YouVersion Logo
Search Icon

លោកុប្បត្តិ 26

26
លោក​អ៊ីសាក និង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច
1នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស ដែល​កើត​មាន​នៅ​ជំនាន់​លោក​អប្រាហាំ។ លោក​អ៊ីសាក​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៃ​ជន‌ជាតិ​ភីលីស្ទីន។ 2ព្រះ‌អម្ចាស់​បាន​យាង​មក​ជួប​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។ 3 ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រាហាំ ជា​ឪពុក​របស់​អ្នក។ 4យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ‌សារ​ពូជ‌ពង្ស​របស់​អ្នក 5ដ្បិត​អប្រាហាំ​បាន​ស្ដាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ‌បញ្ជា តាម​ក្បួន​ច្បាប់ និង​តាម​ក្រឹត្យ‌វិន័យ​របស់​យើង»។ 6លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។ 7 ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​លោក​អំពី​ភរិយា​របស់​លោក លោក​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ លោក​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​លោក​ឡើយ ព្រោះ​លោក​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​លោក ដ្បិត​លោក​ស្រី​រេបិកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ 8លោក​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ជា​ស្ដេច​របស់​ជន‌ជាតិ​ភីលីស្ទីន ក្រឡេក​មើល​តាម​បង្អួច​ឃើញ​លោក​អ៊ីសាក​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​លោក​ស្រី​រេបិកា ជា​ភរិយា​របស់​លោក។ 9ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «នាង​ជា​ភរិយា​របស់​លោក​ទេ​តើ! ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ លោក​អ៊ីសាក​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​និយាយ​ដូច្នេះ មក​ពី​ទូលបង្គំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ទូលបង្គំ»។ 10ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​លោក​នោះ លោក​មុខ​ជា​បណ្ដាល​ឲ្យ​យើង​ទាំង​អស់​គ្នា មាន​ទោស​មិន​ខាន»។ 11ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ចេញ​បញ្ជា​ទៅ​ប្រជា‌រាស្ត្រ​ទាំង​មូល​ដូច​ត​ទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។
លោក​អ៊ីសាក​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ស្ដេច​អប៊ីម៉ា‌ឡិច
12លោក​អ៊ីសាក​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​លោក។ 13លោក​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។ 14លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលីស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​លោក 15ហើយ​យក​ដី​មក​លុប​បំពេញ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អប្រាហាំ​នៅ​រស់​នៅ​ឡើយ។ 16ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​មក​លោក​អ៊ីសាក​ថា៖ «សូម​លោក​ចាក​ចេញ​ពី​ស្រុក​យើង​ទៅ ដ្បិត​លោក​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជាង​យើង​ណាស់»។
17លោក​អ៊ីសាក​ក៏​ចាក​ចេញ​ពី​ស្រុក​នោះ ទៅ​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​កេរ៉ា ហើយ​ស្នាក់​នៅ​ទី​នោះ​ទៅ។ 18លោក​អ៊ីសាក​ឲ្យ​គេ​ស្ដារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​លោក​អប្រាហាំ ជា​ឪពុក​លោក ហើយ​ត្រូវ​ពួក​ភីលីស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​លោក​អប្រាហាំ​ទទួល​មរណ‌ភាព។ លោក​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​លោក​បាន​ដាក់​ឲ្យ​កាល​ពី​មុន។ 19ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្ដូង​មួយ​ទៀត នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។ 20ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។ 21ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។ 22លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូ‌បូត” ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រុង‌ចម្រើន​ក្នុង​ស្រុក​នេះ»។
23លោក​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ក្រុង​បៀរ‌សេបា។ 24នៅ​ពេល​យប់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អប្រាហាំ ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អប្រាហាំ​ជា​អ្នក​បម្រើ​របស់​យើង»។ 25លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះអង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះអង្គ​ថា​ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។
26 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា​មក​ជួប​លោក​អ៊ីសាក ដោយ​មាន​លោក​អហ៊ូ‌សាត​ជា​ទី​ប្រឹក្សា​របស់​ស្ដេច និង​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​មក​ជា​មួយ​ផង។ 27លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា និង​អស់​លោក​យាង និង​អញ្ជើញ​មក​ជួប​ទូលបង្គំ​ដូច្នេះ ដ្បិត​ព្រះ‌រាជា និង​អស់​លោក​ស្អប់​ទូលបង្គំ ព្រម​ទាំង​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​របស់​ព្រះ‌រាជា និង​អស់​លោក​ថែម​ទៀត​ផង!»។ 28ព្រះ‌បាទ​អប៊ីម៉ា‌ឡិច និង​អស់​អ្នក​ដែល​មក​ជា​មួយ​ស្ដេច​តប​ទៅ​លោក​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​ជា​មួយ​លោក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។ 29រីឯ​លក្ខ‌ខណ្ឌ​នៃ​សម្ពន្ធ‌មេត្រី​នោះ គឺ​សូម​លោក​ស្បថ​នឹង​យើង​ថា លោក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​លោក​ដែរ។ យើង​តែងតែ​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក និង​ឲ្យ​លោក​ចាក​ចេញ​មក ដោយ​សុខ‌សាន្ត ហើយ​ឥឡូវ​នេះ លោក​ក៏​បាន​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង»។
30លោក​អ៊ីសាក​ធ្វើ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​ជូន​លោក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។ 31បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​អ៊ីសាក​ជូន​ដំណើរ​ស្ដេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។
32នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​មក​ជម្រាប​លោក អំពី​អណ្ដូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។ 33លោក​អ៊ីសាក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។
34ពេល​លោក​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ លោក​រៀបការ​ជា​មួយ​នាង​យូ‌ឌីត ជា​កូន​របស់​លោក​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀបការ​ជា​មួយ​នឹង​នាង​បាស‌ម៉ាត់ ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត។ 35នាង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​លោក​អ៊ីសាក និង​លោក​ស្រី​រេបិកា​ពិបាក​ចិត្ត​ជា​ខ្លាំង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy