YouVersion Logo
Search Icon

ម៉ាថាយ 27

27
ក្រុម‌ជំនុំ​ជាន់​ខ្ពស់​កាត់​ទោស​ព្រះ‌យេស៊ូ
(ម៉ាកុស ១៥.១ លូកា ២៣.១-២ យ៉ូហាន ១៨.២៨-៣២)
1លុះ​ព្រឹក​ឡើង ពួក​នាយក​បូជា‌ចារ្យ និង​ព្រឹទ្ធា​ចារ្យ*​ទាំង​អស់​របស់​ប្រជា‌ជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ។ 2គេ​ក៏​ចង​ព្រះអង្គ បញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសា‌ភិបាល។
ប្រាក់​បង់​ថ្លៃ​ឈាម
(កិច្ចការ ១.១៨-១៩)
3 កាល​យូដាស​ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោក‌ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​វិញ 4ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​ឲ្យ​គេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!»។ 5យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។
6ពួក​នាយក​បូជា‌ចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម »។ 7ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។ 8ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃ។ 9 ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​សាម‌សិប​ស្លឹង ជា​ប្រាក់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​សន្មត​ថា ជា​ថ្លៃ​ទិញ​លោក​នោះ 10ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បង្គាប់​មក​ខ្ញុំ» ។
លោក​ពីឡាត​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ
(ម៉ាកុស ១៥.២-១៥ លូកា ២៣.៣-៥, ១៣-២៥ យ៉ូហាន ១៨.៣៣-១៩.១៦)
11ព្រះ‌យេស៊ូ​ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​លោក​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។
12ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ តែ​ព្រះអង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។ 13លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ 14ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។
15ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* លោក​ទេសា​ភិបាល​តែងតែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។ 16នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ​បារ៉ា‌បាស។ 17កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ​បារ៉ា‌បាស ឬ​យេស៊ូ​ហៅ​ព្រះ‌គ្រិស្ត?»។ 18លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។
19នៅ​ពេល​លោក​ពីឡាត​អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់‌មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។
20ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ*​នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជន​ឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។ 21លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។ 22លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះ‌គ្រិស្ត​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ 23លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ 24 ដោយ​លោក​ពីឡាត​ឃើញ​ថា​និយាយ​ទៅ​ឥត​បាន​ការ ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលាចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ»។ 25ប្រជា‌ជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ!»។ 26លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ា‌បាស រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។
ទាហាន​មើល‌ងាយ និង​ធ្វើ​បាប​ព្រះ‌យេស៊ូ
(ម៉ាកុស ១៥.១៦-២០ យ៉ូហាន ១៩.២-៣)
27ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម‌រោម​ព្រះអង្គ។ 28គេ​ដោះ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ថ្វាយ​ព្រះអង្គ។ 29គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះ‌សិរសា​ព្រះអង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​ឲ្យ​ព្រះអង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ 30គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ និង​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរសា​ព្រះអង្គ​ទៀត​ផង។ 31ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។
គេ​ឆ្កាង​ព្រះ‌យេស៊ូ
(មក.១៥.២១-៣២ លក.២៣.២៦-៤៣ យហ.១៩.១៧-២៧)
32ពេល​ចេញ​ពី​ទីក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ 33លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» 34 គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ថ្វាយ​ព្រះអង្គ​សោយ។ ព្រះ‌យេស៊ូ​ក្រេប​បន្ដិច ព្រះអង្គ​ពុំ​ព្រម​សោយ​ទេ។
35 ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា 36រួច​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។ 37គេ​បាន​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​ជន‌ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​ព្រះ‌សិរសា​ព្រះអង្គ។ 38ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។
39 មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​ព្រះអង្គ គ្រវី​ក្បាល​ដាក់​ព្រះអង្គ 40 ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ 41រីឯ​ពួក​នាយក​បូជា‌ចារ្យ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖ 42«គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រា‌អែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង! 43 គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ បើ​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​គាត់​មែន សូម​ឲ្យ​ព្រះអង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”»44សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដូច្នោះ​ដែរ។
ព្រះ‌យេស៊ូ​សោយ​ទិវង្គត
(មក.១៥.៣៣-៤១ លក.២៣.៤៤-៤៩ យហ.១៩.២៨-៣០)
45ផែនដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។ 46 ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេលី អេលី ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?»47អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «គាត់​ហៅ​លោក​អេលីយ៉ា!»។ 48 រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ។ 49ប៉ុន្តែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។
50ព្រះ‌យេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។ 51 ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា 52ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏វិសុទ្ធ*​ជា​ច្រើន​បាន​រស់​ឡើង​វិញ 53និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។
54កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះ‌យេស៊ូ បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង‌ឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «លោក​នេះ ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។
55 នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បម្រើ​ព្រះ‌យេស៊ូ តាំង​ពី​ស្រុក​កាលី‌ឡេ​មក។ 56ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេ‌ដេ​ជា​ដើម។
ការ​បញ្ចុះ​សព​ព្រះ‌យេស៊ូ
(មក.១៥.៤២-៤៧ លក.២៣.៥០-៥៦ យហ.១៩.៣៨-៤២)
57លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះ‌យេស៊ូ​ដែរ។ 58គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​មក​គាត់។ 59លោក​យ៉ូសែប​យក​ព្រះ‌សព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី 60រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។ 61នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។
62នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត 63 ជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថា: “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ”។ 64ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជា‌ជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ​មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ 65លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ!»។ 66ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យ​នៅ​យាម​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy