YouVersion Logo
Search Icon

ម៉ាថាយ 8

8
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ១.៤០-៤៥, លូកា ៥.១២-១៤)
1កាល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហា‌ជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ។ 2ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ទូល​ថា៖ «លោក​ម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។ 3ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ គាត់​ក៏​ជា​ស្អាត​បរិសុទ្ធ​ពី​រោគ​ឃ្លង់​ភ្លាម។ 4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា​អ្នក​ជា​មែន»។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​បម្រើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា
(លូកា ៧.១-១០)
5នៅ​ពេល​ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ទូល‌អង្វរ​ថា៖ 6«លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។ 7ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឲ្យ​ជា»។ 8នាយ​ទាហាន​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ 9ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ 10កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះអង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ 11 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ 12 រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។ 13បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា
(ម៉ាកុស ១.២៩-៣៤, លូកា ៤.៣៨-៤១)
14បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​ផ្ទះ​លោក​ពេត្រុស ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​គ្រុន​សម្រាន្ដ​នៅ​លើ​គ្រែ។ 15ព្រះអង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។
16លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​អារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ ដោយ​មាន​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​គ្រប់ៗ​គ្នា 17 ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​អេសាយ​ថា៖
«ព្រះអង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង
ហើយ​ព្រះអង្គ​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ»
លក្ខណ‌សម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះ‌យេស៊ូ
(លូកា ៩.៥៧-៦២)
18កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។ 19ពេល​នោះ មាន​អាចារ្យ*​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ 20ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ 21មាន​សិស្ស​មួយ​រូប​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ 22ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។
ព្រះ‌យេស៊ូ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាកុស ៤.៣៥-៤១, លូកា ៨.២២-២៥)
23ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សិស្ស*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ 24ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់។ 25ពួក​សិស្ស*​ចូល​ទៅ​ជិត ដាស់​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ 26ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះអង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ សមុទ្រ​ក៏​ស្ងប់‌ឈឹង។ 27ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។
ព្រះ‌យេស៊ូ​ប្រោស​បុរស​អារក្ស​ចូល​ពីរ​នាក់
(ម៉ាកុស ៥.១-២០, លូកា ៨.២៦-៣៩)
28កាល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។ 29អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? ព្រះអង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។ 30នៅ​ឆ្ងាយ​ពី​នោះ​បន្តិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ 31ពួក​អារក្ស​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។ 32ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។ 33អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។ 34អ្នក​ភូមិ​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូ លុះ​បាន​ឃើញ​ហើយ គេ​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy