Parallel
49
លោក​យ៉ាកុប​ឲ្យ​ពរ​កូនៗ​ទាំង​ដប់‌ពីរ​នាក់
1លោក​យ៉ាកុប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប‌ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។
2កូន​ចៅ​របស់​យ៉ាកុប​អើយ
ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់!
ចូរ​ស្ដាប់​អ៊ីស្រា‌អែល​ជា​ឪពុក
3រូបេន​ជា​កូន​ច្បង​របស់​ពុក
កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក
ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ
ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។
កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។
4កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង
តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ
ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក
ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។
5ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នា
គេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ
6ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប‌ឃិត​របស់​គេ​ទេ។
ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរ
ដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្ស
ហើយ​ពេល​ចង់​សប្បាយ
គេ​កាត់​ជើង​គោ​លេង។
7ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ
ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់
ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ
គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ!
ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុប
ពុក​នឹង​កំចាត់‌កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។
8យូដា​អើយ បង‌ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង
កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន
បង‌ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។
9 យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ
សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី
ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដី
វា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី
គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។
10ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ
ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា‌និច្ច
រហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រ
ដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន‌រាជ្យ​នេះ​យាង​មក​ដល់
ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូល​នឹង​ព្រះ‌អង្គ។
11ព្រះ‌អង្គ​ចង​លា​របស់​ព្រះ‌អង្គ​ជាប់​នឹង
ដើម​ទំពាំង‌បាយជូរ
ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។
ព្រះ‌អង្គ​លាង​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ
ក្នុង​ស្រា​ទំពាំង‌បាយជូរ
ហើយ​លាង​ព្រះ‌ភូសា​របស់​ព្រះ‌អង្គ
ក្នុង​ទឹក​ទំពាំង‌បាយជូរ។
12ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ក្រហម
ជាង​ស្រា​ទំពាំង‌បាយជូរ
ហើយ​ព្រះ‌ទន្ត​របស់​ព្រះ‌អង្គ
ស​ជាង​ទឹក​ដោះ​គោ​ទៅ​ទៀត។
13សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ
ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ
ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន
លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។
14អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ
ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។
15អ៊ីសា‌ខារ​យល់​ឃើញ​ថា
កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ
ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង
ដូច្នេះ អ៊ីសា‌ខារ​ក៏​អោន​ខ្លួន​ឲ្យ​គេ​ដាក់​កែប
ផ្ទុក​របស់​របរ​ពី​លើ
និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។
16ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន
ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល
17ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ
ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ
ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ
បណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។
18ឱ​ព្រះ‌អម្ចាស់អើយ
ទូលបង្គំ​សង្ឃឹម​ថា​ព្រះ‌អង្គ​នឹង​សង្គ្រោះ​ទូលបង្គំ!
19កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុក
តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។
20អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស
កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។
21ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី
ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។
22យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក
លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក
មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។
23ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប
គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប
24ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង
យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជា‌និច្ច។
សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុប
ដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជំនះ​បាន
សូម​ព្រះ‌អង្គ​ដែល​ជា​គង្វាល
និង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
25សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន
សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ប្រទាន​ពរ​កូន
គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ
ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ
ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។
26សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ
បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក
និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជា‌និច្ច​ទៅ​ទៀត។
សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប
គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះ‌អង្គ
បាន​ញែក​ចេញ​ពី​ចំណោម​បង‌ប្អូន​របស់​ខ្លួន
ដើម្បី​ឲ្យ​បម្រើ​ព្រះ‌អង្គ។
27បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ
ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក
និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។
28លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។
លោក​យ៉ាកុប​ទទួល​មរណ‌ភាព
29បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត 30 គឺ​នៅ​ក្នុង​ចម្ការ​ម៉ាក‌ពេឡា ជិត​ម៉ាម‌រ៉េ ក្នុង​ស្រុក​កាណាន ជា​ចម្ការ​ដែល​លោក​តា​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជន‌ជាតិ​ហេត ទុក​សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។ 31 នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។ 32លោក​តា​អប្រាហាំ​បាន​ទិញ​ចម្ការ ព្រម​ទាំង​គុហា​ដែល​ស្ថិត​នៅ​ក្នុង​ចម្ការ​នោះ​ពី​ជន‌ជាតិ​ហេត»។
33 លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។