YouVersion Logo
Search Icon

យ៉ូហាន 2

2
ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា
1បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ មាតា​ព្រះ‌យេស៊ូ​នៅ​ទី​នោះ 2ហើយ​គេ​ក៏​បាន​យាង​ព្រះ‌យេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។ 3ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំង‌បាយជូរ។ មាតា​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង‌បាយជូរ​ហើយ!»។ 4ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ! កុំ​រវល់​នឹង​រឿង​នេះ​អី ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ 5មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។ 6នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អម្រែក។ 7ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​បម្រើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។ 8ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅ‌មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ 9លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក​មក​ចាក់​ពាង​ទើប​ដឹង។ 10គាត់​ហៅ​កូន​កំលោះ​មក និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយជូរ​ឆ្ងាញ់​មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។
11នេះ​ជា​ទី​សម្គាល់​ដំបូង​បង្អស់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះអង្គ។ 12 បន្ទាប់​មក ព្រះអង្គ​យាង​ចុះ​ទៅ​ក្រុង​កាពើ‌ណិម​ជា​មួយ​មាតា ព្រម​ទាំង​បងប្អូន និង​សិស្ស​របស់​ព្រះអង្គ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ​ពេល​ខ្លី។
ព្រះ‌យេស៊ូ​បណ្ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះ‌វិហារ
(មថ.២១.១២-១៣ មក.១១.១៥-១៧ លក.១៩.៤៥-៤៦)
13 បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ 14នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ* ព្រះអង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។ 15ព្រះអង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះ‌វិហារ* ព្រះអង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។ 16ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះ‌បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។ 17 ពួក​សិស្ស*​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖
«មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ
បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ»
18ពេល​នោះ ជន‌ជាតិ​យូដា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ទី​សម្គាល់​អ្វី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។ 19 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះ‌វិហារ*​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។ 20ជន‌ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ព្រះ‌វិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។ 21តាម​ពិត ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះអង្គ​វិញ​ឯ‌ណោះ​ទេ។ 22ពេល​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពួក​សិស្ស​នឹក​ឃើញ​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះ‌គម្ពីរ ព្រម​ទាំង​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែរ។
ព្រះ‌យេស៊ូ​យល់​ជម្រៅ​ចិត្ត​មនុស្ស
23ពេល​ព្រះ‌យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះអង្គ ដោយ​ឃើញ​ទី​សម្គាល់​ដែល​ព្រះអង្គ​បាន​ធ្វើ។ 24ប៉ុន្តែ ព្រះ‌យេស៊ូ​ពុំ​ទុក​ចិត្ត​គេ​ទេ ដ្បិត​ព្រះអង្គ​ស្គាល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ 25មិន​បាច់​មាន​នរណា​ពន្យល់​ព្រះអង្គ​អំពី​ចិត្ត​មនុស្ស​ឡើយ ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ត​មនុស្ស។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy