YouVersion Logo
Search Icon

ម៉ាថាយ 20

20
ប្រស្នា​អំពី​កម្មករ​ចម្ការ​ទំពាំង‌បាយជូរ
1«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ដើម្បី​រក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។ 2គាត់​ព្រម​ព្រៀង​ជា​មួយ​ពួក​កម្មករ​ជា​ស្រេច​ថា នឹង​ឲ្យ​ប្រាក់​មួយ​ដួង*​ក្នុង​មួយ​ថ្ងៃ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការ។ 3ប្រមាណ​ជា​ម៉ោង​ប្រាំ‌បួន​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ ឥត​ធ្វើ​អ្វី​សោះ។ 4គាត់​ក៏​និយាយ​ទៅ​កាន់​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវ”។ 5អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ ម្ចាស់​ចម្ការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់‌ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។ 6ប្រមាណ​ជា​ម៉ោង​ប្រាំ​ល្ងាច គាត់​ចេញ​ទៅ​សា​ជា​ថ្មី ឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ។ គាត់​សួរ​គេ​ថា “ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ​មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ?” 7ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ!”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ”។
8 លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​ប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា “ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឲ្យ​គេ គឺ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​ចូល​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់”។ 9ពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួល​ប្រាក់​ម្នាក់​មួយ​ដួង*ៗ។ 10ពួក​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​មុន​គេ​ក៏​មក​ដល់​ដែរ ហើយ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាង ប៉ុន្តែ គេ​ទទួល​ម្នាក់​មួយ​ដួង​ដូចៗ​គ្នា។ 11គេ​ទទួល​យក​ប្រាក់​ទាំង​រអ៊ូ‌រទាំ​ដាក់​ម្ចាស់​ចម្ការ​ថា 12“ពួក​អ្នក​ដែល​មក​ដល់​ក្រោយ​នេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​ធ្វើ​ការ​ហាល​ថ្ងៃ ហាល​ក្ដៅ ហើយ​លោក​បែរ​ជា​បើក​ប្រាក់​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ​ដែរ!”។ 13ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ​មែន​ឬ​ទេ! 14ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ចេញ​ទៅ​ចុះ!។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។ 15តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?”។ 16 ហេតុ​នេះ អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។
ព្រះ‌យេស៊ូ​ប្រកាស​អំពី​ព្រះអង្គ​ចូល​ទិវង្គត
(ម៉ាកុស ១០.៣២-៣៤, លូកា ១៨.៣១-៣៤)
17កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​នាំ​សិស្ស*ទាំង​ដប់‌ពីរ​រូប​ទៅ​ដាច់​ឡែក​ពី​គេ។ នៅ​តាម​ផ្លូវ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ 18«ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។ 19គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។
សំណូម​ពរ​របស់​ម្ដាយ​លោក​យ៉ាកុប និង​លោក​យ៉ូហាន
(ម៉ាកុស ១០.៣៥-៤៥, លូកា ២២.២៤-២៧)
20ពេល​នោះ ភរិយា​របស់​លោក​សេបេ‌ដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។ 21ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះអង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ 22ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ 23ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។
24កាល​សិស្ស*​ដប់​រូប​ទៀត​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បងប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។
25 ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់‌គ្រង​ស្រុក​តែងតែ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំណាច​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។ 26 ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។ 27បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​សិន។ 28បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ
(ម៉ាកុស ១០.៤៦-៥២, លូកា ១៨.៣៥-៤៣)
29កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ 30ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ 31បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ 32ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ 33គេ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​ភ្លឺ​ផង»។ 34ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy