YouVersion Logo
Search Icon

John 10

10
1 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ​ ប៉ុន្ដែ​ឡើង​តាម​កន្លែង​ផ្សេង​ អ្នក​នោះ​ជា​ចោរ​លួច​ ចោរ​ប្លន់​
2 រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ​វិញ​ អ្នក​នោះ​ជា​អ្នក​គង្វាល​ចៀម​
3 ហើយ​អ្នក​យាម​ទ្វារ​ក៏​បើក​ទ្វារ​ឲ្យ​គាត់​ចូល​ ឯ​ចៀម​ស្តាប់​សំឡេង​របស់​គាត់​ រួច​គាត់​ហៅ​ចៀម​របស់​គាត់​តាម​ឈ្មោះ​ ហើយ​នាំ​ចេញ​ទៅ​ក្រៅ។​
4 ពេល​គាត់​បញ្ចេញ​ចៀម​របស់​គាត់​អស់​ហើយ​ គាត់​ដើរ​មុន​វា​ ហើយ​ចៀម​ដើរ​តាម​ក្រោយ​គាត់​ ព្រោះ​ពួកវា​ស្គាល់​សំឡេង​របស់​គាត់​
5 ពួកវា​នឹង​មិន​តាម​អ្នក​ដទៃ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ពួកវា​នឹង​រត់​ចេញ​ពី​អ្នក​នោះ​ ព្រោះ​ពួកវា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ទេ»។​
6 ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​ពួកគេ​ ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​យល់​អំពី​អ្វី​ដែល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ទេ‍។​
7 ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀម​
8 អស់​អ្នក​ដែល​មក​មុន​ខ្ញុំ​ សុទ្ធ​តែ​ជា​ចោរ​លួច​ ចោរ​ប្លន់​ ប៉ុន្ដែ​ចៀម​មិន​បាន​ស្តាប់​អ្នក​ទាំង​នោះ​ឡើយ។​
9 ខ្ញុំ​ជា​ទ្វារ បើ​អ្នកណា​ចូល​តាម​ខ្ញុំ​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ ព្រមទាំង​ចេញ​ចូល​បាន​ ហើយ​នឹង​រក​ឃើញ​វាល​ស្មៅ។​
10 ចោរ​វា​មក​ដើម្បី​លួច​ សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ​ រីឯ​ខ្ញុំ​វិញ​ ខ្ញុំ​មក​ដើម្បី​ឲ្យ​ពួកវា​មាន​ជីវិត​ ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ​ផង។​
11 ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ អ្នក​គង្វាល​ល្អ​លះ​បង់​ជីវិត​របស់​ខ្លួន​ដើម្បី​ចៀម​
12 រីឯ​អ្នក​ស៊ី​ឈ្នួល​ដែល​មិន​មែន​ជា​អ្នក​គង្វាល​ គឺ​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ ពេលណា​ពួកគេ​ឃើញ​ចចក​មក​ នោះ​ពួកគេ​ក៏​រត់​ចោល​ចៀម​ បណ្ដោយ​ឲ្យ​ចចក​ឆក់​យក​ចៀម​ ហើយ​ដេញ​ចៀម​ខ្ចាត់ខ្ចាយ​
13 ព្រោះ​ពួកគេ​ជា​អ្នក​ស៊ី​ឈ្នួល​ ពួកគេ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ចៀម​ឡើយ។​
14 ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ​ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​
15 ដូច​ដែល​ព្រះ​វរ​បិតា​ស្គាល់​ខ្ញុំ​ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​វរ​បិតា​ដែរ។​ ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ចៀម។​
16 ខ្ញុំ​នៅ​មាន​ចៀម​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​ ហើយ​ពួកវា​នឹង​ស្តាប់​សំឡេង​របស់​ខ្ញុំ​ រួច​ពួកវា​ក៏​ត្រលប់​ជា​ហ្វូង​តែមួយ​ដោយ​មាន​អ្នក​គង្វាល​តែ​ម្នាក់។​
17 ហេតុនេះ​ហើយ​បាន​ជា​ព្រះ​វរ​បិតា​ស្រឡាញ់​ខ្ញុំ​ ព្រោះ​ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​បាន​ជីវិត​មក​វិញ​
18 គ្មាន​អ្នកណា​ដក​យក​ជីវិត​ពី​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​លះបង់​ជីវិត​ដោយ​ខ្លួន​ខ្ញុំ​វិញ​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​លះបង់​ជីវិត​នេះ​ ហើយ​ក៏​មាន​សិទ្ធិ​អំណាច​ទទួល​យក​វិញ​ដែរ​ ហើយ​សេចក្ដី​បង្គាប់​នេះ​ ខ្ញុំ​បាន​ទទួល​ពី​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មក»។​
19 ដោយសារ​តែ​ពាក្យ​ទាំង​នេះ​ មាន​ការ​បែក​បាក់​គ្នា​ម្ដង​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​
20 ហើយ​ពួកគេ​ជាច្រើន​និយាយ​ថា៖​ «អ្នក​នេះ​មាន​អារក្ស​ចូល​រហូត​ដល់​ឆ្កួត​ហើយ​ ហេតុអ្វី​បាន​ជា​ពួកអ្នក​ស្តាប់​វា?»​
21 ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​សំដី​របស់​មនុស្ស​អារក្ស​ចូល​ទេ​ តើ​អារក្ស​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ​បាន​ដែរ​ឬ​ទេ?»
22 ពេល​នោះ​ជា​រដូវ​រងា​ ហើយ​ពួកគេ​កំពុង​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡិម​
23 ហើយ​នៅ​ក្នុង​ព្រះវិហារ​ ព្រះយេស៊ូ​កំពុង​យាង​ចុះ​ឡើង​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​
24 នោះ​មាន​ពួក​ជនជាតិ​យូដា​ចោម​រោម​ព្រះអង្គ​ ទាំង​ទូល​សួរ​ថា៖​ «តើ​ឲ្យ​ចិត្ដ​របស់​យើង​នៅ​រារែក​ដល់​ពេលណា?​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន​ សូម​ប្រាប់​យើង​ត្រង់ៗ​មក»​
25 ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ ហើយ​កិច្ចការ​ទាំង​ប៉ុន្មាន​ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ក៏​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ​
26 ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ​ ព្រោះ​អ្នក​រាល់គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​
27 ដ្បិត​ចៀម​របស់​ខ្ញុំ​ស្តាប់​សំឡេង​របស់​ខ្ញុំ​ ឯ​ខ្ញុំ​ក៏​ស្គាល់​ពួកវា​ ហើយ​ពួកវា​ក៏​មក​តាម​ខ្ញុំ​
28 រួច​ខ្ញុំ​ឲ្យ​ជីវិត​អស់កល្ប​ជានិច្ច​ដល់​ពួកវា​ នោះ​ពួកវា​មិន​ត្រូវ​វិនាស​ឡើយ​រហូត​អស់កល្ប​ ហើយ​គ្មាន​អ្នកណា​នឹង​ឆក់​យក​ពួកវា​ពី​ដៃ​របស់​ខ្ញុំ​បាន​ឡើយ​
29 រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ប្រទាន​ពួកវា​មក​ឲ្យ​ខ្ញុំ​ ព្រះអង្គ​ធំ​ជាង​អ្វីៗ​ទាំង​អស់​ ដូច្នេះ​គ្មាន​អ្នកណា​អាច​ឆក់​យក​ពួកវា​ពី​ព្រះហស្ត​របស់​ព្រះ​វរ​បិតា​បាន​ឡើយ​
30 ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​
31 ពួក​ជនជាតិ​យូដា​ក៏​រើស​ដុំ​ថ្ម​ម្ដង​ទៀត​ដើម្បី​គប់​ព្រះអង្គ​
32 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​កិច្ចការ​ល្អ​ជាច្រើន​ដែល​មកពី​ព្រះ​វរ​បិតា​ តើ​ដោយ​ព្រោះ​កិច្ចការ​ណា​មួយ​ឬ​ ទើប​អ្នក​រាល់គ្នា​រក​គប់​ខ្ញុំ​នឹង​ដុំ​ថ្ម​ដូច្នេះ?»​
33 ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖​ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ល្អ​ណា​មួយ​ទេ​ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដ្បិត​អ្នក​ជា​មនុស្ស​ ហើយ​តាំង​ខ្លួន​ឯង​ជា​ព្រះជាម្ចាស់»។​
34 ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ទេ​ឬ​ថា​ យើង​ប្រាប់​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​ព្រះ?​
35 គេ​មិន​អាច​លុប​បទគម្ពីរ​បាន​ជា​ដាច់ខាត​ ដូច្នេះ​បើ​ព្រះជាម្ចាស់​ហៅ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​ទាំង​នោះ​ថា​ ព្រះ​
36 ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​
37 បើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ទេ​ ចូរ​កុំ​ជឿ​ខ្ញុំ​ឡើយ​
38 ផ្ទុយ​ទៅ​វិញ​បើ​ខ្ញុំ​ធ្វើ​ នោះ​ទោះ​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​ក្ដី​ ចូរ​ជឿ​លើ​កិច្ចការ​ទាំង​នោះ​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ដឹង​ ហើយ​យល់​ថែម​ទៀត​ថា​ ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ព្រះ​វរ​បិតា​ដែរ»។​
39 ពេល​នោះ​ ពួកគេ​រក​ចាប់​ព្រះអង្គ​ម្តង​ទៀត​ ប៉ុន្ដែ​ព្រះអង្គ​បាន​គេច​ផុត​ពី​ពួកគេ​
40 ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់​ម្ដង​ទៀត​ ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​កាល​ពីមុន​ ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​
41 រួច​មាន​មនុស្ស​ជាច្រើន​មក​រក​ព្រះអង្គ​ ហើយ​និយាយ​ថា៖​ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ណា​មួយ​ទេ​ ប៉ុន្ដែ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​អ្នក​នេះសុទ្ធ​តែ​ពិត​ទាំង​អស់»​
42 ដូច្នេះមាន​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ​នៅ​ទីនោះ​។

Currently Selected:

John 10: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy