YouVersion Logo
Search Icon

ដានីយ៉ែល 1

1
ព្រះ‌ជាម្ចាស់​ការ‌ពារ​យុវជន​ដានី‌យ៉ែល និង​មិត្ត‌ភក្ដិ
1 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។ 2 ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់‌ប្រដា​មួយ​ចំនួន​របស់​ព្រះ‌វិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ី‌ណើរ ហើយ​យក​ប្រដាប់‌ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។
3ព្រះ‌មហា‌ក្សត្រ​បាន​បញ្ជា​ទៅ​លោក​អាស‌ផ្នាស ជា​នាយក​ក្រុម​មហា‌តលិក ឲ្យ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​អ៊ីស្រា‌អែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។ 4យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់ មាន​កម្លាំង​អាច​បម្រើ​ព្រះ‌មហា‌ក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។ 5ព្រះ‌មហា‌ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។ 6ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន‌ជាតិ​យូដា គឺ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា។ 7លោក​នាយក​ក្រុម​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានី‌យ៉ែល​ហៅ​ថា​បេល‌ថិស្សា‌សារ ហាណា‌នា​ហៅ​ថា​សាដ្រាក់ មីសា‌អែល​ហៅ​ថា​មែសាក់ និង​អសា‌រា​ហៅ​ថា​អបេឌ-‌នេកោ។
8យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។ 9ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​នាយក​ក្រុម​មហា‌តលិក មាន​ចិត្ត​អាណិត‌អាសូរ​ដល់​យុវជន​ដានី‌យ៉ែល។ 10លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​យុវជន​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តម្រូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ‌ខាន»។ 11យុវជន​ដានី‌យ៉ែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នា មីសា‌អែល និង​អសា‌រា​ថា៖ 12«សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។ 13បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ដែល​បរិភោគ​ព្រះ‌ស្ងោយ​របស់​ព្រះ‌រាជា រួច​សូម​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។ 14លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បង‌ល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ 15លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះ‌ស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។ 16ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​ឲ្យ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។ 17ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។
18លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូ‌ក្នេសា។ 19ព្រះ‌មហា‌ក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា​ឡើយ។ ព្រះ‌មហា‌ក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​ព្រះ‌រាជ​បម្រើ។ 20ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។ 21លោក​ដានី‌យ៉ែល​រស់​នៅ​ក្នុង​រាជ‌វាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy