YouVersion Logo
Search Icon

យ៉ូហាន 14

14
ព្រះ‌យេស៊ូ​ជា​មាគ៌ា​ទៅ​កាន់​ព្រះ‌បិតា
1«កុំ​រន្ធត់​ចិត្ត​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង។ 2ក្នុង​ដំណាក់​របស់​ព្រះ‌បិតា​ខ្ញុំ​មាន​លំ‌នៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ 3ពេល​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ។ 4ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។
5លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​ស្គាល់​ផ្លូវ​ទៅ​បាន បើ​យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ទី​ណា​ផង​នោះ»។ 6ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។ 7បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះអង្គ​ថែម​ទៀត​ផង»។
8លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។ 9ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ‌បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ? 10តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះ‌បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ព្រះអង្គ។ 11ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ចការ​ទាំង​នោះ​ទៅ។
12ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា។ 13អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ​ជា​មិន​ខាន ដើម្បី​ឲ្យ​ព្រះ‌បិតា​សម្តែង​សិរី‌រុងរឿង​ក្នុង​ព្រះ‌បុត្រា។ 14បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ»។
ព្រះ‌បន្ទូល​សន្យា​អំពី​ព្រះ‌វិញ្ញាណ
15«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ 16ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌បិតា ហើយ​ព្រះអង្គ​ប្រទាន​ព្រះ​ដ៏​ជួយ​ការពារ ​មួយ​អង្គ​ទៀត ឲ្យ​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ 17ព្រះអង្គ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្តែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះអង្គ​ទេ ព្រោះ​គេ​មើល​ព្រះអង្គ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​ព្រះអង្គ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​នឹង​គង់​ក្នុង​អ្នក​រាល់​គ្នា។ 18ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ 19បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។ 20នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។ 21អ្នក​ណា​មាន​បទ‌បញ្ជា​របស់​ខ្ញុំ និង​ប្រតិបត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ ព្រះ‌បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។
22លោក​យូដាស (មិន​មែន​យូដាស‌អ៊ីស្កា‌រីយ៉ុត​ទេ) ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។ 23ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ។ ព្រះ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះ‌បិតា និង​ខ្ញុំ ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។ 24អ្នក​ណា​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ​ខ្ញុំ​និយាយ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។
25ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ក្នុង​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ 26ប៉ុន្តែ ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ដែល​ព្រះ‌បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំឭក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។
27ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។ 28អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​រួច​មក​ហើយ​ថា ខ្ញុំ​នឹង​ចាក​ចេញ​ទៅ រួច​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​តែ​សប្បាយ​ចិត្ត​ដោយ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា ដ្បិត​ព្រះ‌បិតា​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ។ 29ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។ 30ខ្ញុំ​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​បាន​ច្រើន​ទៀត​ទេ ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​កំពុង​តែ​មក វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​សោះ។ 31វា​មក​ដូច្នេះ ជា​ឱកាស​ឲ្យ​មនុស្ស​លោក​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះ‌បិតា ហើយ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy