YouVersion Logo
Search Icon

ម៉ាថាយ 18

18
អ្នក​ធំ​ជាង​គេ
(ម៉ាកុស ៩.៣៣-៣៧ លូកា ៩.៤៦-៤៨)
1 ពេល​នោះ សិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*?»។ 2ព្រះអង្គ​ហៅ​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សិស្ស 3 រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត​ឲ្យ​បាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ឡើយ។ 4អ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​មាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ 5អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ»។
កុំ​នាំ​អ្នក​ដទៃ​ប្រព្រឹត្ត​អំពើ​បាប
(ម៉ាកុស ៩.៤២-៤៨ លូកា ១៧.១-២)
6«អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់ ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រ​ឲ្យ​លង់​ទឹក ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​នៅ​រស់!។ 7មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើន​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប។ ហេតុ​ផ្សេងៗ​ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត្រូវ​តែ​មាន ចៀស​មិន​ផុត ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ!។
8 ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច។ 9 ប្រសិន​បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។
10ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរម‌សុខ* ទាំង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​គ្រប់​ពេល​វេលា​ផង 11[ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់]»។
ប្រស្នា​អំពី​ចៀម​ដែល​វង្វេង​បាត់ ហើយ​រក​ឃើញ​វិញ
(លូកា ១៥.៤-៧)
12«តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់? គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ​ពុំ‌ខាន។ 13ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេក‌អរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។ 14រីឯ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​វិនាស​បាត់​បង់​ឡើយ»។
ត្រូវ​អត់‌ទោស​ឲ្យ​គេ​ជានិច្ច
15 «ប្រសិន​បើ​មាន​បងប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បងប្អូន​នោះ​មិន​ឲ្យ​បាត់​ឡើយ 16 តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ជួយ​ដាស់‌តឿន ដើម្បី​សម្រួល​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់17ប្រសិន​បើ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុម‌ជំនុំ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុម‌ជំនុំ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ*​ចុះ។ 18 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ ​នៅ​ស្ថាន​បរម‌សុខ​ដែរ។ 19ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ទៀត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ​រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ក៏​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន 20ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។
21 ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ បើ​បងប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ‌ពីរ​ដង​ឬ?»។ 22 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់‌ទោស​ឲ្យ​គេ​មិន​ត្រឹម​តែ​ប្រាំ‌ពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ចិត‌សិប​ដង​ប្រាំ‌ពីរ​ដង »។
ប្រស្នា​អំពី​អ្នក​បម្រើ​ដែល​ពុំ​ព្រម​អត់‌ទោស​ឲ្យ​គេ
23«ហេតុ​នេះ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។ 24ពេល​ព្រះ‌រាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែន មក។ 25ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។ 26អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះ‌បាទា​ស្ដេច ទូល‌អង្វរ​ថា: “សូម​ព្រះរាជា​មេត្តា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន”។ 27ព្រះ‌រាជា​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​បម្រើ​នោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ឲ្យ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។
28ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ‌រយ​ដួង* គាត់​ចាប់​អ្នក​នោះ​ច្របាច់-ក ទាំង​ពោល​ថា: “សង​ប្រាក់​អញ​ទាំង​អស់​មក!”។ 29គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។ 30ប៉ុន្តែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។ 31អ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។ 32ស្ដេច​ក៏​ហៅ​អ្នក​បម្រើ​នោះ​មក​សួរ​ថា: “នែ​អ្នក​បម្រើ​អាក្រក់! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ 33យើង​បាន​អាណិត​មេត្តា​ឯង។ ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តា​គូ‌កន​របស់​ឯង​ផង​ដូច្នេះ?”។ 34ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃ‌លែង ក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។ 35ចំពោះ​អ្នក​រាល់​គ្នា បើ​ម្នាក់ៗ​មិន​ព្រម​លើក‌លែង​ទោស​ឲ្យ​បងប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ក៏​នឹង​ធ្វើ​ទារុណ‌កម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy