Parallel
14
លោក​អាប់រ៉ាម​ច្បាំង​ឈ្នះ​ស្ដេច​ជា​ច្រើន
1នៅ​គ្រា​នោះ ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ ព្រះ‌បាទ​អើយ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ និង​ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម 2បាន​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​បេរ៉ា​ជា​ស្ដេច​ក្រុង​សូដុម ព្រះ‌បាទ​ប៊ីសារ​ជា​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ព្រះ‌បាទ​ស៊ីណាប​ជា​ស្ដេច​ក្រុង​អាដ‌ម៉ា ព្រះ‌បាទ​សេមេ‌ប៊ើរ​ជា​ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ។ 3ស្ដេច​ទាំង​នេះ​បាន​មក​បោះ​ទ័ព​ជា​មួយ​គ្នា នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​នៅ​សមុទ្រ​ប្រៃ។ 4ស្ដេច​ទាំង​នេះ​នៅ​ជា​រណប​របស់​ព្រះ‌បាទ​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។ 5ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-‌កើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម 6និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ជួរ​ភ្នំ​អែល‌បារ៉ាន ដែល​នៅ​ជិត​វាល​រហោ‌ស្ថាន។ 7បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។
8ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ស្ដេច​ក្រុង​អាដ‌ម៉ា ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម 9គឺ​តទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។ 10នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។ 11រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ 12គេ​ក៏​នាំ​លោក​ឡុត​ជា​ក្មួយ​លោក​អាប់រ៉ាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ លោក​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម។ 13មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។ 14កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ‌សន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​ហូត​ទៅ​ដល់​ក្រុង​ដាន់។ 15លោក​បាន​ចែក​កង‌ទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ 16លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បង‌ប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។
លោក​អាប់រ៉ាម និង​ស្ដេច​ម៉ិល‌គីស្សា‌ដែក
17ក្រោយ​ពេល​ដែល​លោក​អាប់រ៉ាម​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ហ្លួង។ 18 ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជា​មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​មក​ជូន​លោក​អាប់រ៉ាម។ ស្ដេច​ជា​បូជា‌ចារ្យ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ 19ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់រ៉ាម​ថា៖
«សូម​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី
ប្រទាន​ពរ​ដល់​លោក​អាប់រ៉ាម
20សូម​លើក​តម្កើង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង‌ឡាយ
មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក!»។
លោក​អាប់រ៉ាម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​រឹប​អូស​បាន មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​មួយ​ភាគ​ដប់។
21ស្ដេច​ក្រុង​សូដុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «សូម​លោក​ប្រគល់​ប្រជា‌ជន​មក​យើង ហើយ​ទុក​ទ្រព្យ​សម្បត្តិ​សម្រាប់​លោក​ទៅ»។ 22លោក​អាប់រ៉ាម​ទូល​ស្ដេច​សូដុម​វិញ​ថា៖ «ទូលបង្គំ​សូម​យក​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ធ្វើ​ជា​សាក្សី​ថា 23ទូលបង្គំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ព្រះ‌ករុណា​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ទូលបង្គំ​មិន​យក​ដែរ កុំ​ឲ្យ​ព្រះ‌ករុណា​មាន​រាជ​ឱង្ការ​ថា “យើង​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន”។ 24ទូលបង្គំ​មិន​ចង់​បាន​អ្វី​ឡើយ គឺ​សុំ​តែ​ម្ហូប​អាហារ​សម្រាប់​ពួក​យុវជន ដែល​មក​ច្បាំង​ជា​មួយ​ទូលបង្គំ និង​សុំ​យក​អ្វីៗ​ជា​ចំណែក​របស់​អស់​អ្នក ដែល​មក​ជា​មួយ​ទូលបង្គំ​ប៉ុណ្ណោះ គឺ​របស់​លោក​អាន់‌នើរ លោក​អេស‌កុល និង​លោក​ម៉ាមរ៉េ។ អ្នក​ទាំង​នោះ​នឹង​យក​អ្វីៗ​ដែល​ជា​ចំណែក​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ផ្ទាល់»។