YouVersion Logo
Search Icon

John 12

12
1 មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ​ ព្រះយេស៊ូ​បាន​យាង​មក​ក្រុង​បេថានី​ ជា​កន្លែង​ដែល​ឡាសារ​នៅ​ គាត់​ជា​អ្នក​ដែល​ព្រះយេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់។​
2 នៅ​ទី​នោះគេ​រៀបចំ​អាហារ​ពេល​ល្ងាច​សម្រាប់​ព្រះអង្គ​ ហើយ​នាង​ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ​ រីឯ​ឡាសារ​វិញ​ គាត់​ក៏​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​អង្គុយ​រួម​តុ​អាហារ​ជាមួយ​ព្រះអង្គ​ដែរ។​
3 នៅ​ពេល​នោះ​ នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ដ៏​មាន​តម្លៃ​ ចំណុះ​ប្រហែល​កន្លះ​លីត្រ​ មក​ចាក់​លាប​បាទា​របស់​ព្រះយេស៊ូ​ រួច​ជូត​បាទា​របស់​ព្រះអង្គ​ដោយ​សក់​របស់​នាង​ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ​
4 ប៉ុន្ដែ​មាន​សិស្ស​ម្នាក់​របស់​ព្រះអង្គ​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត​ ជា​អ្នក​បម្រុង​ក្បត់​ព្រះអង្គ​បាន​និយាយ​ថា៖​
5 «តើ​ហេតុអ្វី​មិន​លក់​ប្រេង​ក្រអូប​នេះ​ឲ្យ​បាន​បីរយ​ឌេណារី​ ហើយ​ចែក​ទាន​អ្នក​ក្រ​ទៅ?»​
6 គាត់​និយាយ​ដូច្នេះ​ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រ​ទេ​ គឺ​គាត់​ជា​ចោរ​ ជា​អ្នក​កាន់​ថង់​ប្រាក់​ ហើយ​បាន​កេង​យក​របស់​ដែល​ដាក់​នៅ​ក្នុង​នោះ។​
7 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ទុក​ឲ្យ​នាង​ធ្វើ​ចុះ!​ ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះ​ សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។​
8 អ្នក​រាល់គ្នា​មាន​អ្នក​ក្រ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ទេ»។​
9 មាន​ពួក​ជនជាតិ​យូដា​ច្រើន​កុះករ​បាន​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ទី​នោះ​ ដូច្នេះ​ពួកគេ​នាំ​គ្នា​មក​ ប៉ុន្ដែ​មិន​មែន​ដោយ​ព្រោះ​ព្រះយេស៊ូ​ប៉ុណ្ណោះ​ទេ​ គឺ​ពួកគេ​ចង់​ឃើញ​ឡាសារ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ​ដែរ។​
10 ពួក​សម្ដច​សង្ឃ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ​
11 ហើយ​ដោយសារ​តែ​គាត់​ ជនជាតិ​យូដា​ជាច្រើន​ដក​ខ្លួន​ចេញ​ពី​ពួកគេ ​ទៅ​ជឿ​លើ​ព្រះយេស៊ូ​វិញ។​
12 នៅ​ថ្ងៃ​បន្ទាប់​ កាល​បណ្តាជន​ច្រើន​កុះករ​ ដែល​មក​ចូល​រួម​ពិធី​បុណ្យ​បាន​ឮ​ថា​ ព្រះយេស៊ូ​កំពុង​យាង​មក​ក្រុង​យេរូសាឡិម​
13 នោះ​ពួកគេ ​ក៏​យក​ធាង​ចាកចេញ​ទៅ​ទទួល​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ហូសាណា​ សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ជា​ស្តេច​របស់​ជនជាតិ​អ៊ីស្រាអែល!»​
14 កាល​ព្រះយេស៊ូ​រក​បាន​កូន​លា​មួយ​ក្បាល​ នោះ​ព្រះអង្គ​ក៏​គង់​លើ​ខ្នង​វា​ ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ថា​
15 កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​
16 មុន​ដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដី​ទាំង​នេះ​ទេ​ ប៉ុន្ដែ​កាល​ព្រះយេស៊ូ​បាន​តម្កើង​ឡើង​ នោះ​ទើប​ពួកគេ​នឹក​ឃើញ​ថា​ សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​អំពី​ព្រះអង្គ​ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​សម្រាប់​ព្រះអង្គ​ដែរ។​
17 រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ​ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ​ និង​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​
18 ដូច្នេះ​ហើយ​បាន​ជា​មាន​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​នោះ។​
19 ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​
20 ក្នុង​ចំណោម​ពួកអ្នក​ដែល​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ក៏​មាន​ជនជាតិ​ក្រេក​ខ្លះ​ដែរ​
21 អ្នក​ទាំង​នោះ​បាន​ចូល​មក​ជិត​លោក​ភីលីព​ ជា​អ្នក​ក្រុង​បេតសៃដា​ ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់​ថា៖​ «លោក!​ យើង​ចង់​ឃើញ​ព្រះយេស៊ូ»​
22 ដូច្នេះ​លោក​ភីលីព​បាន​ទៅ​ប្រាប់​លោក​អនទ្រេ​ ហើយ​លោក​អនទ្រេ​ និង​លោក​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូ។​
23 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគាត់​ថា៖​ «ពេល​ដែល​កូន​មនុស្ស​ត្រូវ​តម្កើង​ឡើង​នោះ​ បាន​មក​ដល់​ហើយ​
24 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​ បើ​មិន​ងាប់​ទេ​ គ្រាប់​នោះ​នៅ​តែមួយ​ដដែល​ ប៉ុន្ដែ​បើ​ងាប់​វិញ​ នោះ​ទើប​បង្កើត​ផល​បាន​ច្រើន​
25 អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន​ នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន​នៅ​ក្នុង​លោកិយ​នេះ​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​រហូត​អស់កល្ប​ជានិច្ច​
26 បើ​អ្នកណា​បម្រើ​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ​ ខ្ញុំ​នៅ​ទី​ណា​ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​បើ​អ្នកណា​បម្រើ​ខ្ញុំ​ នោះ​ព្រះ​វរ​បិតា​នឹង​លើក​មុខ​អ្នក​នោះ​ឡើង។​
27 ឥឡូវ​នេះ​ ខ្ញុំ​មាន​ចិត្ត​ជ្រួល​ច្របល់​ណាស់​ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​ដូចម្តេច?​ ឱ​ព្រះ​វរ​បិតា​អើយ!​ សូម​សង្គ្រោះ​ខ្ញុំ​ពី​ពេល​នេះ​ផង​ ប៉ុន្ដែ​ដោយ​ព្រោះ​ការ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​មក​ដល់​ពេល​កំណត់​នេះ​
28 ឱ​ព្រះ​វរ​បិតា​អើយ​ សូម​តម្កើង​ព្រះ​នាម​របស់​ព្រះអង្គ!»។​ នោះ​ស្រាប់​តែ​មាន​សំឡេង​មួយ​ពីលើ​មេឃ​មក​ថា៖​ «យើង​បាន​តម្កើង​ឡើង​ហើយ​ យើង​នឹង​តម្កើង​ឡើង​ទៀត»។​
29 ពេល​នោះ​ បណ្តាជន​ដែល​ឈរ​នៅ​ទី​នោះ​បាន​ឮ​ ក៏​និយាយ​ថា៖​ «មាន​ផ្គរលាន់!»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «មាន​ទេវតា​និយាយ​ជាមួយ​គាត់»​
30 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «សំឡេង​នេះ​មក​ មិន​មែន​ដោយ​ព្រោះ​ខ្ញុំ​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​វិញ​
31 ឥឡូវ​នេះជា​ពេល​ជំនុំជម្រះ​ពិភពលោក​នេះ​ ហើយ​ត្រូវ​បណ្ដេញ​ពួកអ្នក​គ្រប់គ្រង​ពិភពលោក​នេះ​ចេញ​
32 រីឯ​ខ្ញុំ​វិញ​ បើ​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង​ពី​ផែនដី​នេះ​ នោះ​ខ្ញុំ​នឹង​នាំ​មនុស្ស​ទាំង​អស់​ឲ្យ​មក​ឯ​ខ្ញុំ»។​
33 ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​បង្ហាញ​ថា​ ការ​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ ជា​ការ​សោយ​ទិវង្គត​បែប​ណា។​
34 បណ្ដាជន​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​បាន​ឮ​ពី​គម្ពីរ​វិន័យ​ថា​ ព្រះគ្រិស្ដ​ត្រូវ​គង់​នៅ​អស់កល្ប​ជានិច្ច​ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ?​ តើ​កូន​មនុស្ស​នោះ​ជា​នរណា?»​
35 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពន្លឺ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​តែមួយ​រយៈពេល​ខ្លី​ទេ​ ដូច្នេះ​ចូរ​ដើរ​នៅ​ពេល​ដែល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ចុះ​ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់គ្នា​ទាន់​ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ គេ​មិន​ដឹង​ថា​ ខ្លួង​ឯង​កំពុង​ទៅ​ណា​ទេ​។​
36 ចូរ​ជឿ​លើ​​ពន្លឺ​ចុះ​ ទាន់​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​នៃ​ពន្លឺ»។ ​កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ទៅ​ ហើយ​លាក់​ខ្លួន​ពី​ពួកគេ។​
37 ទោះបី​ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​នៅ​ចំពោះ​មុខ​ពួកគេ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែ​មិន​ជឿ​លើ​ព្រះអង្គ​ដែរ​
38 ដូច្នេះ​ក៏​សម្រេច​តាម​ពាក្យ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​មក​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​លើ​សេចក្ដី​ដែល​យើង​បាន​ប្រាប់?​ តើ​ព្រះហស្ត​របស់​ព្រះអម្ចាស់​បើក​សំដែង​ឲ្យ​អ្នកណា​ឃើញ​វិញ?​
39 ដូច្នេះ​ហើយ​ ពួកគេ​មិន​អាច​ជឿ​បាន​ឡើយ​ ព្រោះ​លោក​អេសាយ​បាន​ថ្លែង​ទុក​ទៀត​ថា​
40 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់​ ហើយ​ឲ្យ​ចិត្ត​របស់​ពួកគេ​រឹង​ ដើម្បី​កុំ​ឲ្យ​ពួកគេ​មើល​ឃើញ​ដោយ​ភ្នែក​ ហើយ​យល់​នៅ​ក្នុង​ចិត្ដ ​រួច​ប្រែចិត្ត​ នោះ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​
41 លោក​អេសាយ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។​
42 ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​
43 ព្រោះ​ពួកគេ​ចូល​ចិត្ត​ការ​សរសើរ​របស់​មនុស្ស​ជាង​ការ​សរសើរ​របស់​ព្រះជាម្ចាស់។​
44 ព្រះយេស៊ូ​បន្លឺ​សំឡេង​ឡើង​ថា៖​ «អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​មិន​មែន​ជឿ​លើ​ខ្ញុំ​ទេ​ គឺ​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​
45 ហើយ​អ្នកណា​ដែល​ឃើញ​ខ្ញុំ​ អ្នក​នោះ​ក៏​ឃើញ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​
46 ខ្ញុំ​ជា​ពន្លឺ​មួយ​ដែល​មក​ក្នុង​ពិភពលោក​នេះ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត​ទៀត​ឡើយ​
47 បើ​អ្នកណា​ឮ​ពាក្យ​របស់​ខ្ញុំ​ ប៉ុន្ដែ​មិន​ធ្វើ​តាម​ នោះ​ខ្ញុំ​ក៏​មិន​ដាក់​ទោស​គេ​ដែរ​ ដ្បិត​ខ្ញុំ​មិន​មែន​មក​ដាក់​ទោស​មនុស្ស​លោក​ឡើយ​ គឺ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ​
48 អ្នកណា​ដែល​បដិសេធ​ខ្ញុំ​ ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ចៅ​ក្រម​ដាក់​ទោស​គេ​ហើយ​ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង​ដែល​នឹង​ដាក់​ទោស​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​
49 ព្រោះ​ខ្ញុំ​មិន​បាន​និយាយ​ដោយ​ខ្លួន​ខ្ញុំ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ បាន​បង្គាប់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​
50 ហើយ​ខ្ញុំ​ដឹង​ថា​ សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​ជា​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ប្រាប់​ គឺ​ខ្ញុំ​ប្រាប់​តាម​តែ​ព្រះ​វរ​បិតា​បាន​ប្រាប់​ខ្ញុំ​ប៉ុណ្ណោះ»។​

Currently Selected:

John 12: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy