YouVersion Logo
Search Icon

អេភេសូ 1

1
សេចក្ដី​ផ្ដើម
1 ខ្ញុំ ប៉ូល ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តាំង​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ត*​យេស៊ូ សូម​ជម្រាប​មក​បងប្អូន​ជា​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ [នៅ​ក្រុង​អេភេសូ] ដែល​ជឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ។ 2សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។
ព្រះ‌ពរ​ដ៏​លើស‌លប់​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ដល់​អ្នក​ជឿ
3សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ 4ព្រះអង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ។ 5ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើ​ជា​បុត្រ​របស់​ព្រះអង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​គ្រិស្ត ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ 6ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ 7 ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះអង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះ‌គុណ​ដ៏​លើស‌លុប​របស់​ព្រះអង្គ។ 8ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។ 9ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់‌កំបាំង*​នៃ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ តាម​ព្រះ‌បំណង​ដ៏​សប្បុរស ដែល​ព្រះអង្គ​បាន​សម្រេច​ទុក​ជា​មុន ដោយ​ព្រះអង្គ​ផ្ទាល់។ 10ព្រះអង្គ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែនដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ជា​ម្ចាស់​តែ​មួយ។ 11ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះអង្គ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ 12ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះ‌គ្រិស្ត​មុន​គេ​បង្អស់។ 13ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បងប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត​បងប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ 14ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​នេះ​មក​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះអង្គ​លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។
ពាក្យ​អធិស្ឋាន​របស់​លោក​ប៉ូល
15ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន ក្នុង​អង្គ​ព្រះ‌អម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ 16នោះ​ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បងប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច 17សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះ‌បិតា​ប្រកប​ដោយ​សិរី‌រុងរឿង​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​បងប្អូន​មាន​ប្រាជ្ញា និង​សម្តែង​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ 18សូម​ព្រះ‌បិតា​បំភ្លឺ​ចិត្ត​គំនិត​បងប្អូន​ឲ្យ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន បងប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បងប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* បងប្អូន​នឹង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប​យ៉ាង​ណា​ដែរ!។ 19សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​យល់​ទៀត​ថា ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សម្តែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ព្រះអង្គ​បាន​សម្តែង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ 20 ព្រះអង្គ​បាន​សម្តែង​មហិទ្ធិ‌ឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ 21ខ្ពស់​ជាង​វត្ថុ​ស័ក្ដិ‌សិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់‌គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង ។ 22 ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រិស្ត ព្រម​ទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើ​ក្រុម‌ជំនុំ 23ដែល​ជា​ព្រះ‌កាយ​របស់​ព្រះអង្គ។ ក្រុម‌ជំនុំ​នេះ​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌គ្រិស្ត ហើយ​ព្រះ‌គ្រិស្ត​ផ្ទាល់​ក៏​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ដែរ ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy