YouVersion Logo
Search Icon

១ ធីម៉ូថេ 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​ព្រះគ្រិស្ត‌យេស៊ូ ជា​ទី​សង្ឃឹម​នៃ​យើង 2 មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។
ពាក្យ​ដាស់​តឿន​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​ខុស‌ឆ្គង
3ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ ដើម្បី​ហាម‌ប្រាម​អ្នក​ខ្លះ​កុំ​ឲ្យ​បង្រៀន​គោល‌លទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ 4ហើយ​ក៏​កុំ​ឲ្យ​ជាប់​ចិត្ត​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​វែក​ញែក ជា​ជាង​គិត​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់ ដែល​យើង​ស្គាល់​តាម​ជំនឿ។ 5ហេតុ​ដែល​ខ្ញុំ​ឲ្យ​ហាម‌ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ* ពី​មន‌សិការ​ជ្រះ‌ថ្លា និង​ពី​ជំនឿ​ឥត​ពុត‌ត្បុត។ 6អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោល‌ការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ 7គេ​ចង់​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ* តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។
8យើង​ដឹង​ហើយ​ថា ក្រឹត្យ‌វិន័យ*​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។ 9យើង​តោង​ដឹង​ទៀត​ថា ក្រឹត្យ‌វិន័យ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត*​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ក្រឹត្យ‌វិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទីសក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ 10ពួក​ប្រាស‌ចាក​សីលធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ 11ស្រប​តាម​ដំណឹង‌ល្អ​ស្ដី​អំពី​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ព្រះអង្គ​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។
ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌ជាម្ចាស់
12ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះគ្រិស្ត‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ព្រះអង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ។ 13 ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។ 14ប៉ុន្តែ ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ព្រះអង្គ​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ 15ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះគ្រិស្ត‌យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។ 16ព្រះ‌ជាម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឲ្យ​ព្រះគ្រិស្ត‌យេស៊ូ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ចំពូក​ដល់​ខ្ញុំ​មុន​គេ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះអង្គ ហើយ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច។
17សូម​ឲ្យ​ព្រះ‌មហា‌ក្សត្រ
ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច
ជា​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ
មាន​ព្រះ‌ជន្ម​មិន​ចេះ​សាប​សូន្យ
ដែល​មនុស្ស​មើល​ពុំ​ឃើញ
បាន​ប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌រុងរឿង
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!
18ធីម៉ូថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ‌បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ 19ដោយ​មាន​ជំនឿ និង​មាន​មន‌សិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មន‌សិការ​ល្អ​បែប​នេះ បណ្ដាល​ឲ្យ​ជំនឿ​របស់​គេ​លិច​លង់។ 20ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេ‌នាស និង​អលេក្សាន‌ត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មារ​សាតាំង ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​ព្រះ‌ជាម្ចាស់​ទៀត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy