YouVersion Logo
Search Icon

លោកុប្បត្តិ 49

49
លោក​យ៉ាកុប​ឲ្យ​ពរ​កូនៗ​ទាំង​ដប់‌ពីរ​នាក់
1លោក​យ៉ាកុប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប‌ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។
2កូន​ចៅ​របស់​យ៉ាកុប​អើយ
ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់!
ចូរ​ស្ដាប់​អ៊ីស្រា‌អែល​ជា​ឪពុក
3រូបេន​ជា​កូន​ច្បង​របស់​ពុក
កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក
ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ
ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។
កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។
4កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង
តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ
ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក
ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។
5ស៊ីម្មាន និង​លេវី​ជា​បងប្អូន​នឹង​គ្នា
គេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ
6ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប‌ឃិត​របស់​គេ​ទេ។
ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរ
ដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្ស
ហើយ​ពេល​ចង់​សប្បាយ
គេ​កាត់​ជើង​គោ​លេង។
7ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ
ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់
ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ
គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ!
ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុប
ពុក​នឹង​កម្ចាត់‌កម្ចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។
8យូដា​អើយ បងប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង
កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន
បងប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។
9 យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ
សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី
ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដី
វា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី
គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។
10ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ
ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជានិច្ច
រហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រ
ដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន‌រាជ្យ​នេះ​យាង​មក​ដល់
ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូល​នឹង​ព្រះអង្គ។
11ព្រះអង្គ​ចង​លា​របស់​ព្រះអង្គ​ជាប់​នឹង
ដើម​ទំពាំង‌បាយជូរ
ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។
ព្រះអង្គ​លាង​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ
ក្នុង​ស្រា​ទំពាំង‌បាយជូរ
ហើយ​លាង​ព្រះ‌ភូសា​របស់​ព្រះអង្គ
ក្នុង​ទឹក​ទំពាំង‌បាយជូរ។
12ព្រះ‌នេត្រ​របស់​ព្រះអង្គ​ក្រហម
ជាង​ស្រា​ទំពាំង‌បាយជូរ
ហើយ​ព្រះ‌ទន្ត​របស់​ព្រះអង្គ
ស​ជាង​ទឹក​ដោះ​គោ​ទៅ​ទៀត។
13សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ
ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ
ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន
លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។
14អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ
ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។
15អ៊ីសា‌ខារ​យល់​ឃើញ​ថា
កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ
ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង
ដូច្នេះ អ៊ីសា‌ខារ​ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែប
ផ្ទុក​របស់​របរ​ពី​លើ
និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។
16ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន
ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល
17ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ
ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ
ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ
បណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។
18ឱ​ព្រះ‌អម្ចាស់អើយ
ទូលបង្គំ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ!
19កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុក
តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។
20អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស
កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។
21ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី
ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។
22យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក
លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក
មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។
23ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប
គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប
24ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង
យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជានិច្ច។
សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុប
ដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជម្នះ​បាន
សូម​ព្រះអង្គ​ដែល​ជា​គង្វាល
និង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
25សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន
សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ប្រទាន​ពរ​កូន
គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ
ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ
ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។
26សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ
បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក
និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជានិច្ច​ទៅ​ទៀត។
សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប
គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះអង្គ
បាន​ញែក​ចេញ​ពី​ចំណោម​បងប្អូន​របស់​ខ្លួន
ដើម្បី​ឲ្យ​បម្រើ​ព្រះអង្គ។
27បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ
ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក
និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។
28លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។
លោក​យ៉ាកុប​ទទួល​មរណ‌ភាព
29បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត 30 គឺ​នៅ​ក្នុង​ចម្ការ​ម៉ាក‌ពេឡា ជិត​ម៉ាម‌រ៉េ ក្នុង​ស្រុក​កាណាន ជា​ចម្ការ​ដែល​លោក​តា​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជន‌ជាតិ​ហេត ទុក​សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។ 31 នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។ 32លោក​តា​អប្រាហាំ​បាន​ទិញ​ចម្ការ ព្រម​ទាំង​គុហា​ដែល​ស្ថិត​នៅ​ក្នុង​ចម្ការ​នោះ​ពី​ជន‌ជាតិ​ហេត»។
33 លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy