YouVersion Logo
Search Icon

លោកុប្បត្តិ 41

41
សុបិន​របស់​ព្រះចៅ​ផារ៉ោន
1ពីរ​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ផារ៉ោន​សុបិន​ដូច​ត​ទៅ គឺ​ឃើញ​ព្រះអង្គ​ឈរ​នៅ​មាត់​ទន្លេ​នីល។ 2មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ 3បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។ 4គោ​ញី​ស្គមៗ សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង។ 5បន្ទាប់​មក ស្ដេច​ផ្ទំ​លក់​សា​ជា​ថ្មី ហើយ​ទ្រង់​សុបិន​ម្ដង​ទៀត។ ស្ដេច​សុបិន​ឃើញ​ស្រូវ​ប្រាំ‌ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ 6ហើយ​មាន​ស្រូវ​ប្រាំ‌ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ 7កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ធំៗ ដែល​មាន​គ្រាប់​ពេញ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង ហើយ​យល់​ថា នេះ​ជា​សុបិន​និមិត្ត។
8 ព្រឹក​ឡើង​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្ដេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​តំណាល​អំពី​សុបិន​របស់​ស្ដេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ​ថ្វាយ​ព្រះចៅ​ផារ៉ោន​បាន​ឡើយ។ 9ពេល​នោះ មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា បាន​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូលបង្គំ​សូម​សារ​ភាព​កំហុស​មួយ។ 10កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​បញ្ជា​ឲ្យ​គេ​យក​ទូលបង្គំ ព្រម​ទាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ទៅ​ឃុំ‌ឃាំង​ក្នុង​ពន្ធ‌នាគារ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះអង្គ។ 11ទូលបង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ដែល​មាន​ន័យ​ប្លែក​ពី​គ្នា។ 12ក្នុង​ពន្ធ‌នាគារ​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះអង្គ ទូលបង្គំ​ទាំង​ពីរ​បាន​តំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ទូលបង្គំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។ 13ក្រោយ​មក មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្ដេច​ឲ្យ​គេ​ព្យួរ-ក មហា‌តលិក​ម្នាក់​ទៀត»។
14ព្រះចៅ​ផារ៉ោន​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ូសែប​មក។ គេ​ក៏​ដោះ​លែង​លោក​ចេញ​ពី​ពន្ធ‌នាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​លោក ហើយ​លោក​ផ្លាស់​សម្លៀក‌បំពាក់ ចូល​គាល់​ព្រះចៅ​ផារ៉ោន។ 15ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។ 16លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «មិន​មែន​ទូលបង្គំ​ទេ​ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌ករុណា​បាន»។
17ពេល​នោះ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ថា យើង​កំពុង​តែ​ឈរ​នៅ​មាត់​ទន្លេ។ 18ពេល​នោះ មាន​គោ​ញី​ធាត់ៗ​ល្អ​ប្រាំ‌ពីរ​ក្បាល ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ 19បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។ 20គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។ 21ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ 22បន្ទាប់​មក យើង​យល់​សុបិន​ម្ដង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ 23ហើយ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ 24កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។
25លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​កិច្ចការ ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ។ 26គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ‌ពីរ​ក្បាល​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។ 27គោ​ញី​ប្រាំ‌ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ឡើង​មក​តាម​ក្រោយ​នោះ មាន​ន័យ​ថា​ប្រាំ‌ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ។ 28បពិត្រ​ព្រះចៅ​ផារ៉ោន ទូលបង្គំ​ទើប​នឹង​ទូល​ព្រះ‌ករុណា​ស្រាប់​ហើយ ថា​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ 29គឺ​ក្នុង​អំឡុង​ប្រាំ‌ពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល​នឹង​មាន​ភោគ‌ផល​យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។ 30ប្រាំ‌ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត​នឹង​កើត​ទុរ្ភិក្ស ដែល​នាំ​ឲ្យ​ប្រជា‌ជន​ភ្លេច​ថា ស្រុក​អេស៊ីប​ធ្លាប់​បាន​ទទួល​ភោគ‌ផល​សម្បូណ៌​ហូរ‌ហៀរ ព្រោះ​ទុរ្ភិក្ស​នឹង​បង្ហិន‌បង្ហោច​ស្រុក​អេស៊ីប​អស់​គ្មាន​សល់។ 31ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ‌ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។ 32ព្រះ‌ករុណា​ទ្រង់​សុបិន​ដល់​ទៅ​ពីរ​ដង​ដូច្នេះ បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ​រួច​ស្រេច​ហើយ ហើយ​ព្រះអង្គ​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ 33ឥឡូវ​នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប។ 34សូម​ព្រះ‌ករុណា​តែង‌តាំង​មន្ត្រី​ផ្សេងៗ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ​ពី​ភោគ‌ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ‌ហៀរ​ខាង​មុខ​នេះ។ 35មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ‌ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​សម្បូណ៌​ហូរ‌ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌ករុណា​ផ្ទាល់។ 36ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ‌ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។
ព្រះចៅ​ផារ៉ោន​តែង‌តាំង​លោក​យ៉ូសែប​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប
37ព្រះចៅ​ផារ៉ោន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ 38ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។ 39ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​ហេតុ‌ការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ​ដូច​លោក​ទេ។ 40 ដូច្នេះ យើង​សុំ​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះ‌រាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។ 41ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។ 42 ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះអង្គ ពាក់​ឲ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ថែម​ទៀត​ផង 43រួច​ឲ្យ​លោក​ឡើង​ជិះ​រាជ‌រថ ដែល​នៅ​បន្ទាប់​ពី​ព្រះអង្គ ហើយ​ឲ្យ​គេ​រត់​ពី​មុខ​លោក ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ ថ្វាយ‌បង្គំ!»។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​យ៉ូសែប​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​របៀប​នេះ​ឯង។ 44ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ព្រះចៅ​ផារ៉ោន! តែ​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ជា​មុន​នោះ​ឡើយ»។ 45ព្រះចៅ​ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា “សាប់‌ណាត់‌ផានា” ហើយ​ស្ដេច​ដណ្ដឹង​នាង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ប៉ូទី‌ផេរ៉ា ជា​បូជា‌ចារ្យ​នៅ​ក្រុង​អូន មក​ឲ្យ​លោក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។ 46កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។
47ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ‌ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគ‌ផល​យ៉ាង​ច្រើន​បរិបូណ៌។ 48ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគ‌ផល​តាម​ស្រែ​ចម្ការ​ជុំ‌វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។ 49លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។
50នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស លោក​ស្រី​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ជូន​លោក​យ៉ូសែប។ 51លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ា‌ណាសេ” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។ 52លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រាអ៊ីម” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។
53លុះ​ស្រុក​អេស៊ីប​បាន​សម្បូណ៌​ហូរ‌ហៀរ​គម្រប់​ប្រាំ‌ពីរ​ឆ្នាំ​ហើយ 54 ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​កើត​មាន ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ 55 ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្ដើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម‌ទារ​សុំ​ស្បៀង​អាហារ​ពី​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ 56ពេល​នោះ ទុរ្ភិក្ស​បាន​រាល‌ដាល​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ លោក​យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នានា លក់​ស្រូវ​ឲ្យ​ជន‌ជាតិ​អេស៊ីប ប៉ុន្តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប។ 57មនុស្ស‌ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាល‌ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy