YouVersion Logo
Search Icon

Colossians 1

1
1 ខ្ញុំ​ប៉ូល​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​តាម​បំណង​របស់​ព្រះជាម្ចាស់​ និង​ធីម៉ូថេ​ជា​បងប្អូន​
2 ជូន​ចំពោះ​ពួក​បរិសុទ្ធ​ និង​ពួក​បងប្អូន​ស្មោះត្រង់​ទាំងឡាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែល​នៅ​ក្រុង​កូល៉ុស​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​
3 ពេល​យើង​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា​ យើង​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង​ជានិច្ច​
4 ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះគ្រិស្ដ​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​
5 គឺ​ជា​សេចក្ដី​ស្រឡាញ់​មក​ពី​សេចក្ដី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់គ្នា​នៅ​ស្ថានសួគ៌​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​មក​ហើយ​នៅ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែល​ជា​ដំណឹង​ល្អ​
6 ដែល​បាន​មក​ដល់​អ្នក​រាល់គ្នា​ ហើយ​ដំណឹង​ល្អ​នេះ​បង្កើត​ផលផ្លែ​ និង​ចម្រើន​ឡើង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​ តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ និង​បាន​យល់​ព្រះគុណ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​
7 ដូច​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​លោក​អេប៉ាប្រាស​ ជា​បាវបម្រើ​រួម​ការងារ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ស្រាប់​ហើយ​ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រិស្ដ​សម្រាប់​អ្នក​រាល់គ្នា​
8 ហើយ​គាត់​ក៏​បាន​ប្រាប់​យើង​ឲ្យដឹង​ដែរ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះវិញ្ញាណ។​
9 ហេតុ​នេះ​ហើយ​ បាន​ជា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន‍​ឮ​អំពី​អ្នក​រាល់គ្នា​ យើង​បាន​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា​ឥត​ឈប់​ឈរ​ឡើយ ទាំង​ទូល​សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ពេញ​ដោយ​ការ​យល់​ដឹង​អំពី​បំណង​របស់​ព្រះអង្គ​តាមរយៈ​ប្រាជ្ញា​ និង​ចំណេះ​ដឹង​ទាំងឡាយ​ខាង​វិញ្ញាណ​
10 ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រស់នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់​ ទាំង​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នៅ​ក្នុង​ការ​ទាំង​អស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផលផ្លែ​នៅ​ក្នុង​គ្រប់​ការ​ល្អ​ ព្រមទាំង​ចម្រើន​ឡើង​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​ព្រះជាម្ចាស់​
11 ហើយ​ឲ្យ​មាន​កម្លាំង​ប្រកប​ដោយ​អំណាច​គ្រប់​បែបយ៉ាង​ស្រប​តាម​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ការ​ស៊ូទ្រាំ​ និង​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​
12 រួច​អរព្រះគុណ​ដល់​ព្រះវរបិតា​ដោយ​អំណរ​ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ស័ក្ដិសម​នឹង​មាន​ចំណែក​ក្នុង​មរតក​របស់​ពួក​បរិសុទ្ធ​ដែល​នៅ​ក្នុង​ពន្លឺ។​
13 ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត​ រួច​នាំ​យើង​មក​ក្នុង​នគរ​នៃ​ព្រះរាជ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​
14 ហើយ​នៅ​ក្នុង​ព្រះរាជ​បុត្រា​ យើង​មាន​ការ​ប្រោសលោះ​ដែល​ជា​ការ​លើក​លែង​ទោស​បាប‍។​
15 ព្រះរាជ​បុត្រា​នោះ​ជា​រូបអង្គ​របស់​ព្រះជាម្ចាស់​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​ និង​ជា​កូន​ច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​
16 ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ទាំង​អ្វីៗ​ដែល​មនុស្ស​អាច​មើល​ឃើញ​ និង​មិន​អាច​មើល​ឃើញ​ មិន​ថា​ រាជ្យ​បល្ល័ង្ក​ អំណាច​គ្រប់គ្រង​ ការ​គ្រប់គ្រង​ ឬ​សិទ្ធិ​អំណាច​ គឺ​អ្វីៗ​ទាំង​អស់​កើត​មក​ដោយសារ​ព្រះអង្គ ហើយ​សម្រាប់​ព្រះអង្គ។​
17 មុន​មាន​អ្វីៗ​ទាំង​អស់​ មាន​ព្រះអង្គ​រួច​ហើយ​ រីឯ​អ្វីៗ​ទាំង​អស់​នៅ​ស្ថិតស្ថេរ​ដោយសារ​ព្រះអង្គ។​
18 ព្រះអង្គ​ជា​ព្រះសិរ​របស់​រូបកាយ​ដែល​ជា​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ជា​ដើម​ដំបូង​ ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​មេ​លើ​អ្វីៗ​ទាំង​អស់​
19 ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះរាជ​បុត្រា​
20 ហើយ​ឲ្យ​អ្វីៗ​ទាំង​អស់​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ព្រះរាជ​បុត្រា​នោះ​ គឺ​តាមរយៈ​ឈាម​របស់​ព្រះរាជ​បុត្រា​ដែល​បាន​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង​ ព្រះអង្គ​បាន​បង្កើត​សន្ដិភាព​ជាមួយ​អ្វីៗ​ទាំង​អស់​ មិន​ថា​នៅ​ស្ថានសួគ៌​ ឬ​នៅ​ផែនដី​ទេ។​
21 ដូច្នេះ​កាល​ពីដើម​អ្នក​រាល់គ្នា​បាន​ដាច់​ចេញ​ពី​ព្រះជាម្ចាស់​ ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​ជា​សត្រូវ​ដោយ​ប្រព្រឹត្ដ​អំពើ​អាក្រក់​
22 ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ឲ្យ​អ្នក​រាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ គ្មាន​កំហុស​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​
23 បើ​អ្នក​រាល់គ្នា​ពិត​ជា​ស្ថិត​នៅ​ក្នុង‍​ជំនឿ​ដែល​បាន​ចាក់​គ្រឹះ​ ហើយ​មាំមួន​ ទាំង​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន‍​ឮ​នោះ។​ ដំណឹង​ល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្រោម​មេឃ​ ហើយ​ប៉ូល​ខ្ញុំ​នេះ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។​
24 ឥឡូវ​នេះ​ ខ្ញុំ​មាន​អំណរ​នឹង​ការ​រងទុក្ខ​លំបាក​របស់​ខ្ញុំ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដ្បិត​ខ្ញុំ​កំពុង​បំពេញ​ក្នុង​រូប​សាច់​របស់​ខ្ញុំ​នូវ​ភាព​ខ្វះខាត​នៃ​ការ​រងទុក្ខ​លំបាក​របស់​ព្រះគ្រិស្ដ​សម្រាប់​រូបកាយ​របស់​ព្រះអង្គ​ដែល​ជា​ក្រុមជំនុំ​
25 ហើយ​ខ្ញុំ​ក៏​ត្រលប់​ជា​អ្នក​បម្រើ​ក្រុមជំនុំ​ស្រប​តាម​តួនាទី​មើល​ការ​ខុសត្រូវ​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ស្គាល់​ព្រះបន្ទូល​របស់​ព្រះអង្គ​សព្វ​គ្រប់​
26 គឺ​ជា​សេចក្ដី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​តរៀង​មក​ ប៉ុន្ដែ​ ឥឡូវ​នេះ​ បាន​បង្ហាញ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ស្គាល់​
27 ដោយ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​បង្ហាញ​ឲ្យ​ពួកគេ​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​នៃ​សេចក្ដី​អាថ៌កំបាំង​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ គឺ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​សិរី​រុងរឿង។​
28 យើង​ប្រកាស​អំពី​ព្រះអង្គ​ ហើយ​ដាស់​តឿន​ និង​បង្រៀន​មនុស្ស​គ្រប់​គ្នា​ដោយ​ប្រាជ្ញា​សព្វ​បែប​យ៉ាង​ ដើម្បី​នាំ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ពេញវ័យ​នៅ​ក្នុង​ព្រះគ្រិស្ដ​
29 ហើយ​សម្រាប់​ការ​នេះ​ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​ ទាំង​តយុទ្ធ​ដោយ​អានុភាព​របស់​ព្រះអង្គ​ដែល​ធ្វើ​ការ​យ៉ាង​មាន​អំណាច​នៅ​ក្នុង​ខ្ញុំ។​

Currently Selected:

Colossians 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy