YouVersion Logo
Search Icon

លោកុប្បត្តិ 23

23
ផ្នូរ​របស់​លោក​ស្រី​សារ៉ា
1លោក​ស្រី​សារ៉ា​រស់​បាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​ឆ្នាំ។ 2ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ‌ភាព​នៅ​ក្រុង​គារយ៉ាត់-‌អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ លោក​អប្រាហាំ​មក​រៀបចំ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។ 3បន្ទាប់​មក លោក​អប្រាហាំ​ចាក​ចេញ​ពី​សាក‌សព​ភរិយា​ទៅ​និយាយ​នឹង​ជន‌ជាតិ​ហេត​ដូច​ត​ទៅ៖ 4 «ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បងប្អូន។ សូម​បងប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​បងប្អូន​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ»។ 5ជន‌ជាតិ​ហេត​តប​មក​លោក​អប្រាហាំ​វិញ​ថា៖ 6«លោក​ម្ចាស់ សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​សិន! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​លោក​ឡើយ»។ 7លោក​អប្រាហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។ 8លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បងប្អូន​ពិត​ជា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​លោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​ឲ្យ​ខ្ញុំ​ផង 9គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​គុហា​ម៉ាកពេ‌ឡា ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​គុហា​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​គុហា​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ នៅ​កណ្ដាល​ចំណោម​បងប្អូន​ទាំង​អស់​គ្នា»។
10លោក​អេប្រូន ជា​ជន‌ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​លោក​អប្រាហាំ​វិញ នៅ​ចំពោះ​មុខ​ជន‌ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖ 11«លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ​ប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ដី​ចម្ការ ព្រម​ទាំង​គុហា​នៅ​ក្នុង​ចម្ការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ខ្ញុំ​ប្របាទ​ទាំង​អស់។ សូម​លោក​ម្ចាស់​បញ្ចុះ​សព​ភរិយា​របស់​លោក​ម្ចាស់​នៅ​ទី​នោះ​ទៅ»។
12លោក​អប្រាហាំ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ 13ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេប្រូន​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្ដាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក​តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។ 14ប៉ុន្តែ លោក​អេប្រូន​តប​ទៅ​លោក​អប្រាហាំ​ថា៖ 15«លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ! ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​តែ​មួយ​រយ​ម្ភៃ​តម្លឹង​ប៉ុណ្ណោះ ដូច្នេះ គ្មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់ និង​ខ្ញុំ​ទេ សូម​បញ្ចុះ​សព​ភរិយា​របស់​លោក​ទៅ!»។ 16លោក​អប្រាហាំ​ក៏​ព្រម​ព្រៀង​ជា​មួយ​លោក​អេប្រូន ហើយ​ថ្លឹង​ប្រាក់​ឲ្យ​គាត់ តាម​ចំនួន​ដែល​គាត់​បាន​និយាយ​នៅ​មុខ​ជន‌ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ​រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។
17តាំង​ពី​ពេល​នោះ​មក ដី​ចម្ការ​របស់​លោក​អេប្រូន​នៅ​ម៉ាកពេ‌ឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ គឺ​ទាំង​ដី​ចម្ការ ទាំង​គុហា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​នោះ​ទាំង​មូល 18បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ដោយ​មាន​ជន‌ជាតិ​ហេត និង​មនុស្ស‌ម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ជា​សាក្សី។
19បន្ទាប់​មក លោក​អប្រាហាំ​ក៏​បាន​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ភរិយា ក្នុង​គុហា នៅ​ចម្ការ​ម៉ាក‌ពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ 20ដូច្នេះ ជន‌ជាតិ​ហេត​បាន​ផ្ទេរ​ដី​ចម្ការ និង​គុហា​ដែល​នៅ​លើ​ដី​នោះ មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ទុក​ជា​កន្លែង​បញ្ចុះ​សព​ក្រុម​គ្រួសារ​លោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy