YouVersion Logo
Search Icon

លោកុប្បត្តិ 42

42
លោក​យ៉ាកុប​ចាត់​កូន​ឲ្យ​ទៅ​ស្រុក​អេស៊ីប
1នៅ​គ្រា​នោះ លោក​យ៉ាកុប​បាន​ឮ​ដំណឹង​ថា​មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប លោក​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​មើល​មុខ​គ្នា​ដូច្នេះ?»។ 2 លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។ 3បងៗ​របស់​លោក​យ៉ូសែប​ទាំង​ដប់​នាក់​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីប 4តែ​លោក​យ៉ាកុប​ពុំ​បាន​ចាត់​បេន‌យ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ឲ្យ​ទៅ​ជា​មួយ​បងៗ​ឡើយ ព្រោះ​លោក​គិត​ថា “ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា”។ 5កូនៗ​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​មក​ទិញ​ស្រូវ ដូច​អ្នក​ឯ​ទៀតៗ​ដែរ ដ្បិត​មាន​កើត​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន។ 6នៅ​គ្រា​នោះ លោក​យ៉ូសែប​មាន​អំណាច​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​លោក​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​លោក​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​លោក ឱន​មុខ​ចុះ​ដល់​ដី។ 7កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ស្គាល់​ភ្លាម តែ​លោក​មិន​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​វិញ​ទេ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?»។ គេ​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​កាណាន រក​ទិញ​ស្បៀង​អាហារ»។ 8លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក​គេ​មិន​បាន​ស្គាល់​លោក​ទេ។ 9 ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សុបិន​របស់​លោក​ស្ដី​អំពី​បងៗ​ថ្វាយ‌បង្គំ​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។ 10ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។ 11យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​បងប្អូន​បង្កើត មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​សុទ្ធ​តែ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ»។ 12លោក​យ៉ូសែប​តប​ថា៖ «មិន​ពិត​ទេ! ពួក​ឯង​មក​ទី​នេះ​ក្នុង​គោល​បំណង​រក​មើល​កន្លែង ដែល​គ្មាន​ទី​តាំង​មាំ​ទាំ»។ 13ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បងប្អូន​ទាំង​អស់​ដប់‌ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។ 14លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «ឃើញ​ទេ ពិត​ដូច​ពាក្យ​ខ្ញុំ​ថា​មែន គឺ​ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍! 15ខ្ញុំ​ត្រូវ​តែ​ល​មើល​ចិត្ត​របស់​ពួក​ឯង។ ដរាប​ណា​ព្រះចៅ​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម ឯង​រាល់​គ្នា​នឹង​មិន​ចាក​ចេញ​ពី​ទី​នេះ​ជា​ដាច់​ខាត លើក‌លែង​តែ​ប្អូន​ពៅ​របស់​ឯង​រាល់​គ្នា​មក​ដល់​ទី​នេះ! 16ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​ហៅ​ប្អូន​ពៅ​ពួក​ឯង​មក រីឯ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន។ ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​មុខ​ជា​ដឹង​ថា ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍​មែន។ សូម​ព្រះចៅ​ផារ៉ោន​ធ្វើ​ជា​សាក្សី!»។ 17បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គេ​ឃុំ‌ឃាំង​បងៗ អស់​រយៈ​ពេល​បី​ថ្ងៃ។ 18នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​ត​ទៅ: 19ប្រសិន​បើ​ឯង​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​របស់​ពួក​ឯង ឲ្យ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។ 20បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​ឯង​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ។ ដូច្នេះ ឯង​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។ 21គេ​ក៏​យល់​ស្រប​ធ្វើ​តាម ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ឃើញ​ទេ យើង​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​វា នៅ​ពេល​ដែល​វា​ទទូច​អង្វរ​យើង តែ​យើង​ពុំ​បាន​ស្ដាប់​វា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​កើត​ទុក្ខ​លំបាក​ដូច្នោះ​ដែរ»។ 22 លោក​រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​ឲ្យ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។ 23ពួក​គេ​ពុំ​ដឹង​ថា លោក​យ៉ូសែប​ស្ដាប់​បាន​ទាំង​អស់​ទេ ដ្បិត​ពេល​លោក​និយាយ​ជា​មួយ​ពួក​គេ មាន​អ្នក​បក​ប្រែ​ជូន។ 24លោក​យ៉ូសែប​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​លោក​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ លោក​យ៉ូសែប​បាន​យក​លោក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ 25លោក​យ៉ូសែប​បញ្ជា​អ្នក​បម្រើ​ឲ្យ​ច្រក​ស្រូវ​បំពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​ទៅ​ក្នុង​ថង់​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​សម្រាប់​បរិភោគ​តាម​ផ្លូវ​ទៀត​ផង។ លោក​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​បងៗ។ 26ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។ 27លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។ 28គាត់​ក៏​ប្រាប់​បងប្អូន​ថា៖ «គេ​សង​ប្រាក់​ខ្ញុំ​វិញ​ហើយ មើល​នែ៎ ប្រាក់​ខ្ញុំ​នៅ​ក្នុង​បាវ!»។ ពេល​នោះ គេ​ភាំង​ស្មារតី តក់‌ស្លុត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មិន​ដឹង​ជា​ព្រះ‌ជាម្ចាស់​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​យើង​ទេ!»។
29ពេល​ពួក​គេ​បាន​ទៅ​ជួប‌ជុំ​នឹង​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។ 30ពួក​គេ​ជម្រាប​ឪពុក​ថា៖ «លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹង‌រ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើប‌ការណ៍​ទៀត​ផង។ 31ពួក​កូន​បាន​ឆ្លើយ​វិញ​ថា “យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ។ 32យើង​ខ្ញុំ​មាន​បងប្អូន​ដប់‌ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។ 33លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​នោះ មាន​ប្រសាសន៍​មក​ពួក​កូន​វិញ​ថា “តោង​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ពិត​ជា​និយាយ​ត្រង់​មែន​ឬ​យ៉ាង​ណា គឺ​ទុក​ម្នាក់​ឲ្យ​នៅ​ទី​នេះ​ជា​មួយ​ខ្ញុំ​សិន ហើយ​អ្នក​ឯ​ទៀតៗ​យក​ស្រូវ​តាម​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ ដែល​កំពុង​អត់​ឃ្លាន 34រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។
35ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។ 36លោក​យ៉ាកុប ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យ៉ូសែប​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច‌ផ្សា​ខ្លាំង​ណាស់»។ 37លោក​រូបេន​ជម្រាប​ឪពុក​ថា៖ «ប្រសិន​បើ​កូន​មិន​នាំ​បេន‌យ៉ាមីន​មក​ជូន​លោក​ឪពុក​វិញ​ទេ​នោះ សូម​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​កូន​ទៅ! កូន​សូម​ធានា​ខុស​ត្រូវ​ទាំង​ស្រុង គឺ​កូន​មុខ​ជា​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ 38លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy