YouVersion Logo
Search Icon

២ ពង្សាវតារក្សត្រ 1

1
ព្រះ‌ជាម្ចាស់​ដាក់​ទោស​ព្រះ‌បាទ​អហា‌ស៊ីយ៉ា
1ក្រោយ​ពី​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត ជន‌ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ 2ថ្ងៃ​មួយ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ព្រះ‌ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ទ្រង់​អាច​ជា​សះ‌ស្បើយ​ពី​របួស​នេះ​ឬ​ទេ? 3ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់ ថ្លែង​ទៅ​កាន់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្ដេច​ក្រុង​សា‌ម៉ារី ហើយ​សួរ​ថា “តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?” 4ហេតុ​នេះ​ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ លោក​អេលីយ៉ា​ក៏​ចាក​ចេញ​ទៅ។ 5ពួក​អ្នក​នាំ​សារ​វិល​មក​គាល់​ស្ដេច​វិញ ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។ 6ពួក​គេ​ទូល​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ទូល​ស្ដេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​នោះ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ 7ស្ដេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប​រាង​ដូច​ម្ដេច?»។ 8 ពួក​គេ​ទូល​ស្ដេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​ពិត​ជា​អេលីយ៉ា អ្នក​ស្រុក​ធេស‌ប៊ី!»
ព្រះ‌បាទ​អហា‌ស៊ីយ៉ា​រក​ចាប់​ព្យាការី​អេលីយ៉ា
9ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​លោក​អេលីយ៉ា។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលីយ៉ា ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា»។ 10 លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ 11ស្ដេច​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​រក​ចាប់​លោក​អេលីយ៉ា។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា!»។ 12លោក​អេលីយ៉ា​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ 13ស្ដេច​ចាត់​មេ​កង​ទី​បី​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ​កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​នៅ​មុខ​លោក​អេលីយ៉ា រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នេះ​ផង។ 14មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​មេ​កង​ទាំង​ពីរ និង​ពល​ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ​ផង!»។ 15ទេវតា*​របស់​ព្រះ‌អម្ចាស់​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ!»។ លោក​អេលីយ៉ា​ក្រោក​ឡើង ហើយ​ទៅ​ជា​មួយ​គេ ចូល​គាល់​ស្ដេច 16ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ដែល​គេ​អាច​សួរ​បាន។ ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។
17ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​ទិវង្គត​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​គ្មាន​បុត្រ​ទេ ដូច្នេះ ព្រះ‌បាទ​យ៉ូរ៉ាម ជា​អនុជ ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​ស្រុក​យូដា។ 18រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា និង​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy