តំណែង​មហា‌ក្សត្រិ‌យានី​ពី​ព្រះ‌នាង​វ៉ាស‌ធី
10នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ សុរា​បាន​ធ្វើ​ឲ្យ​ព្រះ‌ចៅ​អហា‌ស៊ូរុស​មាន​ព្រះ‌ហឫទ័យ​សប្បាយ​ក្រៃ‌លែង។ ស្ដេច​បង្គាប់​លោក​មហ៊ូ‌ម៉ាន លោក​ប៊ីស‌ថា លោក​ហារ‌បូណា លោក​ប៊ីគ‌ថា លោក​អបាគ‌ថា លោក​សេថារ និង​លោក​កើកាស ជា​មហា‌តលិក​ទាំង​ប្រាំ‌ពីរ​រូប ដែល​នៅ​បម្រើ​ស្ដេច 11ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​គាល់​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ 12ប៉ុន្តែ ព្រះ‌មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។ 13ស្ដេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរា‌ចារ្យ ដែល​ជា​អ្នក​មាន​ភារ‌កិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្ដេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី​ការ និង​ទំនៀម‌ទម្លាប់។ 14អ្នក​ទាំង​នោះ​មាន: លោក​កើសេ‌ណា លោក​សេថារ លោក​អ័ឌ‌ម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេ‌ណា លោក​មមូ‌កាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ‌ពីរ​រូប​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។ 15ព្រះ‌ចៅ​អហា‌ស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។
16លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស​ដែរ 17ដ្បិត​រឿង​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​មក​គាល់​ស្ដេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។ 18ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី ឮ​ដំណឹង​ថា ព្រះ‌មហា‌ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ព្រះ‌ករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។ 19ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី គឺ​ហាម​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី មិន​ឲ្យ​ចូល​មក​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ផ្ទេរ​តំណែង​របស់​ព្រះ‌នាង​ទៅ​ឲ្យ​ព្រះ‌មហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះ‌នាង។ 20ពេល​ណា​ប្រជា‌ជន​ដឹង​អំពី​សេចក្ដី​សម្រេច​ដ៏​សំខាន់ ដែល​ព្រះ‌រាជា​ប្រកាស​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច»។
21ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​នឹង​យោបល់​នេះ​ណាស់ ហើយ​ពួក​មេ​ដឹក​នាំ​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះ‌រាជា​ក៏​ធ្វើ​តាម​សំណើ​របស់​លោក​មមូ‌កាន 22គឺ​ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​គ្រប់​អាណា‌ខេត្ត​ទាំង​អស់​តាម​អក្សរ និង​ភាសា​របស់​ប្រជា‌ជន​ក្នុង​អាណា‌ខេត្ត​នីមួយៗ ដើម្បី​ឲ្យ​ប្ដីៗ​ទាំង​អស់​ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​គ្រួសារ​នោះ​ត្រូវ​និយាយ​ភាសា​កំណើត​របស់​ប្ដី។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy