YouVersion Logo
Search Icon

Matthew 28

28
1 ព្រលឹម​ស្រាងៗ​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ក្រោយ​ថ្ងៃ​សប្ប័ទ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​បាន​មក​មើល​ផ្នូរ។​
2 ពេលនោះ​ ក៏​មាន​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ ដ្បិត​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចុះ​ពី​ស្ថានសួគ៌​មក​ ហើយ​ចូល​ទៅ​ជិត​ផ្នូរ​ ប្រមៀល​ថ្ម​បិទ​ផ្នូរ​នោះ​ចេញ​ និង​បាន​អង្គុយ​នៅ​លើ​ថ្ម​នោះ។​
3 រូបរាង​របស់​ទេវតា​នោះ​ភ្លឺ​ដូច​ជា​ផ្លេក​បន្ទោរ​ ហើយ​សម្លៀក​បំពាក់​ស​ដូច​ព្រឹល។​
4 ពួក​អ្នក​យាម​ភ័យ​ញ័រ​រន្ធត់​ដោយ​ខ្លាច​ទេវតា​នោះ​ ហើយ​ពួកគេ​ត្រលប់​ដូច​ជា​មនុស្ស​ស្លាប់។​
5 ទេវតា​នោះ​ក៏​និយាយ​ទៅ​ពួក​ស្ដ្រី​ទាំង​នោះ​ថា៖​ «កុំ​ខ្លាច​អី!​ ដ្បិត​ខ្ញុំ​ដឹង​ថា​ អ្នក​កំពុង​រក​ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ​
6 ព្រះអង្គ​មិន​នៅ​ទី​នេះទៀត​ទេ​ ដ្បិត​ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​រួច​ហើយ​ ចូរ​មក​មើល​កន្លែង​ដែល​គេ​ផ្ដេក​សព​ព្រះអង្គ​ចុះ​
7 ហើយ​ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ហើយ​ មើល៍​ ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទីនោះ។ មើល៍!​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ»។​
8 កាល​បាន​ចាក​ចេញ​ពី​ផ្នូរ​យ៉ាង​រហ័ស​ ទាំង​ភ័យ​អរ​ជា​ខ្លាំង​ផង​ នោះ​ពួក​នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​
9 ស្រាប់តែ​ព្រះយេស៊ូ​បាន​មក​ជួប​ពួក​នាង​ ទាំង​មាន​បន្ទូល​ថា៖​ «ជម្រាប​សួរ»។​ ពួក​នាង​បាន​ចូល​មក​ជិត​ចាប់​ឱប​បាទា​ព្រះអង្គ​ និង​បាន​ថ្វាយបង្គំ​ព្រះអង្គ។​
10 បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​នាង​ថា៖​ «កុំ​ខ្លាច​អី!​ ចូរ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ថា​ ឲ្យ​ពួកគេ​ទៅ​ស្រុក​កាលីឡេ​ចុះ​ ហើយ​ពួក​គេ​នឹង​ជួប​ខ្ញុំ​នៅ​ទី​នោះ»។​
11 កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ នោះ​ពួក​អ្នក​យាម​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​ពួក​សម្ដេច​សង្ឃ​អំពី​ហេតុ​ការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង។​
12 បន្ទាប់​ពី​ពួក​សម្ដេច​សង្ឃ​បាន​ពិគ្រោះ​គ្នា​នឹង​ពួក​ចាស់ទុំ​រួច​ហើយ​ ពួកគេ​ក៏​ឲ្យ​ប្រាក់​ជា​ច្រើន​ដល់​ពួក​ទាហាន​
13 ដោយ​ប្រាប់​ថា៖​ «ចូរ​និយាយ​ថា​ ពេល​យើង​កំពុង​ដេក​លក់​ ពួក​សិស្ស​របស់​វា​បាន​មក​លួច​យក​សព​របស់​វា​ទាំង​យប់​
14 ហើយ​បើ​រឿង​នេះ​ឮ​ដល់​លោក​អភិបាល​ យើង​នឹង​បញ្ចុះ​បញ្ចូល​គាត់​ មិន​ឲ្យ​អ្នក​រាល់គ្នា​មាន​បញ្ហា​ទេ»។​
15 ពួក​ទាហាន​ក៏​ទទួល​យក​ប្រាក់​ ហើយ​ធ្វើ​តាម​ដូច​ដែល​ពួកគេ​បង្គាប់។​ ដូច្នេះ​ រឿង​នេះ​ក៏​បាន​ឮ​សុសសាយ​ក្នុង​ចំណោម​ជនជាតិ​យូដា​រហូត​ដល់​សព្វថ្ងៃ។​
16 ពួក​សិស្ស​ទាំង​ដប់​មួយ​នាក់​បាន​ទៅ​ស្រុក​កាលីឡេ​ ឆ្ពោះ​ទៅ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ឲ្យ​ពួកគេ​ទៅ។​
17 កាល​ឃើញ​ព្រះអង្គ​ហើយ​ ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ​ ប៉ុន្ដែ​អ្នក​ខ្លះ​នៅ​តែ​សង្ស័យ​
18 នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ពួកគេ​ មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ទាំងអស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​
19 ដូច្នេះ​ ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះនាម​ព្រះវរបិតា​ ព្រះរាជ​បុត្រា​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​
20 ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់គ្នា​ ហើយ​មើល៍​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​រហូត​ដល់​អស់​កល្ប»៕​

Currently Selected:

Matthew 28: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy