YouVersion Logo
Search Icon

John 2

2
1 បី​ថ្ងៃ​ក្រោយ​មក​ មាន​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ម្ដាយ​របស់​ព្រះយេស៊ូ​ក៏​នៅ​ក្នុង​ពិធី​នោះ​ដែរ​
2 គេ​ក៏​អញ្ជើញ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គលការ​នោះ​ដែរ។​
3 នៅ​ពេល​អស់​ស្រា​ទំពាំងបាយជូរ​ ម្ដាយ​របស់​ព្រះយេស៊ូ​ប្រាប់​ព្រះអង្គ​ថា៖​ «អស់​ស្រាទំពាំងបាយជូរ​ហើយ»​
4 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ម្តាយ​អើយ!​ តើ​រឿង​នេះ​ទាក់ទង​អ្វី​នឹង​ខ្ញុំ​ ព្រមទាំង​អ្នក​ម្តាយ​ដែរ?​ ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ»​
5 ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ធ្វើ​តាម​អ្វី​ដែល​កូន​ខ្ញុំ​ប្រាប់​ចុះ»។​
6 នៅ​ទី​នោះ​ គេ​បាន​ដាក់​ពាង​ថ្ម​ប្រាំមួយ​សម្រាប់​ពិធី​ជម្រះ​កាយ​របស់​ជនជាតិ​យូដា​ ហើយ​ពាង​នីមួយៗ​មាន​ចំណុះ​ពីរ​ ឬ​បី​អម្រែក។​
7 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ចាក់​ទឹក​បំពេញ​ពាង​ទាំង​អស់​ទៅ!»​ ពួកគេ​ក៏​ចាក់​ទឹក​បំពេញ​ដល់​មាត់​ពាង។​
8 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឥឡូវ​នេះ​ ចូរ​ដង​ទឹក​ ហើយ​យក​ទៅ​ឲ្យ​មេការ​ចុះ»​ ពួកគេ​ក៏​ដង​ទឹក​ ហើយ​យក​ទៅ។​
9 ពេល​មេការ​បាន​ភ្លក់​ទឹក​ដែល​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​នោះ​ហើយ​ គាត់​ក៏​ហៅ​កូន​កំលោះ​មក​ (មេការ​នោះ​មិន​ដឹង​ថា​គេ​បាន​ស្រា​មកពី​ណា​ទេ​ ប៉ុន្ដែ​ពួកអ្នក​បម្រើ​ដែល​ដង​ទឹក​នោះ​ ពួកគេ​ដឹង)​
10 ប្រាប់​ថា៖​ «អ្នក​ផង​ទាំង​ពួង​តែងតែ​យក​ស្រា​ទំពាំងបាយជូរ​ល្អៗ​មក​ជូន​ជា​មុន​ លុះ​កាល​ណា​ផឹក​ស្រវឹង​ហើយ​ ទើប​គេ​យក​ស្រាទំពាំងបាយជូរ​មិន​សូវ​ល្អ​មក​ជូន​ជា​ក្រោយ​ ប៉ុន្ដែ​អ្នក​វិញ​ អ្នក​ទុក​ស្រា​ទំពាំងបាយជូរ​ល្អៗ​រហូត​ដល់​ពេល​នេះ»។​
11 នេះ​ជាទី​សំគាល់​អស្ចារ្យ​ដំបូង​បង្អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នៅ​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ ទាំង​បង្ហាញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿ​លើ​ព្រះអង្គ​
12 បន្ទាប់ពី​នេះ​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​កាពើណិម​ ហើយ​ម្ដាយ​ និង​ប្អូនៗ​ ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅ​ជាមួយ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​ថ្ងៃ​ទេ។​
13 ពេល​នោះ​ ថ្ងៃ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​កំពុង​ខិត​ជិត​មក​ដល់​ ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​
14 ហើយ​ពេល​ព្រះអង្គ​ឃើញ​ពួកអ្នក​លក់​គោ​ ចៀម​ និង​ព្រាប​ ព្រមទាំង​ពួកអ្នក​ប្ដូរ​ប្រាក់​កំពុង​អង្គុយ​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​
15 ព្រះអង្គ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់​ ដេញ​ពួកគេ​ទាំង​អស់​គ្នា​ចេញ​ពី​ព្រះវិហារ​ ទាំង​ចៀម​ ទាំង​គោ ​រួច​ព្រះអង្គ​ចាក់​ប្រាក់​របស់​ពួកអ្នក​ប្ដូរ​ប្រាក់​ចោល​ ព្រមទាំង​ផ្កាប់​តុ​ទាំង​នោះ​ទៀត​ផង​
16 បន្ទាប់​មក ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖​ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ​ កុំ​យក​ដំណាក់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ឲ្យ​សោះ»​
17 ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​នឹក​ចាំ​ពី​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ថា​ ការ​ខ្វល់ខ្វាយ​ចំពោះ​ដំណាក់​របស់​ព្រះអង្គ​នឹង​បំផ្លាញ​ខ្ញុំ។​
18 ពេល​នោះ​ ពួក​ជនជាតិ​យូដា​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​ធ្វើ​បែប​នេះ​ តើ​លោក​បង្ហាញ​ទី​សំគាល់​អ្វី​ដល់​យើង?»​
19 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ​ នោះ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»​
20 ដូច្នេះ​ ពួក​ជនជាតិ​យូដា​ឆ្លើយ​វិញ​ថា៖​ «គេ​ចំណាយ​ពេល​សែសិប​ប្រាំមួយ​ឆ្នាំ​ ដើម្បី​សង់​ព្រះវិហារ​នេះ​ រីឯ​អ្នក​វិញ​ តើ​អ្នក​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​ឬ?»​
21 គឺ​ព្រះអង្គ​កំពុង​មាន​បន្ទូល​ អំពី​ព្រះវិហារ​ ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​
22 ដូច្នេះ​ហើយ​ ពេល​ព្រះអង្គ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​នឹក​ចាំ​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នេះ​ ហើយ​ពួកគេ​ក៏​ជឿ​លើ​បទគម្ពីរ​ និង​ពាក្យ​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល។​
23 កាល​ព្រះអង្គ​គង់​ក្នុង​ក្រុង​យេរូសាឡិម​នា​ពេល​បុណ្យ​រំលង​ នោះ​មាន​មនុស្ស​ជាច្រើន​ជឿ​លើ​ព្រះនាម​របស់​ព្រះ​អង្គ​ ដោយ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ។​
24 រីឯ​ព្រះយេស៊ូ​វិញ​ មិន​ទុក​ចិត្ត​ពួកគេ​ទេ​ ដ្បិត​ព្រះអង្គ​ស្គាល់​មនុស្ស​ទាំង​អស់​
25 ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ត្រូវ​ការ​ឲ្យ​អ្នកណា​ធ្វើ​បន្ទាល់​អំពី​មនុស្ស​ទេ​ ព្រោះ​ព្រះអង្គ​ជ្រាប​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ដ​របស់​ពួកគេ។​

Currently Selected:

John 2: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy