YouVersion Logo
Search Icon

លោកុប្បត្តិ 25

25
លោក​អប្រាហាំ​ទទួល​មរណ‌ភាព ពូជ‌ពង្ស​ឯ​ទៀតៗ​របស់​លោក​អប្រាហាំ
1លោក​អប្រាហាំ​យក​ភរិយា​មួយ​ទៀត ឈ្មោះ​កិទូរ៉ា។ 2គាត់​បង្កើត​បាន​កូន​ប្រុស​ជូន​លោក ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ​គឺ សឹម‌រ៉ាន យ៉ុក‌សាន មី‌ដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា។ 3យ៉ុកសាន​បង្កើត​សេបា និង​ដេដាន់។ កូន​ចៅ​របស់​ដេដាន់ គឺ​ជន‌ជាតិ​អាស‌ស៊ើរ លេទូស និង​លេវមី។ 4កូន​ចៅ​របស់​ម៉ាឌាន​មាន អេផា អេភើរ ហេណុក អប៊ីដា និង​អែលដា។ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។
5លោក​អប្រាហាំ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន ឲ្យ​លោក​អ៊ីសាក។ 6រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​លោក​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។
7លោក​អប្រាហាំ​រស់​បាន​ទាំង​អស់​មួយ​រយ​ចិត‌សិប​ប្រាំ​ឆ្នាំ។ 8បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។
9លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​គុហា​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាម‌រេ 10 គឺ​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។
11ក្រោយ​លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-‌រយ។
12នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បម្រើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។ 13កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​មាន ឈ្មោះ​តាម​ជំនួរ‌វង្ស​ត្រកូល​ដូច​ត​ទៅ: នេបា‌យ៉ូត ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាឌ ថេម៉ា យេធើរ ណា‌ភីស និង​កេដ‌ម៉ា។ 16គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​កូន​ប្រុស​ទាំង​ដប់‌ពីរ​របស់​លោក​អ៊ីស្មា‌អែល។ អ្នក​ទាំង​នោះ​ជា​មេ‌កន្ទ្រាញ​លើ​អំបូរ​រៀងៗ​ខ្លួន ហើយ​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្មា‌អែល និង​ភូមិ​ស្រុក​របស់​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​នោះ។ 17លោក​អ៊ីស្មា‌អែល​រស់​បាន​ទាំង​អស់​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក លោក​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស ដែល​បាន​ចែក​ស្ថាន​ផុត​ទៅ​ហើយ​នោះ​វិញ។ 18ជន‌ជាតិ​អ៊ីស្មា‌អែល​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​ហាវី‌ឡា រហូត​ដល់​ស្រុក​ស៊ើរ ដែល​នៅ​ជាប់​នឹង​ស្រុក​អេស៊ីប និង​វាត​រហូត​ទៅ​ដល់​ស្រុក​អាស៊ើរ។ ជន‌ជាតិ​អ៊ីស្មា‌អែល​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បងប្អូន​របស់​ខ្លួន​ទេ។
ប្រវត្តិ​របស់​លោក​យ៉ាកុប
អេសាវ និង​យ៉ាកុប
19នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។ 20ពេល​លោក​អ៊ីសាក​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​បាន​រៀបការ​នឹង​នាង​រេបិកា ដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ា‌ដាន់‌អើ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។ 21លោក​អ៊ីសាក​បាន​ទូល‌អង្វរ សូម​ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។ 22ដោយ​ទារក​កម្រើក​ប៉ះ​គ្នា​នៅ​ក្នុង​ផ្ទៃ គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​ខ្ញុំ​កើត​អ៊ីចឹង?»។ គាត់​ទៅ​សួរ​ព្រះ‌អម្ចាស់23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖
«នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជា‌ជាតិ​ពីរ
សាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាង
សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត
កូន​ច្បង​នឹង​ធ្វើ​ជា​រណប​របស់​កូន​ប្អូន»។
24ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។ 25កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។ 26បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ។
27កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។ 28លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។
29ថ្ងៃ​មួយ លោក​យ៉ាកុប​កំពុង​ស្ល​សម្ល ហើយ​លោក​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ‌ហត់​ជា​ខ្លាំង។ 30លោក​អេសាវ​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា មនុស្ស​ពណ៌​ក្រហម)។ 31លោក​យ៉ាកុប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​សិន​មក»។ 32លោក​អេសាវ​តប​ថា៖ «បង​ដាច់​ពោះ​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»។
33 លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​ឲ្យ​លោក​យ៉ាកុប។ 34លោក​យ៉ាកុប​យក​នំប៉័ង ព្រម​ទាំង​សម្ល​សណ្ដែក​ក្រហម មក​ជូន​គាត់​ពិសា។ លោក​អេសាវ​ពិសា​បាយ​ទឹក រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់‌ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy